វិស័យទេសចរណ៍

អ្នកជំនាញជឿជាក់ថា ការបើកជើងហោះហើរតាមខេត្តគោលដៅនឹងក្លាយជាចលករថ្មីនៃការស្ដារវិស័យទេសចរណ៍ឡើងវិញ


ការបើកជើងហោះហើរតាមខេត្តគោលដៅនៅកម្ពុជា របស់ក្រុមហ៊ុន AirAsia Cambodia ដោយធ្វើការបញ្ចុះតម្លៃសំបុត្រយន្តហោះនៅក្នុងកម្រិតទាប ត្រូវអ្នកបានជំនាញជឿជាក់ថា នឹងក្លាយជាចលករថ្មីនៃការស្ដារវិស័យទេសចរណ៍ក្នុងស្រុក ពីព្រោះការធ្វើបែបនេះវាបានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរពីគោលដៅមួយទៅកាន់គោលដៅមួយ និងបានកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរផងដែរ។
វិស័យទេសចរណ៍
ដោយ

ទោះបីយ៉ាងណា អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាបន្ថែមទៀត ដើម្បីពិនិត្យលើការតភ្ជាប់គោលដៅទេសចរណ៍តាមមធ្យោបាយធ្វើដំណើរផ្លូវទឹក និងផ្លូវគោក ដ្បិតមធ្យោបាយទាំងអស់នេះនឹងធ្វើឱ្យបណ្ដាគោលដៅកាន់តែនៅជិតបំផុត ដែលនឹងបង្កភាពងាយស្រួលដល់អ្នកទេសចរ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានចាត់ទុកគោលដៅធ្វើដំណើរតាមផ្លូវអាកាសថា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គម។សម្រាប់អ្នកជំនាញទេសចរណ៍រូបនេះ ទោះបីកម្ពុជា មានផលិតផលល្អបែបណាក៏ដោយ ប៉ុន្តែបើសិនជា មិនមានការតភ្ជាប់ទិសដៅទេសចរណ៍ឲ្យមានគុណភាព ក៏មិនអាចទាក់ទាញអ្នកទេសចរបានច្រើននោះដែរ ហើយការបង្កើតគោលដៅហោះហើរបន្ថែមក្នុងស្រុកនេះ នឹងបង្កភាពងាយស្រួលដល់អ្នកទេសចរដែលមិនមានពេលវេលាច្រើន។

​ជាមួយគ្នានេះដែរ លោក បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ជឿជាក់ថា ការបើកជើងហោះហើរតាមបណ្ដាខេត្តគោលដៅ ដែលកម្ពុជា រង់ចាំជាយូរឆ្នាំមកហើយនេះ នឹងក្លាយជាក្ដីសង្ឃឹមមួយថ្មីនៃការជំរុញទេសចរក្នុងស្រុក និងចលនាតភ្ជាប់ពីគោលដៅធំៗ ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ ឱ្យកាន់តែនៅជិតគ្នា ខណៈពេលកន្លងទៅកញ្ចប់ទេសចរណ៍តាមផ្លូវគោក ពុំអាចតភ្ជាប់ទៅកាន់បណ្ដាខេត្ត រាជធានី គោលដៅខាងលើបានឡើយ ដោយសារតែមានចម្ងាយឆ្ងាយ និងចំណាយពេលវេលាច្រើន។

បើតាមអ្នកជំនាញរូបនេះ ការតភ្ជាប់មធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស ទៅកាន់បណ្ដាខេត្តគោលដៅនានា និងគោលដៅអន្តរជាតិ ត្រូវបានគេអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពនៅក្នុងប្រទេសវៀតណាម នាអំឡុងពេលជំងឺកូវីដ-១៩ និង បន្ទាប់ពីជំងឺកូវីដ-១៩។ ក្រៅពីមធ្យោបាយធ្វើដំណើរតាមយន្តហោះ ការតភ្ជាប់ការធ្វើដំណើរតាមជើងគោក នៅតែមានសារសំខាន់។ នេះបើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត ធួន ស៊ីណាន។

​បើតាមប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក្រៅពីមធ្យោបាយធ្វើដំណើរតាមជើងយន្តហោះ និងការតភ្ជាប់ការធ្វើដំណើរតាមជើងគោក គឺការតភ្ជាប់មធ្យោបាយធ្វើដំណើរតាមផ្លូវទឹកក៏សំខាន់ដែរ ខណៈបច្ចុប្បន្នកម្ពុជា មានការតភ្ជាប់ផ្លូវទឹកពីក្រុងព្រះសីហនុ ទៅកាន់តំបន់កោះ ខណៈខេត្តកែប និងកំពត មានការតភ្ជាប់ទៅកាន់បណ្ដាកោះជិតៗ ដែលពុំទាន់ឆ្លើយតបចំពោះការធ្វើដំណើរតាមផ្លូវទឹកទៅកាន់ប្រទេសជិតខាងនោះទេ ដែលបញ្ហានេះ ចាំបាច់ត្រូវធ្វើទំនើបកម្មឡើងវិញ និងមិនត្រូវធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍ដដែលៗនោះដែរ។

​សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានប្រកាសថា ប្រតិបត្តិការហោះហើរក្នុងស្រុកទៅកាន់គោលដៅចំនួនបី គឺ ភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ ដោយប្រើប្រាស់យន្តហោះ A320 ចំនួនពីរគ្រឿង។ ទន្ទឹមនេះ ក្រុមហ៊ុន បានគូសបញ្ជាក់ថា បេសកកម្មនេះ ជាការលើកទឹកចិត្តអ្នកទេសចរឱ្យស្នាក់នៅរយៈពេលយូរ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងការបង្កើនវិស័យទេសចរណ៍នៅកម្ពុជា។តាមកាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia នឹងធ្វើការហោះហើរទៅមករវាងភ្នំពេញ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាទទួលបានភ្ញៀវបរទេសជិត១លាននាក់នៅ២ខែដើមឆ្នាំ២០២៤ ខណៈភ្ញៀវទេសចរថៃ ឈរកំពូលតារាង

ព័ត៌មាន
យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបជិត១លាននាក់ មានការកើ…

កំពង់ផែទេសចរណ៍ខេត្តកំពត អាចនឹងបើកដំណើរការឆាប់ៗ ខណៈបច្ចុប្បន្នកំពុងដំណើរការជ្រើសរើសក្រុមហ៊ុនដើម្បីគ្រប់គ្រង និងធ្វើប្រតិបត្តិការ

ព័ត៌មាន
កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត តម្លៃជាង៩លានដុល្លារ ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរតាំងពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ និងបានពន្យាពេលដាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ