ចិនបើកកាធ្វើដំណើររប្រទេសឡើងវិញ

តើការបើកដំណើរការប្រទេសឡើងវិញរបស់ចិននឹងជួយជំរុញកំណើនសេដ្ឋកិច្ចសាកល ឬយ៉ាងណា?


ការបិទខ្ទប់ប្រទេសចិន និងការប្រើប្រាស់គោលនយោបាយសូន្យកូវីដ១៩ កន្លងមក បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសាកល ប៉ុន្តែបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានបើកទ្វារប្រទេសឡើងវិញ សកម្មភាពនេះត្រូវបានគេរំពឹងថា នឹងនាំឱ្យសេដ្ឋកិច្ចសាកលមានភាពល្អប្រសើរឡើងដែរ។ ប៉ុន្តែក៏មានការយល់ឃើញខ្លះថា វាទំនងជាមិនអាចជួយអ្វីច្រើននោះទេ ដោយហេតុថា ចិនខ្លួនឯងក៏កំពុងមានបញ្ហាសេដ្ឋកិច្ចនៅក្នុងស្រុក រួមនឹងភាពតានតឹងសេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទៀត។
តើការបើកប្រទេសចិនវិញ អាចសង្គ្រោះសេដ្ឋកិច្ចសាកលឬអត់?

​ជុំវិញ​រឿងរ៉ាវនេះ មានទស្សនៈយល់ឃើញខុសៗគ្នា និងក៏ដូចជាមាន​ការ​ពិភាក្សា​ដេញដោល​គ្នាច្រើនផងដែរ អំឡុង កិច្ចប្រជុំ​ប្រចាំឆ្នាំ២០២៣ នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក ​ដែល​បាន​និងកំពុងធ្វើឡើង​នៅ ក្រុងដាវ៉ូស ប្រទេស​ស្វីស។ នេះបើតាមការចុះផ្សាយ​របស់​សារព័ត៌មាន Nikkei។

ទាក់ទិននឹងបញ្ហានេះ លោក វីលៀម ហ្វត(William Ford) ប្រធានប្រតិបត្តិ​នៅក្រុមហ៊ុន General Atlantic Partners ដែលមាន​មូលដ្ឋាន​​នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក បាន​ថ្លែង​ថា ​ការបើកប្រទេសចិន​ឡើងវិញ នឹង​នាំឱ្យមានកំណើនសេដ្ឋកិច្ចសាកលកើនដល់ ៤% ដែលវាជាសញ្ញាវិជ្ជមានមួយសម្រាប់ពិភពលោក។ លោក​មើលឃើញ​ថា ការ​ចាកចេញពីការ​បិទខ្ទប់ និង​គ្រប់គ្រងបានល្អ​លើ​ជំងឺរាតត្បាត គឺ​ជាចំណុចស្នូល​ឆ្ពោះ​ទៅរក​​កំណើន​សេដ្ឋកិច្ច។

ស្រដៀងគ្នានេះដែរ លោកស្រី នេឡា រីឆាតសុន(Nela Richardson) ប្រធាន​សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន ADP បាន​លើកឡើង​ថា វាមាន​ឥទ្ធិពល​ដោយ​ប្រយោលទៅលើ​ការងើបឡើង​វិញ​​របស់ចិន។ លោកស្រី​បញ្ជាក់​ថា វាមិន​ត្រឹម​តែជាការទិញ​លក់​​ជាមួយចិនផ្ទាល់នោះទេ ប៉ុន្តែវា​ក៏ជាការទិញលក់​តាមរយៈចិន និង​របៀប​ដែល​ឥទ្ធិពលនេះ​​បានជះ​ចូល​​ក្នុងតំបន់​​អាស៊ីប៉ាស៊ីហ្វិកផងដែរ។ នេះក៏ដោយសារតែ​ប្រទេសចិន ជាទីផ្សារធំណាស់​ជាមួយនឹង​តម្រូវការ​សម្រាប់​ប្រជាជន​ទាំងជាង​១ពាន់៤រយលាននាក់។

ជាមួយគ្នានេះ បើតាមការ​លើកឡើង​របស់​លោក រ៉េកហ៊ូរ៉ាម រ៉ាចាន់(Raghuram Rajan) សាស្រ្តាចារ្យ​ហិរញ្ញវត្ថុ​​នៅសាកលវិទ្យាល័យ Chicago និង​ជាអតីត​​ប្រធាន​ធនាគារកណ្តាល​ឥណ្ឌាបង្ហាញ​ទស្សន​ថា ​សេដ្ឋកិច្ច​របស់​ចិន​ អាច​នឹង​ងើបឡើងវិញ​​នៅយ៉ាងយូរត្រឹមខែមីនា។ លោកបានមើលឃើញ​ពីភាព​ប្រសើរឡើង​​នូវ​វិស័យ​ទេសចរណ៍ ​ដែល​ជាសញ្ញា​វិជ្ជមាន​សម្រាប់​ពិភពលោក បើទោះ​បីជា​ស្ថានភាព​​គ្រួសាររបស់ប្រជាជនចិន នៅមាន​ហានិភ័យ​នៃភាព​មិនប្រាកដប្រជានៃការឆ្លងរាតត្បាតជំងឺកូវីដ១៩​ក៏ដោយ។

យ៉ាងណាក៏ដោយចុះ លោក ហ្គីល ម៉ូ(Gilles Moec) ប្រធាន​សេដ្ឋវិទូ​នៅក្រុមហ៊ុនវិនិយោគ AXA បាន​បង្ហាញ​ទស្សនៈផ្ទាល់ខ្លួនថា វាហាក់ដូចជាឆាប់រហ័សពេក​​ក្នុងការសន្និដ្ឋាន​ពីឥទ្ធិពល​​នៃការបើកប្រទេសចិនឡើងវិញ។ លោក​ពន្យល់ថា ចិន គឺ​ស្ថិតនៅក្នុងស្ថានភាព​​ដាច់ដោយឡែកមួយ មិនដូច​ដែល​​យើងធ្លាប់ឃើញ​​នៅក្នុង​ប្រទេសផ្សេងៗឡើយ។ ដូច្នេះគេត្រូវការពេល​បន្តិច​ ជាពិសេសគឺ​​​មើល​ទៅលើប្រព័ន្ធ​សុខាភិបាលរបស់ចិន ថាអាចទប់ទល់នឹងរលកឆ្លងនាពេលនេះបានកំរិតណា។

​ចំណែក​ការលើកឡើង​របស់​លោក Kevin Rudd អតីតនាយករដ្ឋមន្រ្តី​អូស្ត្រាលី​ និង​បច្ចុប្បន្ន​ជាប្រធាន​អង្គការសង្គមអាស៊ី (Asia Society) ឱ្យដឹងថា ប្រសិន​បើចិន​សម្រេចបាន​កំណើនក្នុងរង្វង់ជាង៥%សម្រាប់​ឆ្នាំ​២០២៣​នេះ នោះ​វាពិតជាបានជួយ​ទ្រទ្រង់​​យ៉ាងច្រើន​ដល់​​កំណើន​សេដ្ឋកិច្ច​សាកល។ យ៉ាងណាមិញ លោក​ក៏បាន​ព្រមាន​ពី​​ភាព​តានតឹង​​ភូមិសាស្រ្តនយោបាយ និងសង្គ្រាមបច្ចេកវិទ្យា​​​​រវាង​អាមេរិក និងចិនផងដែរ ដែល​នឹង​បង្អាក់​ដល់​កំណើន​សេដ្ឋកិច្ចសាកលវិញ។

មិនខុសគ្នា​ប៉ុន្មានពី​លោក Kevin Rudd នោះទេ ​សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ធនាគារ​វិនិយោគ​បារាំង Natixis គឺលោក ហ្គារី ណេង(Gary Ng) និយាយថា ចិន​​បាន​ក្លាយ​ជាប្រធានបទ​ទាក់ទាញ​​ក្នុងរយៈពេល​ថ្មីៗនេះ។ ការ​បើកប្រទេសឡើងវិញនេះ នឹង​នាំ​ដល់​ការបើក​​វិស័យសំខាន់ៗ​ដូចជា បច្ចេកវិទ្យា និង​អចលនទ្រព្យ​​ទៅកាន់​​ពិភពលោក។ ប៉ុន្តែ​លោកក៏បាន​បង្ហាញក្តីបារម្ភ​ចំពោះភាព​តានតឹង​​រវាង​​អាមេរិក និងចិន​ផងដែរ ដែល​អាមេរិកអាច​នឹង​​ហាមឃាត់​​លើវិស័យ​​ណាមួយ​របស់ចិន​​នាពេល​ខាងមុខ។

យ៉ាងណាមិញ លោក​ ដុង ឈិន(Dong Chen) ប្រធាន​​ផ្នែក​ស្រាវជ្រាវ​ម៉ាក្រូ​​សេដ្ឋកិច្ច​អាស៊ី នៅក្រុមហ៊ុន Pictet Wealth Management បានគូសបញ្ជាក់​ថា បញ្ហា​វិស័យអចលនទ្រព្យ​របស់ចិន បាន​ធ្វើឱ្យមាន​មន្ទិល​សង្ស័យពី​​សក្តានុពល​​​សេដ្ឋកិច្ច​របស់​​ប្រទេសនេះ។ ម្យ៉ាង​វិញ​ទៀត ​ចំនួន​​ប្រជាជន​ចិន​ដែលបានធ្លាក់ចុះ ក៏នឹង​ជះ​ឥទ្ធិពល​កាន់តែអាក្រក់​ចំពោះ​វិស័យ​នេះផងដែរ៕




អត្ថបទបន្ទាប់


ក្រសួងរ៉ែ និងថាមពលនឹងផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនក្នុងស្រុកមួយ ជាអ្នករុករកធនធានរ៉ែនៅខេត្តកំពត

ព័ត៌មាន
មកទល់ពេលនេះក្រសួងរ៉ែ និងថាមពល បានបញ្ចប់ការសិក្សាវាយតម្លៃសមត្ថភាព បច្ចេកទេស និងធនធានរបស់ក្រុមហ៊ុនមួយ ដែលបានដាក់ពាក្យស្នើសុំស្វែងរុករកធន…

មនុស្សជំនិតលោកពូទីនព្រមានប្រាប់អង្គការណាតូថា សង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើងប្រសិនបើរុស្ស៊ីចាញ់អ៊ុយក្រែន

ព័ត៌មាន
ក្រោយបាត់មុខមួយរយៈ ដៃស្តាំរបស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន គឺលោក Dmitry Medvedev បានចេញមុខព្រមានអង្គការណាតូថា បរាជ័យរបស់រុស្ស៊ីនៅអ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ