រុស្ស៊ី - អ៊ុយក្រែន

មនុស្សជំនិតលោកពូទីនព្រមានប្រាប់អង្គការណាតូថា សង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើងប្រសិនបើរុស្ស៊ីចាញ់អ៊ុយក្រែន


ក្រោយបាត់មុខមួយរយៈ ដៃស្តាំរបស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន គឺលោក Dmitry Medvedev បានចេញមុខព្រមានអង្គការណាតូថា បរាជ័យរបស់រុស្ស៊ីនៅអ៊ុយក្រែនអាចបង្កឱ្យមានសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង ខណៈប្រធានសាសនាគ្រិស្តរបស់រុស្ស៊ីក៏បាននិយាយដែរថា ពិភពលោកនឹងដើរដល់ផ្លូវទាល់ ប្រសិនបើលោកខាងលិចព្យាយាមបំផ្លាញរុស្ស៊ី។
តើហេតុអ្វីបានជាមនុស្សជំនិតលោក ពូទីន តែងតែព្រមានពីសង្គ្រាមនុយក្លេអ៊ែរ?
ដោយ

ការលើកឡើងរបស់​បុគ្គលសំខាន់ៗពី​ទីក្រុងម៉ស្គូ បានកើតឡើងស្របពេល​ដែលមេដឹកនាំនៃ​សម្ព័ន្ធយោធាណាតូ​កំពុងប្រមូល​ផ្តុំគ្នា​នៅប្រទេសអាល្លឺម៉ង់ ក្នុងកិច្ចពិភាក្សា ដើម្បីសម្រេចថា ​ត្រូវផ្តល់ឱ្យទីក្រុងកៀវ​នូវយុទ្ធភណ្ឌ​ធុនធ្ងន់ ឬក៏អត់។ នេះបើតាម​ការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

វាហាក់ដូចជាមិនមែនជា​រឿងថ្មី​នោះទេ ដែលថា វោហាសាស្រ្តនុយក្លេអ៊ែរ​តែងតែ​បន្លឺឡើង​ពីបុគ្គលមួយ​ចំនួន​ក្បែរខ្លួន​លោកពូទីន ដែលត្រូវបានគេ​មើល​ឃើញថា មានបំណងរារាំង និងបំភិតបំភ័យណាតូកុំឱ្យផ្តល់​សព្វាវុធ​បន្ថែម​ដល់អ៊ុយក្រែន ជាពិសេសរថក្រោះធុនធ្ងន់តែម្តង។ បើទោះ វាជាវោហាសាស្ត្រមែនពិត ក៏គេមិនត្រូវមើល​រំលងនៃស្ថានការដ៏ផុយស្រួយ​នៃការប្រឈមមុខដាក់គ្នា​រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរ គឺសហរដ្ឋអាមេរិក និងរុស្ស៊ីនេះដែរ។

តាមរយៈសារតេលេក្រាម​ដែលត្រូវបានបង្ហោះដោយអតីត​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Medvedev និងបច្ចុប្បន្ន​ជាអនុប្រធានក្រុមប្រឹក្សា​សន្តិសុខជាតិរុស្ស៊ី​បាន​សរសេរថា៖ «ការបរាជ័យនៃមហាអំណាច​នុយក្លេអ៊ែរនៅ​ក្នុង​សង្រ្គាមធម្មតាមួយ អាចនឹងបង្កឱ្យមាន​សង្រ្គាមនុយក្លេអ៊ែរបាន»។ លោកថា៖ «មហាអំណាចនុយក្លេអ៊ែរ​មិនដែល ហើយក៏មិនព្រមទទួលបរាជ័យ​ក្នុងជម្លោះធំៗ​ជាដាច់ខាត បើពុំ​នោះទេ វាសនារបស់គេនឹងចប់ដូចគ្នា»។

លោក Medvedev បាននិយាយថា ណាតូ និងមេដឹកនាំការពារជាតិ​ផ្សេងទៀត ដែលនឹងត្រូវជួបប្រជុំគ្នា​នៅមូលដ្ឋាន​ទ័ពអាកាស រេមស្តេន(Ramstein) ក្នុងប្រទេស​អាឡឺម៉ង់​នៅថ្ងៃ​សុក្រ​ទី២០​ ខែមករានេះ គឺជាការប៉ុនប៉ងប្រើយុទ្ធសាស្ត្រ​ចង់កម្ចាត់រុស្ស៊ី​ក្នុងសមរភូមិ​អ៊ុយក្រែន។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រនេះពួកគេក៏ត្រូវគិត​ពិចារណា​អំពីហានិភ័យដ៏មហន្តរាយផងដែរ។

ស្របពេលជាមួយគ្នា ប្រធាននៃ​សាសនាគ្រិស្ត អរតូដក់ (Orthodox) របស់ប្រទេសរុស្ស៊ីបាននិយាយដែរថា៖ «ការព្យាយាមបំផ្លាញ​ប្រទេសរុស្ស៊ី​នឹងមានន័យថា ជាចុងបញ្ចប់នៃពិភពលោក»។ យោងតាមទីភ្នាក់ងារ​ព័ត៌មាន​​រដ្ឋរុស្ស៊ី RIA បាន​ដក​ស្រង់​សម្ដី​ប្រធានសាសនា​រូបនេះថា៖ «​បច្ចុប្បន្ននេះ​ជា​ពេល​វេលា​​គួរ​ឲ្យ​ព្រួយ​បារម្ភ ហើយពួកគេត្រូវយល់ថា បំណងណាមួយក្នុងការចង់បំផ្លាញ​រុស្ស៊ីនោះ គឺជាពេលចុងក្រោយនៃពិភពលោកដូចគ្នា»។

ដោយឡែក លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានា​ឱ្យ​មេដឹកនាំណាតូ និងមេដឹកនាំសហភាពអឺរ៉ុប​រក្សាភាពស្ងប់ស្ងាត់​របស់ខ្លួន ឱ្យបានឆាប់តាមដែល​អាច​ធ្វើទៅបាន។

គួរជម្រាបថា នៅថ្ងៃសុក្រទី​២០ខែមករានេះ ​ មេដឹកនាំនៃក្រុមប្រទេស​​ចំនួន​១១នៃអង្គការសម្ព័ន្ធយធាណាតូរួមមានចក្រភពអង់គ្លេស និងប៉ូឡូញផងដែរ នឹងជួបប្រជុំគ្នា ស្តីពីការផ្តល់ជំនួយយោធាបន្ថែមលើអ៊ុយក្រែន។ ក្នុងនោះ ការប្រមូលផ្តុំគ្នានៅឯមូលដ្ឋានយោធាអាល្លឺម៉ង់ ត្រូវបាន​ក្រុមមន្ត្រីសន្យាថា​នឹងផ្តល់ឱ្យទីក្រុងកៀវនូវមីស៊ីល ប្រព័ន្ធការពារដែនអាកាស កាំភ្លើងប្រឆាំងយន្តហោះ កាំភ្លើងយន្ត ការហ្វឹកហាត់ឧបករណ៍​យោធា និងសព្វាវុធជាច្រើនទៀត។

តាមរដ្ឋមន្ត្រីការពារជាតិ​អង់គ្លេស​លោក បេន វាឡេស(Ben Wallace) បាននិយាយថា ចក្រភពអង់គ្លេស គ្រោងនឹងបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន​ក៏ដូចជា​មីស៊ីលប្រភេទ Brimstone ចំនួន ៦០០ ដើមផងដែរ។ លើសពីនោះ ប្រទេសប៉ូឡូញក៏កំពុង​បញ្ជូន​កាំភ្លើង​ប្រឆាំងយន្តហោះ S-60 ជាមួយនឹងគ្រាប់រំសេវចំនួន​៧ម៉ឺនគ្រាប់ទៀត។​ ប៉ូឡូញបន្តសង្កត់ធ្ងន់ថា ខ្លួនក៏ត្រៀមនឹងបញ្ចូនរថក្រោះធន់ធ្ងន់ប្រភេទ Leopard 2 ផលិតដោយអាល្លឺម៉ង់​ទៅឱ្យ​អ៊ុយក្រែនដែរ ពោលគឺរង់ចាំតែលទ្ធផល​ក្រោយកិច្ចប្រជុំថ្ងៃសុក្រនេះប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


តើការបើកដំណើរការប្រទេសឡើងវិញរបស់ចិននឹងជួយជំរុញកំណើនសេដ្ឋកិច្ចសាកល ឬយ៉ាងណា?

ព័ត៌មាន
ការបិទខ្ទប់ប្រទេសចិន និងការប្រើប្រាស់គោលនយោបាយសូន្យកូវីដ១៩ កន្លងមក បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសាកល ប៉ុន្តែបន្ទាប់ពីរដ្ឋាភិបាលក្រុងប…

ផ្ទុះមហាបាតុកម្មទូទាំងប្រទេសនៅបារាំង ក្រោយពលរដ្ឋមិនពេញចិត្តកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ថ្មី

ព័ត៌មាន
ពលរដ្ឋបារាំងជាង១លាននាក់ បាននាំគ្នាចេញតាមដងផ្លូវទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ទី១៩មករា ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធចូលនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ