ព្យាករណ៍សេដ្ឋកិច្ច​កម្ពុជា

ធនាគារជាតិកម្ពុជា៖ បើមានវ៉ាក់សាំងនៅឆមាសទី១ ឆ្នាំ២០២១ នោះសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ ៤%


សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានធនាគារជាតិនៃកម្ពុជារំពឹងទុកថា អាចនឹងងើបឡើងវិញនៅក្នុងរង្វង់ ៤% ក្នុងបរិការណ៍ដែលមានថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ មានប្រសិទ្ធភាព និងអាចទប់ស្កាត់ការរីករាលដាលនៃមេរោគបាន នៅក្នុងឆមាសទី១ នៅឆ្នាំ២០២១។ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាព្យាករថានៅឆ្នាំ២០២០ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងមានក្នុងចន្លោះ -២% ទៅដល់ -៤%។
ទិដ្ឋភាពរាជធានីភ្នំពេញ (រូបភាព៖ Wikipedia)
ដោយ

របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និងវិស័យ​ធនាគារ​ឆ្នាំ២០២០ និងទស្សនវិស័យ​ឆ្នាំ២០២១ របស់​ធនាគារ​ជាតិ​នៃកម្ពុជា​ដែលបាន​ចេញផ្សាយ​នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ បាន​ឲ្យដឹងទៀតថា ទន្ទឹម​នឹង​ការទទួលបាន​កំណើន​ងើបឡើងវិញ​ក្នុងរង្វង់​៤% នៅឆ្នាំក្រោយ២០២១ អត្រា​អតិផរណា​រំពឹងថា មានកម្រិត​ក្រោម​៣% ដែលជាកម្រិតទាប​អាចគ្រប់គ្រងបាន ជាមួយនឹង​ស្ថិរភាព​អត្រាប្ដូរប្រាក់ និងការរក្សាបាន​កម្រិត​ខ្ពស់​នៃទុនបម្រុង​អន្តរជាតិ។ ដោយឡែក ចំពោះ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា ក៏បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ២០២១ដែរថា នឹង​អាច​សម្រេចបាន​ពី ៤% ទៅ៦,៨%។

ទោះយ៉ាងណា ការព្យាករទាំងនេះ អាស្រ័យ​ជាចម្បង​លើ​ប្រសិទ្ធភាព​នៃ​ថ្នាំបង្ការ, ល្បឿននៃការងើបឡើងវិញ​នៃកំណើន​ក្នុងប្រទេស​ជាដៃគូ​សេដ្ឋកិច្ចជាមួយ​កម្ពុជា និងការពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​ក្នុងស្រុក។

បើតាម​ធនាគារជាតិ​នៃកម្ពុជា នៅឆ្នាំ ២០២១ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​រំពឹងថា សេដ្ឋកិច្ច​ពិភពលោក អាចងើបឡើងវិញ ប៉ុន្ដែ​មានភាព​មិនស្មើសាច់នៅឡើយ និងអាចប្រឈម​នឹង​ភាព​មិនប្រាកប្រជាខ្ពស់។ បញ្ហា​ទាំងនេះ អាចនឹង​បន្ដ​ដាក់សម្ពាធ​លើ​វិស័យ​ខាងក្រៅរបស់​កម្ពុជា ដែលក្នុងនោះ វិស័យ​ទេសចរណ៍ អាច​បន្ដ​ធ្លាក់ចុះ​ដោយសារតែ​ការទទួលបាន​ថ្នាំ​បង្ការ​ទាមទារ​នូវពេលវេលា, ការលេចចេញ​មេរោគកូវីដ-១៩ ប្រភេទថ្មី និងការ​ភ័យខ្លាច​ក្នុងការចេញ​ធ្វើដំណើរ​របស់ភ្ញៀវ​ទេសចរ​អន្តរជាតិ និងការថយ​ចុះប្រាក់​ចំណូល និងសន្សំ​របស់​ពួកគេ​ជាដើម។ វិស័យកម្មន្ដសាល រំពឹងថា​នឹង​ងើបឡើង​ជាលំដាប់ ជាពិសេស​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និងស្បែកជើង ខណៈវិស័យ​កសិកម្ម​រំពឹងថា នឹងបន្ដ​មានកំណើន​ល្អ​ដូចឆ្នាំ​២០២០ដែរ។ 

វិស័យសំណង់ និងអចលនទ្រព្យ​រំពឹងថា នឹងងើបឡើង​សន្សឹមៗ ស្របពេល​ជាមួយនឹង​កំណើន​វិនិយោគ​ផ្ទាល់​ពីបរទេស, ការងើបឡើងវិញ​នៃចំណូល​ និងការរំពឹងទុកពីការ​រីកចម្រើន​ជារួម​នាពេល​អនាគត។ ម្យ៉ាងទៀត វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជា​វិស័យ​ដឹកជញ្ជូន នឹងអាច​បន្ដ​កើនឡើងវិញ ប៉ុន្ដែ​ក្នុងល្បឿនយឺត ដោយសារតែ​ការធ្លាក់ចុះ​ទេសចរ​អន្តរជាតិ។

សូមបញ្ជាក់ថា តាមការអះអាង​របស់ធនាគារជាតិ​ នៅឆ្នាំ២០២០ វិស័យ​ដែលទទួល​រង​ការធ្លាក់ចុះ​ខ្លាំងជាងគេ​ រួមមាន វិស័យទេសចរណ៍ ការនាំចេញ​សម្លៀកបំពាក់​និងស្បែកជើង បន្ទាប់មក​គឺវិស័យ​សំណង់​និងអចលនទ្រព្យ ដែលមាន​សមាមាត្រ​គាំទ្រ​កំណើន​រហូតដល់ទៅ ២ភាគ៣។

ដោយឡែក វិស័យ​ដែលមាន​ភាពធុន​ខ្លាំងជាងគេ គឺ​វិស័យកសិកម្ម និងហិរញ្ញវត្ថុ ដែលបាន​រួមចំណែក​រក្សានិរន្តរភាព​អាជីវកម្ម​និងការងារ​ក្នុងកាលៈទេសៈ​ដ៏លំបាកនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេស​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ Oxford-AstraZeneca ដែល​មាន​តម្លៃថោកនិងងាយស្រួលរក្សាទុក

ព័ត៌មាន
ជាដំណឹងល្អសម្រាប់ពលរដ្ឋ​អង់គ្លេស បន្ទាប់ពី​រដ្ឋាភិបាល​អង់គ្លេស​ប្រកាសនៅថ្ងៃពុធ (ទី៣០ ធ្នូ) នូវ​ការ​​អនុម័ត​ឲ្យប្រើប្រាស់​វ៉ាក់សាំងកូវីដ-១…

ជាង ១០ម៉ឺនអាជីវកម្មនៅវៀតណាម បានព្យួរប្រតិបត្តិការដោយសារតែបញ្ហាកូវីដ-១៩ នៅឆ្នាំ២០២០!

ព័ត៌មាន
ផលប៉ះពាល់នៃមេរោគរាតត្បាតកូវីដ-១៩ បានធ្វើឲ្យអាជីវកម្មជាង១០ម៉ឺនអាជីវកម្មនៅក្នុងប្រទេសវៀតណាមបានបិទទ្វារផ្អាកប្រតិបត្តិការ នៅក្នុងឆ្នាំ២០២០ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ