កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកចុងក្រោយ

ក្នុងនាមប្រធានអាស៊ានកម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកចុងក្រោយនៅសប្ដាហ៍នេះ


រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានឹងដឹកនាំកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២។ ហើយនេះ គឺជាលើកចុងក្រោយរបស់ក្រសួងការពារជាតិកម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំមួយនេះក្នុងនាមជាប្រធានឆ្នាំ២០២២ មុននឹងផ្ទេរដំណែងទៅឱ្យសមភាគីឥណ្ឌូនេស៊ីធ្វើជាប្រធានសម្រាប់ឆ្នាំ២០២៣។
កម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកចុងក្រោយក្នុងនាមប្រធាន!

ដោយឡែកភាគីចិន និងអាមេរិក ដែលនឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរ ក៏ចង់ឈ្លៀតឱកាសនេះស្វែងរកជំនួបទ្វេភាគីមួយផងដែរ ក្រោយមេដឹកនាំកំពូលរបស់ប្រទេសមហាអំណាចទាំងពីរ ទើបបានជួបប្រជុំគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី អំឡុងកិច្ចប្រជុំកំពូល G20កាលពីសប្តាហ៍មុន។

ក្រសួងការពារជាតិកម្ពុជាបាននិងកំពុងដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន , កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកាឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយភាពសុខដុម។ បន្ទាប់ពីនោះរដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រៅផ្លូវការចំនួនពីររវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក និងអាស៊ាន-ឥណ្ឌា។

ដោយឡែក សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកលើកទី៩ នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍថ្មីៗនៅក្នុងតំបន់អាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពីបរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។ កិច្ចប្រជុំនេះទទួលបានការអញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថាគន្លឹះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

គួរជម្រាបថា នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិកម្ពុជានឹងផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជូនទៅរដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងត្រូវធ្វើជាប្រធានប្តូរវេន សម្រាប់ឆ្នាំ២០២៣។

ក្រៅពីនោះ រដ្ឋមន្ត្រីការពារជាតិកម្ពុជាសម្តេពិជ័យសេនា ទៀ បាញ់ នឹងបន្តទទួលទស្សនកិច្ចផ្លូវការរបស់ប្រទេសដែលមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក រួមមានរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន ដែលសម្តេច ទៀ បាញ់ បានទទួលជួបរួចហើយកាលពីថ្ងៃអាទិត្យទី ២០ វិច្ឆិកា ខណៈនៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការពារជាតិចិន លោកវ៉ី ហ្វុងហឺ ក៏បានចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ក្រៅពីចិន សម្តេចពិជ័យសេនា ក៏នឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិ អូស្រ្តាលី សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងឥណ្ឌាដែរ។

ដោយឡែកបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ភាគីចិនកាលពីថ្ងៃទី ២០ ខែវិច្ឆិកា បានបង្ហើបថា ប៉េកាំងបើកចំហសម្រាប់កិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅក្រៅកិច្ចប្រជុំការពារជាតិអាស៊ានក្នុងសប្តាហ៍នេះ។ នេះគឺជាសញ្ញានៃការស្តារទំនាក់ទំនងឡើងវិញរវាងមហាអំណាចទាំងពីរ បន្ទាប់ពីមេដឹកនាំកំពូលរបស់ខ្លួន ទើបបានជួបគ្នានៅលើកោះបាលីកាលពីសប្ដាហ៍មុន។

ប្រសិនបើរដ្ឋមន្ត្រីការពារជាតិទាំងពីរបានជួបគ្នានៅកម្ពុជាពិតមែន វានឹងក្លាយជាការជួបគ្នារវាង យោធាកម្រិតខ្ពស់លើកដំបូងរវាងប្រទេសមហាអំណាចអាមេរិក និងចិន រាប់ចាប់តាំងពីប្រទេសចិនបានប្រកាសបញ្ឈប់ការសន្ទនា ដែលតែងធ្លាប់ធ្វើឡើងយ៉ាងទៀងទាត់រវាងមេបញ្ជាការយោធាទាំងពីរ កាលពីខែសីហា ពោលគឺចាប់តាំងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់មកម្ល៉េះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សកូរ៉េ Hyundai បើករោងចក្រផលិតរថយន្តថ្មីទី២នៅវៀតណាម ជាមួយសមត្ថភាពផលិតដល់ ១០ម៉ឺនគ្រឿងក្នុង១ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Hyundai បានបើកសម្ពោធរោងចក្រផលិតរថយន្តទី២ នៅវៀតណាម ដែលមានសមត្ថភាពអាចផលិតបានដល់ ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ខណៈក…

ការចំណាយរបស់អ្នកប្រើប្រាស់ក្នុងប្រទេសថៃអំឡុងវើលខាប់ឆ្នាំនេះនឹងកើនឡើង ក្រោយទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់

ព័ត៌មាន
ប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសថៃ នឹងជំរុញសកម្មភាពទីផ្សាររបស់ខ្លួនកាន់តែខ្លាំងក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ