តើកំណែទម្រង់ថ្មីដែលគណបក្សឈ្នះឆ្នោតថៃមានអ្វីខ្លះ?

ក្រុមគណបក្សចងសម្ព័ន្ធថ្មី ចុះកិច្ចព្រមព្រៀងដើម្បីធ្វើកំណែទម្រង់ដ៏ធំធេង ប៉ុន្តែមិនមានការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ


គណបក្សក្នុងសម្ព័ន្ធភាព ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃចន្ទ ទី ២២ ឧសភា សំដៅធ្វើកំណែទម្រង់ដ៏ធំធេង ដើម្បីព្រាងរដ្ឋធម្មនុញ្ញថ្មីនៅក្នុងប្រទេសថៃ។ កំណែទម្រង់មិនធ្លាប់មាននេះរួមមាន ការបញ្ចប់ការធ្វើសេដ្ឋកិច្ចផ្តាច់មុខ ការអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ក៏ដូចជាសេចក្តីព្រៀងច្បាប់ផ្សេងទៀត ប៉ុន្តែគេមិនឃើញមានការនិយាយអំពីការកែច្បាប់ប្រមាថព្រះមហាក្សត្រទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុមគណបក្សចងសម្ព័ន្ធថ្មី ចុះកិច្ចព្រមព្រៀងដើម្បីធ្វើកំណែទម្រង់ដ៏ធំធេង ប៉ុន្តែមិនមានការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ

បន្ទាប់ពីការទទួលបានអាសនៈជិតពាក់កណ្តាលនៅក្នុងសភា ឥលូវនេះគណបក្សប្រឆាំងធំៗទាំងពីរ គឺបក្សភឿថៃ និងបក្សឆ្ពោះទៅមុខ បានសម្រេចចាប់ដៃគ្នាដើម្បីបង្កើតសម្ព័ន្ធភាព និងឈានទៅដល់ការបង្កើតរដ្ឋាភិបាលចម្រុះថ្មីជាមួយបក្សតូចៗ៦ផ្សេងទៀតផងដែរ។ ក្នុងនោះ វាក៏បានធ្វើឱ្យគណបក្សអភិរក្សនិយមថៃមួយចំនួនដែលមានយោធានៅពីក្រោយ ទទួលការបរាជ័យគួរឱ្យភ្ញាក់ផ្អើល ក្រោយការគ្រប់គ្រងប្រទេសដោយរបបសឹកជិត១០ឆ្នាំមកនេះ ពោលគឺក្រោយពីរដ្ឋប្រហារកាលពីឆ្នាំ២០១៤។

លោក ភីថា លីមចារឿនរ៉ាត់ មេបក្សឆ្ពោះទៅមុខ បាននិយាយថា កិច្ចព្រមព្រៀងសម្រាប់កំណែទម្រង់ដោយបក្សសម្ព័ន្ធនេះគឺសំដៅលើគុណតម្លៃនិងប្រយោជន៍រួម ព្រមទាំងជារបៀបវារៈនិងការទទួលខុសត្រូវរួមសម្រាប់ប្រទេសថៃផងដែរ។ លោកបានបន្ថែមក្នុងសុន្ទរកថាដែលបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការចរចាថា ភាគីបក្សសម្ព័ន្ធទាំងអស់អាចស្នើគោលនយោបាយផ្ទាល់ខ្លួនរបស់ពួកគេបាន ប៉ុន្តែមិនត្រូវបំពានលើកិច្ចព្រមព្រៀងនេះតាមរយៈក្រសួងទេ។

យ៉ាងណាក៏ដោយ សមាជិកផ្សេងទៀតក្នុងសម្ព័ន្ធភាពបានបង្ហាញការប្រយ័ត្នប្រយែង ហើយកិច្ចព្រមព្រៀងកាលពីថ្ងៃចន្ទមិនបានរួមបញ្ចូលសំណើដើម្បីធ្វើកំណែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រនោះទេ។ ទន្ទឹមគ្នានោះ សម្ព័ន្ធបក្សទាំង៨ដែលនឹងក្លាយជាអនាគតរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃនោះ បានបញ្ជាក់ឡើងវិញថា ប្រទេសថៃនឹងប្រកាន់យកលទ្ធិប្រជាធិបតេយ្យក្រោមរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញ និងភាពមិនអាចរំលោភបំពានបាននៃព្រះមហាក្សត្រ។

ដោយឡែក លោក ភីថា បាននិយាយកាលពីថ្ងៃចន្ទនោះដែរថា លោកមិនបានគិតថាបក្សឆ្ពោះទៅមុខរបស់លោកនឹងមានបំណងតែឯងក្នុងការជំរុញការធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រនោះទេ តែវាអាស្រ័យទៅលើសភាជាន់ខ្ពស់ ឬព្រឹទ្ធសភា ដែលត្រូវមានការយល់ព្រមរួមគ្នាពីបក្សសម្ព័ន្ធផ្សេងទៀតផងដែរ។ លោកថា ការធ្វើវិសោធនកម្មច្បាប់មិនគួរត្រូវបានប្រើជាឧបករណ៍នយោបាយនោះទេ ហើយយើងនឹងធ្វើឱ្យប្រាកដើម្បីជម្រះមន្ទិលសម្រាប់សមាជិកសភាទាំងអស់។

ជាមួយគ្នានោះ សកម្មជនគាំទ្ររាជានិយមមួយរូបកាលពីថ្ងៃចន្ទ បានដាក់ពាក្យបណ្តឹងនៅឯគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រឆាំងនឹងបំណងរបស់បក្សឆ្ពោះទៅមុខ ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់នេះ ដោយលើកហេតុផលថា វានឹងធ្វើឱ្យខូចដល់របបរាជានិយមថៃ។

ទោះបីជាបែបនេះក្តី កិច្ចព្រមព្រៀងបក្សសម្ព័ន្ធទាំង៨ ក៏រួមបញ្ចូលភាគច្រើននៃគោលនយោបាយសំខាន់ៗរបស់បក្សឆ្ពោះទៅមុខ ដូចជាការជំរុញវិមជ្ឈការអំណាចនិងវិមជ្ឈការថវិកា ការលុបបំបាត់សេដ្ឋកិច្ចផ្តាច់មុខ និងការគាំទ្រការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងពាណិជ្ជកម្មថៃជាដើម។ ឯកសារនោះក៏មានបំណងអំពាវនាវឱ្យបញ្ចប់ការបំពេញកាតព្វកិច្ចយោធា និងឱ្យមានការធ្វើកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រព័ន្ធយុត្តិធម៌ និងមុខងារស៊ីវិលថែមទៀត។

លើសពីនេះ បក្សសម្ព័ន្ធនេះក៏នឹងមានឆន្ទៈកែទម្រង់ប្រព័ន្ធសុខាភិបាលនិងការអប់រំ, កែទម្រង់គោលនយោបាយការបរទេសឱ្យប្រកបដោយតុល្យភាព, ការបន្តច្បាប់ដើម្បីគ្រប់គ្រង និងគាំទ្រការប្រើប្រាស់កញ្ឆាផងដែរ។

ជាមួយនឹងអាសនៈសរុបចំនួន៣១៣នៅក្នុងសភា សម្ព័ន្ធភាពក្រោមការដឹកនាំរបស់លោក ភីថា នឹងត្រូវការការគាំទ្រចំនួន ៣៧៦ សំឡេងពីសមាជិកសភា ហើយលោក ភីថា អាចក្លាយជានាយករដ្ឋមន្ត្រីបាន លុះត្រាតែលោកមានការបោះឆ្នោតគាំទ្រពីសមាជិកមួយចំនួនក្នុងព្រឹទ្ធសភាថៃដែលមានសរុប ២៥០ អាសនៈ និងដែលត្រូវបានតែងតាំងដោយយោធាថែមទៀត៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Meta រងពិន័យ ១,៣ ពាន់លានដុល្លារ និងបម្រាមមិនឱ្យបញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបទៅអាមេរិក

ព័ត៌មាន
សហភាពអឺរ៉ុបបានផាកពិន័យក្រុមហ៊ុន Meta របស់ហ្វេសប៊ុក ចំនួន ១,៣ ពាន់លានដុល្លារកាលពីថ្ងៃចន្ទទី២២ឧសភា ក្នុងបទល្មើសបំពានលើកិច្ចការពារឯកជនភ…

នាយកប្រតិបត្តិរបស់ TikTok ថា បណ្ដាញទំនាក់ទំនងសង្គមនេះមានទំនុកចិត្តក្នុងការបញ្ឈប់បម្រាមរដ្ឋម៉ុនតាណា

ព័ត៌មាន
TikTok ដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធអាមេរិក ដោយលើកហេតុផលថា ការហាមឃាត់របស់រដ្ឋ ម៉ុនតាណា រំលោភលើសិទ្ធិសេរីភាពបញ្ចេញមតិដែលត្រូវបានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ