ប្រធានាធិបតីស្រីលង្កាថានឹងមិនលាលែងពីតំណែងដាច់ខាត

ប្រធានាធិបតីស្រីលង្កាថានឹងមិនលាលែងពីតំណែងដាច់ខាត ទោះបីប្រឈមមុខនឹងបាតុកម្មខ្លាំងយ៉ាងណាក៏ដោយ


ប្រធានាធិបតីស្រីលង្កា លោក កូតាប៉ាយា រ៉ាចាប៉ាកសា(Gotabaya Rajapaksa) បានប្រាប់ទៅរដ្ឋសភា ស្រីលង្កានៅថ្ងៃពុធទី០៦មេសា ថា លោកនឹងមិនចុះចេញពីតំណែងឡើយ ទោះបីពលរដ្ឋនាំគ្នាធ្វើបាតុកម្មទាមទារឲ្យរូបលោកចុះចេញពីអំណាចក៏ដោយ ខណៈមកទល់ពេលនេះ វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ កំពុងដុនដាបកាន់តែខ្លាំងឡើង ហើយរដ្ឋមន្ត្រីជាច្រើនក៏បានលាលែងជាបន្ដបន្ទាប់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC។
ប្រធានាធិបតីស្រីលង្កាថានឹងមិនលាលែងពីតំណែងដាច់ខាតប្រធានាធិបតីស្រីលង្កាថានឹងមិនលាលែងពីតំណែងដាច់ខាត

ប្រធានាធិបតី​ស្រី​លង្កា បាន​ប្រាប់​សមាជិក​សភា​ថា​៖ ក្នុង​នាម​ជា​រដ្ឋាភិបាល​ដែល​មានការ​ទទួលខុសត្រូវ​ចំពោះ​ជាតិ ខ្ញុំ​ដែល​ជា​ប្រមុខរដ្ឋ​-​ជា​ប្រធានាធិបតី នឹង​មិន​លាលែង​ពីមុខ​តំណែង​ទេ ទោះបី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ 

ការ​ប្រកាស​បដិសេធ​ចុះ​ចេញពី​តំណែង​របស់​ប្រធានាធិបតី ស្រី​លង្កា​រូប​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ចេញ​បញ្ជា ឲ្យ​ដក​ប្រទេស​ចេញពី​គ្រាអាសន្ន​វិញ​កាលពី​ថ្ងៃ​អង្គារ​។ លោក​ទើបតែ​បាន​ប្រកាស់​ដាក់​ស្រី​លង្កា​ក្នុង​គ្រាអាសន្ន កាលពី​ថ្ងៃ​ទី​០១​មេ​សា​មក ប៉ុន្តែ​កា​រដក​បញ្ជា​វិញ​ដូចនេះ មិនមែន​បាន​សេចក្តី​ថា ប្រទេស​ស្រី​លង្កា​បាន​រួច​ផុត​ពី​វិបត្តិ និង ភាព​វឹកវរ​នោះ​ទេ​។

ជាក់ស្តែង ពលរដ្ឋ​នៅ​តែ​ប្រមូលផ្ដុំ​គ្នា​តាម​ផ្លូវ មិន​ថា​ថ្ងៃ ឬ យប់ ឬ​សូ​ម្បី​តែ​ពេល​ភ្លៀង​ធ្លាក់ និង​ពេល​ប៉ូ​លី​ស​ព្យាយាម​បំបែក ក៏​គេ​នៅ​ឃើញ​បាតុករ​ឈរ​លើក​បដា ទាមទារ​ឲ្យ​ប្រធានាធិបតី​បច្ចុប្បន្ន​ចុះ​ចេញពី​តំណែង​ដែរ​។ បាតុកម្ម​កាន់តែ​រាលដាល​ទូ​ទាំង​ប្រទេស ខណៈ​នៅ​ថ្ងៃ​ពុធ​នេះ​គេ​ឃើញ​មាន ក្រុម​បុគ្គលិក​ពេទ្យ​ក្នុង​ឈុត​ពណ៌​ស ក៏​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ផង​។ 

ក្នុង​ដៃ​កាន់​បដា​ដែល​សរសេរ​ថា Got to Go Home! ក្នុង​ន័យធៀប​ប្រធានាធិបតី​ចុះ​ចេញពី​តំណែង​ទៅ​, ពលរដ្ឋ​ជា​ច្រើន​បន្ត​ទាមទារ​ឲ្យ​លោក រ៉ា​ចា​ប៉ាក​សា លាលែង ស្រប​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ធ្លាក់​ដល់​កំរិត​ធ្ងន់ធ្ងរ​ខ្លាំង ខ្វះខាត​ស្បៀងអាហារ ថ្នាំសង្កូវ និង​អគ្គិសនី​ប្រើប្រាស់​។ 

នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​ដែរ នៅ​រដ្ឋធានី​កូ​ឡំ​បូ គេ​ឃើញ​មាន​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​នៅ​តែ​បន្ដ​តម្រង់​ជួយ​គ្នា​រង់ចាំ​ទិញ​ប្រេងកាត​តម្លៃ​ថោក នៅ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង ដើម្បី​យក​មក​ប្រើប្រាស់​។ បច្ចុប្បន្ន​ពលរដ្ឋ​ក្រីក្រ​ស្រី​លង្កា​យក​ប្រេងកាត ដែល​មាន​តម្លៃ​មិន​ដល់ ៣០​សេន​ផង​នោះ មក​ប្រើប្រាស់​ជំនួស​ឲ្យ​ប្រេងសាំង និង​ជំនួស​អគ្គិសនី ដើម្បី​ដុត​បំភ្លឺ​។ ទន្ទឹម​នេះ​អ្នកនេសាទ​ស្រី​លង្កា ត្រូវការ​ប្រេងកាត​ខ្លាំង​ណាស់​សម្រាប់​ទូក​របស់​ពួក​គេ​ចេញ​ទៅ​រក​នេសាទ​ត្រី​។ 

សូម​ជម្រាប​ថា ប្រទេស​ស្រី​លង្កា​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៨​។ ប្រទេស​នៅ​អាស៊ី​ខាងត្បូង​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​មួយ​នេះ លែង​មាន​ទុនបម្រុង​ជា​ប្រាក់​ដុល្លារ​គ្រប់គ្រាន់​សម្រាប់​ទិញ​របស់របរ​សំខាន់​ៗ​ដូច​ជា ស្បៀងអាហារ ប្រេងឥន្ធនៈ ឬ​សូ​ម្បី​តែ​ផលិត​អគ្គិសនី​។ ប្រជាជន​បាន​រង​ការ​ដាច់​ចរន្តអគ្គិសនី​រហូត​ដល់​ទៅ ១៣ ម៉ោង ជា​រៀងរាល់ថ្ងៃ និង​ការ​ខ្វះខាត​ស្បៀងអាហារ និង​ទំនិញ​ជា​មូលដ្ឋាន​ផ្សេង​ទៀត​។ 

កាលពី​ថ្ងៃ​អង្គារ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ស្ថានភាព​មនុស្សធម៌​នៅ​ស្រី​លង្កា ពិសេស​ការ​រារាំង​របស់​ប៉ូ​លី​ស ទាហាន​ទៅ​លើ​បាតុករ ដែល​គេ​បារម្ភ​ថា វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​កើតឡើង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ុយក្រែនប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ «ត្រូវចាត់វិធានការលើរុស្ស៊ីភ្លាម បើមិនដូច្នេះទេស្ថាប័នគួររំលាយចោលទៅ»

ព័ត៌មាន
អំឡុងពេលថ្លែងសារទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខឲ្យចាត់វិធានការភ្លាមៗ…

ចិនរកឃើញករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃជាង ២ម៉ឺននាក់ ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន

ព័ត៌មាន
ប្រទេសចិន នៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍អំពីករណីឆ្លង កូវីដ១៩ប្រចាំថ្ងៃដល់ទៅជាង ២ម៉ឺនករណី ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ