កូវីដ១៩ នៅ​កម្ពុជា

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា សុំ​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ជួយ​លើ ៣ចំណុច


សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ហៅកាត់ YEAC បាន​ដាក់​ជូន​លិខិត​មួយ​ ទៅកាន់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយ​បានរៀបរាប់​នូវ​ផល​ប៉ះពាល់​ដែល​សហគ្រាស​មីក្រូ តូច និង​មធ្យម ជាសមាជិក​របស់​ខ្លួន​កំពុង​ជួប​ប្រទះ និង​ស្នើ​សុំ​ជំនួយអន្តរាគមន៍ ពីរដ្ឋាភិបាល។
សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា (YEAC)

នៅក្នុងលិខិត​ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២០ សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ បាន​​បញ្ជាក់ថា សមាគម​​បាន​ធ្វើ​ស្ទង់មតិ​អំពី​ផល​ប៉ះពាល់​នៃ​វីរុសកូវីដ១៩ ជាមួយសមាជិក​របស់​ខ្លួន​ចំនួន ២៨៤​ក្រុមហ៊ុន មកពី ១២ខេត្ត-ក្រុង ដែលមាន​បុគ្គលិកប្រមាណជិត ២ម៉ឺននាក់ និង​បាន​រកឃើញ​បញ្ហា​ចម្បងចំនួន ៣ ដែល​រាំងស្ទះ​ដល់​ការប្រកប​អាជីវកម្មរបស់​ពួកគេ។ 

បញ្ហា​ចម្បង​ទាំងនោះ រួមមាន ១) ផល​ប៉ះពាល់​ទៅ​លើអាជីវកម្ម ដូចជា បញ្ហា​លំហូរ​សាច់​ប្រាក់ និង​ការ​មិន​មាន​លទ្ធភាព​សង​បំណុល​ធនាគារ; ២) ផលប៉ះពាល់​លើ​បុគ្គលិក-និយោជិត; និង ៣) ផល​ប៉ះពាល់​ហិរញ្ញវត្ថុ។

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បាន​បន្ត​ថា ចំណូល​ប្រចាំ​ខែ​របស់ក្រុមហ៊ុន​ដែល​បាន​ធ្វើ​ស្ទង់​មតិ បាន​ធ្លាក់ចុះចន្លោះពី ៣០ ទៅ ៨០% និងថា វិបត្តិនេះ​នឹងជំរុញ​ឲ្យ​អាជីវកម្ម​មួយចំនួន ឈានទៅរក​ការ​ផ្អាក ឬបិទ​អាជីវកម្ម​ទាំងមូល ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ ប្រសិន​បើ​គ្មា​នយន្តការ​ស្រោចស្រង់ណា​មួយ ឲ្យ​ចំគោលដៅទេនោះ។

ដោយ​ផ្អែក​លើ​បញ្ហា​ទាំងនេះ សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បាន​ដាក់​ជា​សំណូម​ពរ ទៅ​ក្រសួង​ហិរញ្ញវត្ថុ ស្នើសុំ​​ដំណោះស្រាយ​ ០៣ចំណុច ដូចខាងក្រោម៖ 

១) សុំ​ពន្យារ​ពេល​នៃ​ការ​បង់ពន្ធ​ប្រចាំខែ ក្នុងអំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ គឺ​សម្រាប់​ពន្ធ​ប្រាក់ខែ ពន្ធកាត់ទុក និង​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម (VAT) និង​ស្នើ​សុំ​ជំនួយ​សង្គ្រោះ​ពី​កម្ចី​ដែលមាន​ស្រាប់​បស់​ធនាគារ ដល់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម។ 

២) ស្នើ​ឲ្យ​មាន​ការផ្ដល់​កម្ចី​ដើមទុន ដោយ​មិន​មាន​ទ្រព្យ​ធានា​ ឲ្យ​ដល់​សហគ្រាស​ធុនមីក្រូ តូច និង​មធ្យម ដើម្បីពួកគេ​បន្ត​ស្ថិរភាព​ខ្សែ​សង្វាក់​ផលិតកម្ម និង​ចាប់ផ្ដើម​អាជីវកម្ម​ឡើងវិញ។ 

៣) ស្នើ​ឲ្យ​មាន​កម្មវិធីផ្ដល់​កម្ចី/ការវិនិយោគ​ពង្រីកអាជីវកម្ម ជាមួយគ្រោងការដែល​ចែករំលែក​ហានិភ័យ​របស់​រដ្ឋាភិបាល ក្នុងការពង្រីក​ការវិនិយោគ​ដែលចាំបាច់​សម្រាប់​ដំណើរការ​អាជីវកម្ម​ឡើងវិញ។ 

គិត​មក​ទល់ពេល​នេះ (ថ្ងៃទី២ ខែមេសា ឆ្នាំ​២០២០) ប្រទេស​កម្ពុជាមាន​ករណី​ឆ្លង​វីរុស​កូវីដ១៩ ចំនួន ១១០ករណី​ហើយ ប៉ុន្តែ មិនទាន់មាន​ករណី​ស្លាប់នៅឡើយទេ។ 

ការឆ្លងរាលដាល​នៃ​វីរុស​កូវីដ១៩នេះ បាន​ប៉ះពាល់យ៉ាងខ្លាំង ទៅ​លើ​វិស័យជាច្រើន​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​កន្លង​មក រដ្ឋាភិបាលបាន​ប្រកាស​ត្រៀមថវិកាជាតិ ពី ៨០០ ទៅ ២០០០លានដុល្លារ​អាមេរិក ដើម្បី​ជួយស្រោចស្រង់​សេដ្ឋកិច្ច​ដែលរង​ការវាយប្រហារ​ដោយ​វិបត្តិ​វីរុស​កូវីដ១៩នេះ៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលត្រៀមរោងចក្រផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ខណៈដែលសំភារៈបរិក្ខាពេទ្យមួយចំនួនទៀតនៅតែបន្តនាំចូល

ព័ត៌មាន
ក្រោយពីប្រកាសថា កម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលអាចផលិតម៉ាសបាន១លា២សែនម៉ាស ហើយនោះ ពេលនេះសម្តេច ហ៊ុន ប្រកាសទៀតថា កម្ពុជាត្រៀ…

ថៃចាប់អនុវត្ត​បំរាម​គោចរ​ទូទាំង​ប្រទេស​ពីថ្ងៃទី៣ មេសា តទៅ

ព័ត៌មាន
អាជ្ញាធរ​ថៃ​ប្រកាស​អនុវត្ត​បម្រាម​គោចរ​ទូទាំងប្រទេស​ ចាប់ពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ​២០២០​នេះ​ តទៅ ដោយ​ហាមប្រាម​ប្រជាជន​គ្រប់រូប មិន​ឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ