ពន្ធប្រថាប់ត្រាលើលំនៅឋាន

រដ្ឋបន្តពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន និងលើកលែងពន្ធប្រថាប់ត្រាលើលំនៅឋានតម្លៃក្រោម៧ម៉ឺនដុល្លារ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបន្តពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនសម្រាប់វិស័យអចលនទ្រព្យ និងបន្តលើកលែងការយកពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី ដែលមានតម្លៃស្មើ ឬក្រោម៧ដុល្លារ និងបានដាក់ចេញវិធានការមួយចំនួនទៀត ដើម្បីជួយរក្សាស្ថិរភាពវិស័យសំណង់និងអចលនទ្រព្យ ក៏ដូចជារក្សានិរន្តរភាពការងារដល់កម្មករ។
រដ្ឋបន្តពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន និងលើកលែងពន្ធប្រថាប់ត្រាលើលំនៅឋានតម្លៃក្រោម៧ម៉ឺនដុល្លារ

ការដាក់ចេញវិធានការបន្ថែមជាកញ្ចប់នេះ ធ្វើឡើងក្រោយរាជរដ្ឋាភិបាលមើលឃើញថា ការកើនឡើងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលនៅតែជាក្តីកង្វល់ធំសម្រាប់កម្ពុជា និងពិភពលោក ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច។ ការដាក់ចេញវិធានការទាំងនេះ ក៏ដើម្បីលើកកម្ពស់លទ្ធភាពរបស់ប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យមអាចមានលទ្ធភាពទិញផ្ទះតម្លៃសមរម្យសម្រាប់រស់នៅផងដែរ។

ដើម្បីជួយរក្សាស្ថិរភាពវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជារក្សានិរន្តរភាពការងារជូនប្រជាពលរដ្ឋ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបន្តពន្យារពេលការអនុវត្តការយកពន្ធលើចំណេញមូលធនសម្រាប់វិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤ និងបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់លំនៅឋានមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២៤។ ការជួយលើកកម្ពស់លទ្ធភាពពលរដ្ឋ ដែលមានចំណូលទាប និងមធ្យមឲ្យមានលទ្ធភាពទិញផ្ទះតម្លៃសមរម្យសម្រាប់រស់នៅ ក៏ស្ថិតក្នុងគោលបំណងនៃការដាក់ចេញវិធានការបន្ថែមជាកញ្ចប់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

បើតាមការគូសបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការដាក់ចេញវិធានការបន្ថែមជាកញ្ចប់នេះធ្វើឡើងក្រោយរាជរដ្ឋាភិបាលមើលឃើញថា ការកើនឡើងភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ការងើបឡើងវិញយឺតនៃសេដ្ឋកិច្ចសកល ការរអាក់រអួលខ្សែចង្វាក់ផ្គត់ផ្គង់សកល ដែលបណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុយឺតជាងការរំពឹងទុក នៅតែជាក្តីកង្វល់ដ៏ធំសម្រាប់កំណើនសេដ្ឋកិច្ចជាតិ បើទោះបីកម្ពុជាបានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មីក៏ដោយ។

លោក ងួន ឆាយលាង នាយកប្រតិបត្តិក្រុមហ៊ុន Pointer Property យល់ឃើញថា បើទោះបីការដាក់ចេញវិធានការបន្ថែមជាកញ្ចប់ទាំង៨ចំណុចរបស់រាជរដ្ឋាភិបាលកាលពីពេលថ្មីៗមិនអាចជួយធ្វើឲ្យស្ថានភាពទីផ្សារលំនៅឋាន និងអចលនទ្រព្យមានភាពល្អប្រសើរភ្លាមៗក្ដី ប៉ុន្ដែ វានឹងជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងអចលនទ្រព្យឲ្យមានកម្លាំងចិត្តមួយកម្រិតទៀតក្នុងការបន្តអាជីវកម្មរបស់ខ្លួន។

ក្រៅពីវិធានការសំខាន់ៗទាំងពីរខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញវិធានការសំខាន់ៗមួយចំនួនទៀតផងដែរដូចជា បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុរហូតដល់ដំណាច់ឆ្នាំ២០២៤, បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី១២ ខែ ដល់១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង១ លានដុល្លារអាមេរិក និងពី ២៤ខែ ដល់៣៦ខែសម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី១លានដុល្លារអាមេរិក និងស្នើក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬ ក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរីដែលមិនទាន់អភិវឌ្ឍន៍ ត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។

បន្ថែមលើនេះរាជរដ្ឋាភិបាលលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុធ្វើការរៀបចំឥណទានឡើងវិញតាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី និងលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរីជាដើម។

ទន្ទឹងនឹងដាក់ចេញវិធានការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំយន្តការ ការងារ ដើម្បីតាមដាន ពិនិត្យ និងវាយតម្លៃជាប្រចាំលើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ សំដៅស្នើឡើងនូវវិធានការគោលនយោបាយជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួច៕




អត្ថបទបន្ទាប់


សមាគមស្វាយចន្ទីកម្ពុជា ជំរុញឱ្យកសិករផ្អាកលក់គ្រាប់ស្វាយចន្ទីសិន ដ្បិតតម្លៃកំពុងធ្លាក់ចុះ

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់ឱ្យកសិករដែលជាសមាជិករបស់ខ្លួន ផ្អាកលក់គ្រាប់ស្វាយចន្ទីឆៅឱ្យវៀតណាមសិន ដោយសារតម្លៃចុះទាប និងត្រូវប្រមូលហាលទ…

បើកគណនីកូនឆ្លាតជាមួយ អេ អឹម ខេ ដើម្បីអនាគតកូនៗរបស់លោកអ្នក

ព័ត៌មាន
កូនៗពិតជាសំខាន់ណាស់សម្រាប់មាតាបិតាគ្រប់រូប ក្នុងនាមជាមាតាបិតាតែងតែគិតពីសុខភាព សុវត្ថិភាព អនាគត ជាពិសេសសុវត្ថិភាពហិរញ្ញវត្ថុរបស់កូនៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ