ក្រសួងប្រៃសណីយ៍ប្រាប់ឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា

ក្រសួងប្រៃសណីយ៍ប្រាប់ឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ដែលបង្កផលប៉ះពាល់ខ្លាំងដល់សេវាទូរសព្ទចល័ត


ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី ២៦កក្កដានេះ ស្ដីពីការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេវា ដែលវាមានផលប៉ះពាល់ខ្លាំងដល់សេវាទូរសព្ទចល័ត និងធ្វើឱ្យប៉ះពាល់ខ្លាំងដល់កម្រិតគុណភាពសេវាទូរសព្ទចល័ត ពិសេសនៅក្នុងបរិវេនបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ។
ក្រសួងប្រៃសណីយ៍ប្រាប់ឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ដែលបង្កផលប៉ះពាល់ខ្លាំងដល់សេវាទូរសព្ទចល័ត

បើ​តាម​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ករណី​រក​ឃើញ​ថា មានការ​បង្កើត ដំឡើង ប្រើប្រាស់ ឬ​ការ​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាញ​ទូរគមនាគមន៍ ឬ​គ្រឿង​សម្ភារៈ​បរិក្ខារ​ទូរគមនាគមន៍ ដើម្បី​បង្ក​ការ​កាត់​ផ្តាច់ ការ​រំខាន ឬ​បង្ក​ការ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ នោះ​បុគ្គល​ដែល​ប្រព្រឹត្តិ នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល​។

បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នា​ថ្ងៃ​ទី​២៦ ខែកក្កដា តាម​រយៈ​ការ​ចុះ​ត្រួតពិនិត្យ​ហ្វ្រេ​កង់​ស៍​វិទ្យុ និង​ធ្វើការ​វាស់​ស្ទង់​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត នៅ​ក្នុង​បរិ​វេន​បុរី​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ក្រសួង​បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ឬ​ឧបករណ៍​ពង្រីក​សេវា ដែល​បាន​បង្ក​ការ​ឆ្លង​រំខាន និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ទៅ​ដល់​កម្រិត​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត​នៅ​ក្នុង​តំបន់​នោះ​។ ដូច្នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ឬ​ឧបករណ៍​ពង្រីក​សេវា ឲ្យ​រុះរើ ដក​ចេញ និង​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ ដោយ​ខ្លួនឯង នៅ​តាម​ផ្ទះ​របស់​ខ្លួន​។

លើស​ពី​នោះ ក្រសួង​ក៏​បាន​ស្នើ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បញ្ឈប់​ការ​នាំ​ចូល​ឧបករណ៍​បង្កើន​កម្លាំង​សេវា ឬ​ឧបករណ៍​ពង្រីក​សេវា​គ្រប់​ប្រភេទ ដែល​ពុំ​មានការ​ទទួលស្គាល់ ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ជា​បន្ទាន់ ចៀសវាង​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់​។

ឯកឧត្តម លីវ សុ​ផា​ណា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​គូសបញ្ជាក់​ថា តាម​រយៈ​ការ​ចុះ​វាស់​ស្ទង់​សេវា​ទូរ​សព្ទ​ចល័ត ក៏​ដូច​ជា ការ​វាស់​ស្ទង់​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត នៅ​ក្នុង​បរិវេណ​បុរី មួយ​ចំនួន នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រសួង​បាន​ធ្វើការ​សន្មត់​បាន​ថា ឧបករណ៍​បង្កើន​កម្លាំង​សេវា ឬ​ពង្រីក​សេវា បាន​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​កម្រិត​សេវា​ទូរ​សព្ទ​នៅ​ក្នុង​តំបន់​នោះ​។

បើ​តាម ឯកឧត្តម លីវ សុ​ផា​ណា​រិ​ទ្ធ ក្រោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​សហការ​ជាមួយ​ម្ចាស់​បុរី ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​តំបន់​ដែល​បាន​តម្លើង​ឧបករណ៍​បង្កើន​កម្លាំង​សេវា ឬ​ពង្រីក​សេវា ក៏​ពិតមែន តែ​វា​មិន​បាន​ជួយ​ឲ្យ​តំបន់​នោះ​មាន​សេវា​នោះ​ទេ តែ​វា​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កម្រិត​សេវា​ទូរ​សព្ទ​នៅ​តំបន់​នោះ​ទៅ​វិញ ដូច្នេះ ហើយ​ការ​ដក ឬ​រុះរើ ឧបករណ៍​ខាងលើ​គឺជា​ដំណោះស្រាយ​ដ៏​ប្រសើរ ដើម្បី​លើកកម្ពស់​គុណភាព​កម្រិត​សេវា​ទូរ​សព្ទ​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា យោង​តាម​មាត្រា​៨៤ នៃ​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍ បាន​ចែង​ថា «​ការ​បង្កើត ការ​ដំឡើង ការ​ប្រើប្រាស់ ឬ​ការ​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​និង​បណ្តាញ​ទូរគមនាគមន៍ ឬ​គ្រឿង​សម្ភារៈ​បរិក្ខារ​ទូរគមនាគមន៍ ដើម្បី​បង្ក​ការ​កាត់​ផ្តាច់ ការ​រំខាន ឬ​ការ​ជ្រៀតជ្រែក​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ទូរគមនាគមន៍ ឬ​បង្ក​ការ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល​។

យ៉ាងណាមិញ ដើម្បី​លើកកម្ពស់​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត នៅ​កម្ពុជា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រកាស​សាងសង់​ស្ថានីយ​អង់​តែ​ន​ចំនួន​១០០ នៅ​តាម​តំបន់​គោលដៅ​ទេសចរណ៍​អាទិភាព និង​តំបន់​ទេសចរណ៍​ដាច់​ស្រយាល ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បម្រើសេវា​ទូរ​សព្ទ​បង្កើន​គុណភាព​សេវា​របស់​ខ្លួន​ទាំង​នៅ​ជនបទ និង​ទីប្រជុំជន​៕




អត្ថបទបន្ទាប់


សន្ទស្សន៍តម្លៃលំនៅឋាននៅភ្នំពេញកើនឡើងជាង៣% ខណៈនៅតាមខេត្តថយចុះជាង៤% នៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
ធនាគារជាតិ នៃកម្ពុជា បានវាយតម្លៃថា តម្លៃលំនៅឋាននៅកម្ពុជាពុំមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេនៅឆមាសទី១ឆ្នាំ២០២២ ទោះបីកម្ពុជាបានទទួលរ…

តើមានកត្តាអ្វីខ្លះជំរុញឲ្យតម្លៃប្រេងឆៅពិភពលោកនឹងធ្លាក់ចុះបន្ថែមទៀតនៅសប្ដាហ៍នេះ?

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោក ត្រូវបានគេរំពឹងថា នឹងបន្ដធ្លាក់ចុះបន្ថែមទៀតនៅសប្ដាហ៍នេះ ដែលអាចនឹងមានតម្លៃមកនៅត្រឹមចន្លោះពី ៩៨ ទៅ១០០ដុល្លារក្នុងមួយធុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ