មេដឹកនាំរុស្ស៊ី-អ៊ុយក្រែន

លោកពូទីនថា រុស្ស៊ីត្រៀមខ្លួនសម្រាប់ការពិភាក្សាជាមួយអ៊ុយក្រែន និងលោកខាងលិច!


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីនឹងត្រៀមខ្លួន ដើម្បីពិភាក្សាជាមួយអ៊ុយក្រែន សហរដ្ឋអាម៉េរិក និងអឺរ៉ុប អំពីអនាគតរបស់អ៊ុយក្រែន ប្រសិនបើប្រទេសទាំងនោះមានឆន្ទៈ ប៉ុន្តែលោកថា ទីក្រុងម៉ូស្គូនឹងតម្កល់ផលប្រយោជន៍ជាតិរបស់ខ្លួន។ ស្របពេលជាមួយគ្នានេះ លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញទំនុកចិត្តថា សហរដ្ឋអាម៉េរិកនឹងមិនក្បត់ប្រទេសរបស់លោកឡើយ ចំពោះការបន្តផ្តល់ជំនួយសម្រាប់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ី។
មេដឹកនាំរុស្ស៊ី-អ៊ុយក្រែន
ដោយ

នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំការពារជាតិ នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារ លោក ពូទីន បាននិយាយថា អ្នកដែលប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន នៅអឺរ៉ុប និងនៅសហរដ្ឋអាម៉េរិក ប្រសិនបើពួកគេចង់ចរចារ នោះលោកត្រៀមខ្លួនរួចជាស្រេច។ ប៉ុន្តែរុស្ស៊ីនឹងធ្វើវាដោយផ្អែកលើផលប្រយោជន៍ជាតិរបស់រុស្ស៊ី។ ទោះយ៉ាងណា មេវិមានក្រឹមឡាំងរូបនេះបានបន្ថែមថា រុស្ស៊ីនឹងមិនបោះបង់ចោលគោលដៅ នៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួននោះទេ ដោយលោកបានបន្ថែមថា រុស្ស៊ីត្រូវការប្រព័ន្ធទំនាក់ទំនងយោធា ការឈ្លបយកការណ៍ ការកំណត់គោលដៅ និងសមត្ថភាពផ្កាយរណបឱ្យកាន់តែល្អ និងខ្លាំងជាងនេះ។

ការថ្លែងបែបនេះរបស់លោក ពូទីន បានធ្វើឡើងនៅក្នុងជំនួបដែលមានការចូលរួមដោយមេដឹកនាំយោធាកំពូលៗរបស់ប្រទេសរុស្ស៊ី រួមទាំងរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu និងឧត្តមសេនីយ Valery Gerasimov អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី ព្រមទាំងប្រធានភ្នាក់ងារសន្តិសុខសហព័ន្ធ (FSB) លោក Alexander Bortnikov។ ក្នុងនោះ មេដឹកនាំរុស្ស៊ីលោក ពូទីន ក៏បាននិយាយផងដែរថា រុស្ស៊ីនឹងបន្តអភិវឌ្ឍន៍កងកម្លាំងនុយក្លេអ៊ែ និងរក្សាការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួនក្នុងកម្រិតខ្ពស់បំផុត។

យោងតាមរដ្ឋមន្ត្រីការពារជាតិ លោក Shoigu ផលិតកម្មរថក្រោះរបស់រុស្ស៊ី បានកើនឡើងពី៥ទៅ៦ដងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ខណៈយន្តហោះគ្មានមនុស្សបើកកើនឡើងជាង១៦ដង និងកាំភ្លើងធំជាង១៧ដង។ បើតាមមេដឹកនាំការពារជាតិរូបនេះ ក្នុងឆ្នាំ២០២៣នេះ រុស្ស៊ីទទួលបានទាហានកិច្ចសន្យា និងទាហានស្ម័គ្រចិត្តចំនួន៤៩ម៉ឺននាក់ និងព្យាយាមបង្កើនឱ្យដល់ជាង៧៤ម៉ឺននាក់នៅឆ្នាំក្រោយ​។

ដោយឡែក កាលពីថ្ងៃអង្គារ លោក Zelenskiy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅទីក្រុងកៀវថា លោកមានទំនុកចិត្តខ្លាំងបំផុតថា សហរដ្ឋអាម៉េរិកនឹងមិនក្បត់លោកទេ ហើយអ្វីដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នានៅសហរដ្ឋអាម៉េរិកនឹងត្រូវធ្វើបានទាំងស្រុងនៅទីបំផុត​។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា ជំនួយផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះក្នុងការការពារអ៊ុយក្រែនពីការវាយប្រហារពេញទីពីសំណាក់ទីក្រុងមូស្គូ ដែលសង្គ្រាមនេះហៀបឈានចូលឆ្នាំទីពីរទៅហើយក្តី។

លោក ហ្សេលេនស្គី ក៏រំពឹងផងដែរថា សហភាពអឺរ៉ុបនឹងអនុម័តកញ្ចប់ជំនួយចំនួន៥០ពាន់លានអឺរ៉ូក្នុងពេលឆាប់ៗនេះ។ ខណៈជំនួយរាប់ពាន់លានដុល្លារផ្សេងទៀតពីទីក្រុងវ៉ាស៊ីនតោនសម្រាប់អ៊ុយក្រែន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីមានការរារាំងដោយសមាជិកសភាបក្សសាធារណរដ្ឋ ចំពេលដែលសេតវិមានបានព្រមានថា ជំនួយអ៊ុយក្រែនអាចនឹងអស់នៅចុងឆ្នាំ ប្រសិនបើអាម៉េរិកមិនបន្ត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្ដីរំពឹងមានការបញ្ចុះអត្រាការប្រាក់ផ្ទួនៗរបស់អាម៉េរិកនៅឆ្នាំ២០២៤ ជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់ហក់ឡើងខ្លាំង

ព័ត៌មាន
បន្ទាប់ពីធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់២លើកបន្ថែមទៀតកាលពីពេលថ្មីៗនេះ មន្ត្រីធនាគារកណ្ដាលអាម៉េរិក ភាគច្រើនជឿជាក់ថា ធនាគារនេះន…

ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនៅខេត្តព្រះសីហនុនឹងបើកការសាងសង់នៅព្រឹកស្អែក ខណៈអ្នកជំនាញរំពឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច

ព័ត៌មាន
បើពុំមានការប្រែប្រួលទេ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ