មីយ៉ាន់ម៉ាសោកស្តាយដែលមិនបានប្រជុំអាស៊ាន

មីយ៉ាន់ម៉ាហៅការមិនអញ្ជើញរដ្ឋមន្ត្រីខ្លួនឲ្យចូលរួមប្រជុំអាស៊ានថា «ជារឿងគួរឲ្យសោកស្តាយ»


រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃច័ន្ទទី១៤កុម្ភៈនិយាយថា ពួកគេនឹងមិនចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃនេះឡើយ ហើយបានហៅការដែលអាស៊ានមិនបានអញ្ជើញរដ្ឋមន្ត្រីរបស់ខ្លួនឲ្យមកចូលរួម ថាជារឿងគួរឲ្យសោកស្តាយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
:មីយ៉ាន់ម៉ាសោកស្តាយដែលមិនបានប្រជុំអាស៊ាន
ដោយ

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានចំនួន៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ១៦ និងទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ ក្នុងនោះកិច្ចប្រជុំសំខាន់ៗរួមមានកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងធ្វើឡើងនៅថ្ងៃទី១៦ និង១៧កុម្ភៈ ខណៈថ្ងៃទី១៥ជាថ្ងៃដំបូង គឺជាការមកដល់នៃគណៈប្រតិភូរដ្ឋមន្ត្រីការបរទេសសមាជិកអាស៊ាននានាប៉ុណ្ណោះ។ នេះបើយោងតាមផែនការសកម្មភាព និងរបៀបវារៈនៃកិច្ចប្រជុំចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា។

យ៉ាងណាមិញកិច្ចប្រជុំនេះ ធ្វើឡើងដោយអវត្តមានរដ្ឋមន្ត្រីការបរទេស​នៃយោធាមីយ៉ាន់ម៉ា។ ការដែលអាស៊ាន មិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាឲ្យចូលរួមកិច្ចប្រជុំ គឺក្រោមហេតុផល ប្រទេសនេះ​មានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀងដំណោះស្រាយជាឯកច្ឆន្ទទាំង៥ចំណុចដែលអាស៊ានបានផ្តល់ឲ្យ តាំងតែពីខែមេសាឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសមីយ៉ាន់ម៉ាចេញផ្សាយនៅយប់ថ្ងៃចន្ទបានគូសបញ្ជាក់ថា​ «ទោះបីជាមានការខិតខំប្រឹងប្រែង​របស់ប្រធានអាស៊ាន និងមីយ៉ាន់ម៉ា ក្នុងការលើកកម្ពស់កិ​ច្ចសហប្រតិបត្តិការ​ក្នុង​សមាគមន៍​អាស៊ានក៏​ដោយ វាពិតជាគួរឱ្យសោកស្ដាយដែលការសម្រេចចិត្តមិនអញ្ជើញថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ដែលធ្លាប់ធ្វើឡើងកាលពីឆ្នាំមុន បានកើតឡើងម្តងទៀត ហើយដែលជាគោលការណ៍​មីយ៉ាន់ម៉ា​​មិនអាចទទួលយក​បានឡើយ»។ 

សេចក្តីថ្លែងការណ៍ដដែលបន្តថា «ក្នុងន័យនេះ វាបង្ហាញពីអសមត្ថភាពរបស់មីយ៉ាន់ម៉ា ក្នុងការចូលរួម ឬសូម្បីតែតែងតាំងអ្នកតំណាងមិនមែននយោបាយឲ្យចូលរួម ប្រការទាំងនេះគឺផ្ទុយស្រលះនឹងគោលការណ៍អាស៊ាន និងភាពជាតំណាងស្មើភាពក្នុងកិច្ចប្រជុំអាស៊ាន»។

គួររំឭកថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​ដែលប្រ៊ុយណេ​ធ្វើជាប្រធាន កាលពីខែតុលាឆ្នាំ២០២១ ក៏មិនបានអញ្ជើញមេដឹកនាំយោធា​លោក ម៊ីន អ៊ុងឡាំង អោយចូលរួមផងដែរ ដោយបានអនុញ្ញាតឲ្យអ្នកតំណាងមិនពាក់ព័ន្ធ​នឹងនយោបាយ​ចូលរួមជំនួស ប៉ុន្តែមិនមានបេក្ខភាពណាម្នាក់បង្ហាញវត្តមានឡើយកាលពីពេលនោះ។

រីឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ បានសម្រេចកោះអញ្ជើញតំណាង មីយ៉ាន់ម៉ាដែលមិនមែនជាអ្នកនយោបាយឲ្យចូលរួមប្រជុំដូចគ្នា ក៏ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបពីភាគីមីយ៉ាន់ម៉ានៅឡើយ ខណៈដែលប្រទេសសមាជិកអាស៊ានចំនួន​៨ផ្សេងទៀត​បាន​បញ្ជាក់​ពី​ការ​ចូលរួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ានរួច​ហើយ ក្នុងនោះថៃ និងប្រ៊ុយណេបានត្រឹមចូលរួមតាមអនឡាញប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់ ដោយក្រសួងការបរទេសកម្ពុជា។

សូមជម្រាបថា បន្ទាប់ពីពន្យារ​ពេលម្តងរួចមកហើយកាលពីខែមករា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយប្តូរពីការធ្វើឡើង​នៅខេត្តសៀមរាប មកធ្វើនៅរាជធានីភ្នំពេញវិញ ចាប់ពីថ្ងៃទី១៥កុម្ភៈនេះ ដល់ថ្ងៃទី១៧កុម្ភៈឆ្នាំ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Foxconnនឹងសាងសង់រោងចក្រផលិតបន្ទះឈីបនៅឥណ្ឌា ក្រោមការចាប់ដៃគូរជាមួយក្រុមហ៊ុនក្នុងស្រុក

ព័ត៌មាន
ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំដ៏ធំមួយសម្រាប់ក្រុមហ៊ុន Apple បានអះអាងថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះឈីបជាមួយនឹង…

អាជ្ញាធរ ដាក់ដេញថ្លៃប្រមូលផល អនុផលព្រឈើនៅអាងស្ដុកទឹកនៃគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១

ព័ត៌មាន
ក្រុមការងារចម្រុះដេញថ្លៃ ប្រមូលផល អនុផលព្រៃឈើ ក្នុងការសម្អាតអាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងធ្វើការដាក់ដេញថ្លៃជាសាធារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ