ការធ្វើដំណើរតាមផ្លូវជាតិលេខ៤ហាក់មមាញឹកឡើងវិញ

ការធ្វើដំណើរតាមផ្លូវជាតិលេខ៤ហាក់មមាញឹកឡើងវិញ ក្រោយផ្លូវល្បឿនលឿនចាប់ផ្តើមយកតម្លៃសេវា


ផ្លូវជាតិលេខ ៤ ទៅមកភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្ដើមមានសកម្មភាពធ្វើដំណើរមមាញឹកច្រើនឡើងវិញហើយ ក្រោយការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវបានកំណត់យកថ្លៃសេវា។ ទោះបីក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿន ចាប់ផ្តើមយកតម្លៃសេវាក្ដី តែចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុនៅតែរក្សាកំណើនគួរឲ្យកត់សម្គាល់នៅពីរសប្តាហ៍កន្លងមកនេះ។
ការធ្វើដំណើរតាមផ្លូវជាតិលេខ៤ហាក់មមាញឹកឡើងវិញ ក្រោយផ្លូវល្បឿនលឿនចាប់ផ្តើមយកតម្លៃសេវា រូបភាព៖ AKP

ទោះយ៉ាងណា អ្នកជំនាញក្នុងវិស័យទេសចរណ៍ស្នើឲ្យក្រុមហ៊ុនមានការគិតគូរឡើងវិញ ចំពោះការយកតម្លៃសេវាសម្រាប់រថយន្តទេសចរណ៍ធុនធំចាប់ពី១២កៅអីឡើង ព្រោះអ្នកជំនាញយល់ថា ការយកតម្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿនសម្រាប់រថយន្តប្រភេទនេះ ហាក់នៅថ្លៃដដែល បើទោះបីមានការបញ្ចុះតម្លៃ២០% ក៏ដោយ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុកត់សម្គាល់ឃើញថា ក្រោយក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចាប់តាំងពីថ្ងៃទី១ខែវិច្ឆិកាមក ចំនួនអ្នកធ្វើដំណើរលើផ្លូវនេះ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងចំនួនអ្នកដំណើរពេលបើកឲ្យប្រើប្រាស់ដោយឥតគិតថ្លៃកាលពីអំឡុងខែតុលា។ ផ្ទុយទៅវិញចំនួនអ្នកធ្វើដំណើរលើផ្លូវជាតិលេខ៤នៅពីរសប្តាហ៍កន្លងមកនេះ ហាក់មានកំណើនឡើងវិញ ក្រោយបានធ្លាក់ចុះមួយរយៈកន្លងមក បន្ទាប់ពីផ្លូវល្បឿនលឿនត្រូវបានបើកឲ្យប្រើប្រាស់ដោយឥតគិតថ្លៃនោះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរូបនេះអះអាងថា ទោះបីចំនួនអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿនមានការធ្លាក់ចុះក្តី តែវាមិនបានទាញទម្លាក់ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុនោះទេ ពោលគឺភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះនៅតែរក្សាកំណើនខ្ពស់ដដែលនៅពីរសប្តាហ៍កន្លងមក។ លោកវាយតម្លៃថា កត្តាដែលជួយឲ្យខេត្តព្រះសីហនុអាចរក្សាកំណើនភ្ញៀវទេសចរ ក៏ដោយសារពីរសប្តាហ៍កន្លងមកជាថ្ងៃឈប់សម្រាកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក គួបផ្សំភាពទាក់ទាញរបស់តំបន់ទេសចរណ៍នៅខេត្តព្រះសីហនុ ដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសណ្តាប់ធ្នាប់នៅតាមតំបន់ទេសចរណ៍នានាបានល្អ។

ស្រដៀងគ្នានេះដែរលោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាកត់សម្គាល់ឃើញថា បើទោះបីចំនួនអ្នកដំណើរធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានការថយចុះ ក្រោយក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវា តែចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុក្នុងអំឡុងបុណ្យអុំទូកកន្លងទៅនៅតែមានកំណើនដូចធម្មតា។ តែយ៉ោងណាអ្នកជំនាញរូបនេះស្នើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនគួរមានការគិតគូឡើងវិញចំពោះការយកតម្លៃសេវាសម្រាប់រថយន្តទេសចរណ៍ប្រភេទ១២កៅអីឡើង ព្រោះលោកយល់ថា ហាក់នៅមានតម្លៃខ្ពស់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរសម្រាប់រថយន្តប្រភេទនេះ។

តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅខេត្តព្រះសីហនុភាគច្រើនជាភ្ញៀវទេសចរផ្ទៃក្នុង ខណៈភ្ញៀវទេសចរអន្តរជាតិចូលមកពីក្រៅប្រទេសពុំទាន់មានកំណើនគួរឲ្យកត់សម្គាល់នោះទេ។ តែយ៉ាងណា លោក រំពឹងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅខេត្តព្រះសីហនុនឹងមានការកើនឡើងខ្លាំងនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ដ្បិតថា នៅចុងឆ្នាំនេះខេត្តព្រះសីហនុនឹងរៀបចំពិធីបុណ្យសមុទ្រ និងព្រឹត្តិការណ៍ទេសចរណ៍មួយចំនួនទៀត។ ជាមួយគ្នានេះ ភ្ញៀវទេសចរអន្តរជាតិតាមកប៉ាល់ក៏នឹងចូលមកខេត្តព្រះសីហនុនៅចុងឆ្នាំនេះផងដែរ។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត២លាន៥៨ម៉ឺននាក់បានដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស មានការកើនឡើង១៨៣% បើធៀបនឹងបុណ្យអុំទូកកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


តើទីផ្សារកៅស៊ូនៅរយៈពេល ១០ខែឆ្នាំនេះ មានស្ថានភាពប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
នៅរយៈពេល ១០ខែដំបូង ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានចំណូល ពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានចំនួនជិត ៤រយលានដុល្លារ មានការកើ…

សេដ្ឋកិច្ចអាមេរិកហាក់មានពន្លឺងាកចេញពីការដាំក្បាលចុះនៅឆ្នាំ២០២៣ ខណៈសេដ្ឋកិច្ចតំបន់អឺរ៉ុបនៅតែបន្ដខ្មៅងងឹត

ព័ត៌មាន
ស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់អាមេរិក ម៉ូហ្កាន ស្តេនលី (Morgan Stanley) បាននិយាយថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស និងតំបន់ចាយប្រាក់អឺរ៉ូទំនង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ