អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះសៀមរាបថ្មីបន្តកើនឡើង

អ្នកធ្វើដំណើរតាមព្រលានយន្តហោះសៀមរាបកើនក្នុងរង្វង់ជាង៣ពាន់នាក់ក្នុង១ថ្ងៃ


ចាប់តាំងពីបើកទទួលជើងហោះហើរជាផ្លូវការ កាលពីពាក់កណ្តាលខែតុលា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរកើនឡើងជាបន្តបន្ទាប់ ដោយបច្ចុប្បន្នមានអ្នកដំណើរជាមធ្យម៣ពាន់២នាក់ ក្នុង១ថ្ងៃ បានធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។ បច្ចុប្បន្នព្រលានយន្តហោះនេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៧ កំពុងធ្វើប្រតិបត្តិការហោះហើរ និងរំពឹងកើនឡើងដល់១០ក្រុមហ៊ុនជាមួយជើងហោះហើរ៤២ជើងក្នុង១ថ្ងៃនៅចុងឆ្នាំនេះ។
អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះសៀមរាបថ្មីបន្តកើនឡើង
ដោយ

ចំនួនអ្នកដំណើរតាមផ្លូវអាកាសធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានការកើនឡើងជាបន្តបន្ទាប់ ក្រោយបើកទទួលជើងហោះហើរជាផ្លូវការអស់រយៈពេល៣សប្តាហ៍កន្លងមកនេះ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បច្ចុប្បន្នព្រលានយន្តហោះសៀមរាបថ្មីនេះទទួលបានអ្នកដំណើរជាមធ្យម៣ពាន់២នាក់ក្នុង១ថ្ងៃ ខណៈនៅពីរសប្តាហ៍ដំបូងព្រលានយន្តហោះនេះទទួលបានអ្នកដំណើរចន្លោះពី២ពាន់៦រយនាក់ ទៅ២ពាន់៧រយនាក់ ក្នុងមួយថ្ងៃប៉ុណ្ណោះ។ ការកើនឡើងជាបន្តបន្ទាប់នូវចំនួនអ្នកដំណើរនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រូបវាយតម្លៃថា អាចមកពីរដូវនេះជារដូវសម្បូរអ្នកធ្វើដំណើរ​។

អ្នកធ្វើដំណើរតាមរយៈជើងហោះហើររបស់ក្រុមហ៊ុនទាំង៧ ដែលកំពុងធ្វើប្រតិបត្តិការនៅព្រលានយន្តហោះនេះ មានចម្រុះជាតិសាសន៍ ដែលភាគច្រើនហោះហើរទៅមកក្នុងតំបន់អាស៊ាន និងប្រទេសចិន ក្នុងនោះអ្នកដំណើរមកពីតំបន់អាស៊ាន មាន៧៥% និងមកពីអឺរ៉ុប២៥%។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ដែលរំពឹងថា អាកាសយានដ្ឋានអន្តរជាតិនេះនឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ហោះហើរ៣បន្ថែមទៀត ដែលអាចធ្វើឱ្យជើងហោះហើរកើនដល់៤២ជើង ក្នុងមួយថ្ងៃនៅត្រឹមដំណាច់ឆ្នាំនេះ។ ក្នុងចំណោមក្រុមហ៊ុនទាំង៧ដែលកំពុងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិនេះមានក្រុមហ៊ុនបរទេសចំនួន៦ និងក្រុមហ៊ុនក្នុងស្រុកចំនួន១។

ពាក់ព័ន្ធបញ្ហានេះ លោកជំទាវ ឆាវ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ឃើញថា ក្រោយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បើកទទួលការហោះហើរជាផ្លូវការរួចមកមានក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើនចាប់អារម្មណ៍ហោះហើរមកកម្ពុជា។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះរំពឹងថា ព្រលានយន្តហោះនេះនឹងទទួលបានជើងហោះហើរបន្ថែមទៀត ក្រោយបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងខែវិច្ឆិកា។

គួរបញ្ចាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយ៤០គីទ្បូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីទ្បូម៉ែត្រ ពីក្រុងសៀមរាប ត្រូវបានសាងសងក្រោមទុនវិនិយោគ១ពាន់១រយលានដុល្លារអាម៉េរិក ក្រោមលក្ខខណ្ឌវិនិយោគ ប្រតិបត្តិការ ផ្ទេរ (BOT)។

អាកាសយាន្តដ្ឋានអន្តរជាតិ ដែលអាចឱ្យយន្តហោះអន្តរទ្វីបធុនធំអាចចុះចតបាននេះ មានចំណតសម្រាប់ចតអាកាសយាន ចំនួន៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាស បាន៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ ក្នុងមួយឆ្នាំចាប់ពី២០៤០។ ជាមួយគ្នានេះ អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន១ម៉ឺនតោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ និង២ម៉ឺន៦ពាន់តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពីជាង៦ម៉ឺន៥ពាន់ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ ទៅជាង១១ម៉ឹន២ពាន់ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ សម្រ…

រុស្ស៊ីជោគជ័យលើការធ្វើតេស្តបាញ់មីស៊ីលអន្តរទ្វីបចេញពីនាវាមុជទឹកនុយក្លេអ៊ែរ

ព័ត៌មាន
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែថ្មីរបស់រុស្ស៊ី ដែលមានឈ្មោះអធិរាជអាឡិចសាន់ឌឺ៣ (Imperator Alexander III) បានធ្វើតេស្តដោយជោគជ័យក្នុងកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ