ស្រូវ-អង្ករ

ឧកញ៉ា គឹម សាវុធ៖ អ្នកជំនួញត្រូវមានភាពស្មោះត្រង់​ដើម្បីឈរជើងឲ្យបានយូរអង្វែង


ឧកញ៉ា គឹម សាវុធ ជាអគ្គនាយក Khmer Food Group ដែលជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាក្នុងការនាំអង្ករទៅលក់នៅលើទីផ្សារអន្ដរជាតិ។ តើអ្វីជាគន្លឹះជោគជ័យរបស់លោកឧកញ៉ាល្បីឈ្មោះរូបនេះ?
ឧកញ៉ា គឹម សាវុធ អគ្គនាយក Khmer Food Group
ដោយ

មុនក្លាយជាអ្នកជំនួញលេចធ្លោម្នាក់នៅកម្ពុជា លោកឧកញ៉ា គឹម សាវុធ បានចាប់ផ្តើមអាជីវកម្មលក់អង្ករតូចមួយនៅខេត្តបាត់ដំបងជាមួយសមាជិកគ្រួសារគាត់។ 

តាមពិតទៅ លោកឧកញ៉ា គឹម សាវុធ មិនមានដើមកំណើតនៅខេត្តបាត់ដំបងនោះទេ ប៉ុន្តែ វេជ្ជបណ្ឌិតដែលមានដើមកំណើតនៅភ្នំពេញរូបនេះ មានភរិយាជាអ្នករស់នៅខេត្តបាត់ដំបង និងមានឪពុកក្មេកជាអ្នករកស៊ីស្រូវអង្ករ។

លោកឧកញ៉ាបានផ្ដល់បទសម្ភាសន៍​ជូនសារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស ដូច្នេះថា៖ «ដំបូងខ្ញុំរៀនខាងពេទ្យ និងធ្វើពេទ្យមធ្យមនៅខេត្តបាត់ដំបងទេ។ បន្ទាប់មកបានរៀនយកវេជ្ជបណ្ឌិត ប៉ុន្តែ មុខរបរពេទ្យមិនត្រូវនឹងចំណង់ចំណូលចិត្ត ព្រោះ អ្នកមករកសេវាយើង គឺបង្ហាញតែពីកង្វល់ ដែលធ្វើឲ្យខ្ញុំអាចឆាប់ចាស់មុនអាយុ និងធ្វើឲ្យខួរក្បាលនឿយណាយច្រើន»។ 

លោកឧកញ៉ាបន្តថា៖ «ដូច្នេះ ក៏ឈប់ធ្វើពេទ្យ ហើយពេលនោះក៏មិនដឹងធ្វើអីដែរ។ តែដោយសារ ឪក្មេងខ្ញុំមានម៉ាស៊ីនកិនស្រូវនៅជ្រោយស្ដៅ ក៏ចាប់អារម្មណ៍រកស៊ីលក់អង្ករ។ លក់ដំបូង២០គីឡូ ៣០គីឡូ ១គីឡូក៏លក់ដែរ ច្រកថង់លក់។ ស្រាប់តែលក់យូរៗទៅ ចេះកើនឡើងៗ»។ 

អ្នកជំនួញត្រូវប្រកាន់ខ្ជាប់ភាពស្មោះត្រង់ ដើម្បីឈរជើងឲ្យបានយូរអង្វែង

លោកឧកញ៉ា គឹម សាវុធ មិនបានចូលរៀនមហា វិទ្យាល័យផ្នែកជំនួញអ្វីនោះទេ ប៉ុន្តែ ការធ្វើអាជីវកម្មបណ្តើរ និងរៀនសូត្របណ្តើរ ព្រមទាំងមានភរិយាល្អ និងកូនដ៏ឈ្លាសវៃ បានជួយជំរុញឲ្យលោកក្លាយជាអ្នករកស៊ីស្រូវអង្ករដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា។ ក្រៅពីមានការជួយជ្រោមជ្រែងពីគ្រួសារ ការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះអតិថិជន និងដៃគូររកស៊ីជាមួយគាត់ បានធ្វើឲ្យលោកឧកញ៉ាទទួលបានភាពជោគជ័យតាំងពីដើមរហូតមកដល់បច្ចប្បន្ន។

លោកឧកញ៉ា គឹម សាវុធ បានមានប្រសាសន៍ថា៖ «ពេលចុះហត្ថលេខាលើកិច្ចសន្យាទិញលក់រួចហើយ ត្រូវធ្វើតែគោរពតាម បើទោះយើងខាតក៏ដោយ ព្រោះ ដើម្បីឲ្យគេជឿជាក់លើយើង យើងត្រូវគិតពីរឿងកេរ្តិ៍ឈ្មោះនៅថ្ងៃស្អែក និងខានស្អែក។ បើយើងចុះកុងត្រាហើយ តែយើងក្រឡាច់ តើយើងទៅរកស៊ីជាមួយនរណាទៀត? ក្រុមហ៊ុន Khmer Food បានកំណត់គោលនយោបាយមួយ គឺ ទៀងទាត់ ស្មោះត្រង់ និងគោរពវិន័យ»។ 

បើតាមលោកឧកញ៉ា គឹម សាវុធ មុខរបរស្រូវអង្ករ មិនចំណេញច្រើន ឬលឿនដូចមុខរបរផ្សេងទៀតនោះទេ។ 

លោកបន្តថា៖ «មុខរបរផ្សេងចំណេញច្រើន រីឯអង្ករចំណេញតិច ចំណេញយឺត ប៉ុន្តែ រកស៊ីស្រូវអង្ករ មិនងាយខាតនោះទេ។ វាមានហានីភ័យទាប ព្រោះ ដ្បិតគេថា ទីផ្សារសេរី ប៉ុន្តែ រឿងអង្ករ រដ្ឋាភិបាលគ្រប់ប្រទេសតែងតែចូលមកអន្តរាគមន៍។ ដូចជា ពេលធ្លាក់ថ្លៃ ក៏រដ្ឋាភិបាលចេញលុយ​ជួយទិញ។ ពេលឡើងថ្លៃ ក៏រដ្ឋាភិបាលចូលមកភ្លាមដែរ តែបើតម្លៃស្មើ ឬថេរ គាត់ទុកឲ្យអ្នកជំនួញចាត់ចែង។ យ៉ាងណាជំនួញអង្ករ បានជួយរកទីផ្សារដល់កសិករ  និងបានជួយកសិករខ្មែរប្រហែល៨លាននាក់ផងដែរ»៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុង​មិត្តភាព​កម្ពុជា​-ចិន​វិនិយោគ​១៥០០​លាន​ដុល្លារ កំពុង​ដំណើរការ​ចាក់​ដី​ដ៏​កក្រើក​ទីតាំង!

ព័ត៌មាន
ក្រុមហ៊ុន​វិនិយោគ​ចិន​ដ៏​ល្បីល្បាញ​មួយ​ដែល​មាន​ឈ្មោះ​ថា ចុង មិញថូវ បាន​បោះទុន​វិនិយោគ​រួមគ្នា​ក្នុង​ទឹក​បា្រក់​ប្រមាណ ១៥០០​លាន​ដុល្លា…

ក្រុមប្រឹក្សាសហភាពអឺរ៉ុបចេញសេចក្តីសន្និដ្ឋានអំពីកម្ពុជា តែមិនច្បាស់លាស់ជុំវិញការបិទទីផ្សារ

ព័ត៌មាន
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានចេញនូវសេចក្តីសន្និដ្ឋានអំពីប្រទេសកម្ពុជា ដែលមានខ្លឹមសារចំនួន​១១ចំណុច ប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ