ផលិតផលខ្មែរ

ទិវានៃក្តីស្រឡាញ់ ក្រសួងកសិកម្មរៀបចំដាក់តាំងលក់បន្លែ និងអាហារសុវត្ថិភាព ដើម្បីផ្តល់ក្តីស្រឡាញ់ផ្នែកសុខភាព និងលើកកម្ពស់ផលិតផលខ្មែរ


ដើម្បីផ្តល់ក្ដីស្រឡាញ់ផ្នែកសុខភាពដល់ប្រជាពលរដ្ឋខ្មែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់ បានរៀបចំដាក់តាំងលក់បន្លែ និងអាហារសុវត្ថិភាពសរីរាង្គជាច្រើន ដែលដាំដោយកសិករតាមសហគមន៍នានា។
ផលិតផលខ្មែរ
ដោយ

ក្រុមអាជីវករ អះអាងថា ការជ្រើសរើសផ្តល់ជូនបាច់បន្លែ ឬកន្ត្រកបន្លែសុវត្ថិភាពជំនួសឱ្យបាច់ផ្កានេះ គឺជាការផ្តល់នូវក្តីស្រឡាញ់ដ៏មានអត្ថន័យ ដ្បិតថា មិនត្រឹមតែទទួលបាននូវអាហារដែលមានសុវត្ថិភាពនោះទេ ថែមទាំងជួយគាំទ្រដល់ផលិតផលសរីរាង្គខ្មែរទៀតផង។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំឱ្យមានការដាក់តាំងលក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គផ្សេងៗ នៅថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់នេះ គឺដើម្បីលើកទឹកចិត្ត និងជំរុញឱ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋ ទិញបន្លែសុវត្ថិភាពជូនចំពោះមនុស្សជាទីស្រឡាញ់។

លោកជំទាវ បានបន្ថែមទៀតថា ការផ្តល់ជូនបាច់បន្លែ ឬកន្ត្រកបន្លែសុវត្ថិភាពជំនួសបាច់ផ្កា មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទិញជូនដល់អ្នកទទួលប៉ុណ្ណោះទេ ថែមទាំងបានជួយគាំទ្រដល់ប្រជាកសិករដែលខិតខំប្រឹងប្រែងដាំដុះ និងផលិតនូវផលិតផលកសិផលរបស់ពួកគេផងដែរ។

ជាមួយគ្នានេះ ក្រុមអាជីករបានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបាននាំយកបន្លែ និងអាហារសុវត្ថិភាពរបស់ប្រជាកសិករខ្មែរយកមកដាក់លក់នាឱកាសទិវានៃក្តីស្រឡាញ់នេះ ដ្បិតថា ប្រជាពលរដ្ឋអាចទិញបន្លែល្អៗ និងមានសុវត្ថិភាពជូនដល់អ្នកមានគុណ ឬមនុស្សជាទីស្រឡាញ់ជំនួសដោយការទិញផ្កា ជាពិសេសជួយឱ្យពួកគេទទួលបាននូវសុខភាពល្អ។ ក្រុមអាជីករ បានអះអាងថា ការដាក់តាំងលក់នាឱកាសនេះ គឺពិតជាទទួលបានការគាំទ្រច្រើនពីអតិថិជន និងប្រជាពលរដ្ឋទូទៅ ខណៈដែលប្រជាពលរដ្ឋបច្ចុប្បន្នមានការយល់ដឹង និងគាំទ្រច្រើនក្នុងការប្រើប្រាស់បន្លែសុវត្ថិភាពសរីរាង្គនេះ។

យ៉ាងណាមិញ ក្រុមអាជីវករ ក៏បានអះអាងដែរថា តាមរយៈការគាំទ្រនូវបន្លែ និងអាហារសុវត្ថិភាពសរីរាង្គទាំងនេះ វាក៏បានចូលរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ តាមរយៈការប្រមូលទិញពីប្រជាកសិករនៅតាមបណ្តាសហគមន៍នានា ក៏ដូចជាតាមរយៈកិច្ចសន្យាកសិកម្មទិញលក់ជាមួយក្រុមហ៊ុនជាដើម។

យ៉ាងណាមិញ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រៅពីការរៀបចំឱ្យមានការដាក់តាំងលក់នូវផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គនៅមុខបរិវេណក្រសួងនាថ្ងៃនេះ ក្រសួងកសិកម្ម ក៏មានកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ និងពង្រីកទីផ្សារផលិតផលកិសកម្មខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស ក៏ដូចជាម្ចាស់ផលិតផលកសិកម្មទាំងអស់ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកមកកែច្នៃសម្រាប់វេចខ្ចប់ ដ្បិតវាអាចជួយបង្កើនភាពទាក់ទាញ និងកាត់បន្ថយការចំណាយ។

សូមជម្រាបថា នេះជាឆ្នាំទី២ហើយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីនេះឡើង ដោយមានស្តង់ចូលរួមចំនួន២១ស្តង់។ ហើយចំនួននេះកើនឡើងជាងឆ្នាំមុន បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងសំណូមពរពីសហគ្រាស កសិដ្ឋាន ដែលដាំដុះ និងផលិតកែច្នៃផលិតផលកសិកម្ម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទិវានៃក្ដីស្រលាញ់ ឬ Valentine's Day មានអត្ថន័យពិតប្រាកដបែបណា ហើយមានប៉ុន្មានប្រទេសដែលប្រារព្ធពិធីបុណ្យនេះ?

ព័ត៌មាន
មកដល់ពេលនេះ អត្ថន័យ និងប្រតិកម្មចំពោះបុណ្យនៃសេចក្ដីស្រឡាញ់ ឬ Valentine's Day ត្រូវបានគេយល់ដឹងនិងមើលឃើញស្ទើរតែគ្រប់គ្នាក្នុងសង្គមខ្មែរ។ ប្រ…

សហភាពអឺរ៉ុបចាប់ផ្តើមចាត់វិធានការលើទ្រព្យបង្កករបស់រុស្ស៊ី ដើម្បីយកទៅជួយអ៊ុយក្រែន

ព័ត៌មាន
សហភាពអឺរ៉ុបបានអនុម័តច្បាប់មួយ ដើម្បីបើកផ្លូវឲ្យសមាជិករបស់ខ្លួនអាចប្រើប្រាស់ប្រាក់ចំណេញដែលទទួលបានពីប្រាក់បង្កករបស់រុស្ស៊ី ដើម្បីយកទៅជួយទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ