ទីផ្សារកៅស៊ូនៅរយៈពេល ១០ខែឆ្នាំនេះ

តើទីផ្សារកៅស៊ូនៅរយៈពេល ១០ខែឆ្នាំនេះ មានស្ថានភាពប្រែប្រួលយ៉ាងណាខ្លះ?


នៅរយៈពេល ១០ខែដំបូង ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានចំណូល ពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានចំនួនជិត ៤រយលានដុល្លារ មានការកើនជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទោះយ៉ាងណា អ្នកជំនាញអះអាងថា តម្លៃ និងទីផ្សារកៅស៊ូនៅរយៈពេលចុងក្រោយនេះ ហាក់មានការធ្លាក់ចុះ ដោយមិនទាន់មានស្ថិរភាពនៅឡើយនោះទេ។
តើទីផ្សារកៅស៊ូនៅរយៈពេល ១០ខែឆ្នាំនេះ មានស្ថានភាពប្រែប្រួលយ៉ាងណាខ្លះ?

បើទោះបីជា របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញពីតម្លៃនៃការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូការកើនជាង ២០% នៅ១០ខែឆ្នាំ២០២២នេះក្ដី ប៉ុន្ដែ អ្នកជំនាញបានអះអាងថា តម្លៃលក់ជ័រកៅស៊ូនៅមួយរយៈចុងក្រោយនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់។

លោក ម៉ែន សុភក្រ្ត ប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងត្រីមាសចុងក្រោយនេះ ទីផ្សារនាំចេញកៅស៊ូរបស់កម្ពុជាហាក់មានភាពស្ងប់ស្ងាត់បន្តិច ដោយសារតែតម្លៃលក់ជ័រកៅស៊ូមានការធ្លាក់ចុះ ដោយក្នុងនោះជាមធ្យម គឺអាចលក់ចេញបានក្នុងតម្លៃចន្លោះពី ១ពាន់៣រយដុល្លារ ទៅ ១ពាន់៤រយដុល្លារក្នុងមួយតោនប៉ុណ្ណោះ។ លោក ម៉ែន សុភក្រ្ត ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្នស្ថានភាពពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ដោយសារតែមានសង្រ្គាម ក៏ដូចជាវិបត្តិសេដ្ឋកិច្ចនៅបណ្តាប្រទេសធំៗផងនោះ ប្រាកដណាស់វាបានផ្តល់ផលប៉ះពាល់ទៅដល់តម្លៃ និងការនាំចេញកៅស៊ូរបស់កម្ពុជា ដោយលោកបានអះអាងថា លោកមិនរំពឹងខ្ពស់នោះទេ នៅឆ្នាំ ២០២៣ ខាងមុខ តម្លៃលក់ជ័រកៅស៊ូរបស់កម្ពុជាអាចនឹងមានភាពល្អប្រសើរឡើងវិញ។

ជាមួយគ្នានេះ បើតាមឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ ក៏ធ្លាប់បានបញ្ជាក់កាលពីពេលថ្មីៗនេះដែរថា តម្លៃនៃការនាំចេញកៅស៊ូនៅរយៈពេលចុងក្រោយនេះ ហាក់មានការថយចុះជាងឆ្នាំមុន ដោយឯកឧត្តមបានបញ្ជាក់ថា ដោយសារកត្តាមួយចំនួនបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល ការប្រែប្រួលតម្លៃថាមពល អតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ និងការប្រែប្រួលរូបិយបណ្ណធៀបនឹងប្រាក់ដុល្លាអាមេរិកជាដើម។

គួរជម្រាបដែរថា កាលពីថ្ងៃទី៤ ខែខែវិច្ចិកា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរស្តីពី និរាករណ៍ សារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស ក្រោយពិនិត្យឃើញថា សារាចរណែនាំនោះ លែងឆ្លើយតបទៅនឹងស្ថានភាពវិស័យកៅស៊ូបច្ចុប្បន្ន និងក្នុងគោលបំណងសម្រួលដល់កសិករដែលដាំកៅស៊ូជាលក្ខណៈគ្រួសារអាចមានជម្រើស និងទទួលបានប្រាក់ចំណេញខ្ពស់។

បើតាម លោក ម៉ែន សុភក្រ្ត នៅពេលដែលមានការនិរាករណ៍លើសារាចរណែនាំ ស្តីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសបែបនេះ វានឹងបានផ្តល់ប្រយោជន៍ច្រើនដល់ម្ចាស់ចម្ការកៅស៊ូជាលក្ខណៈគ្រួសារផ្ទាល់តែម្តង ដោយពួកគាត់អាចមានជម្រើសច្រើនក្នុងការលក់ជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃរបស់ពួកគាត់ ទាំងលក់នៅទីផ្សារក្នុងស្រុក ក៏ដូចជាតាមព្រំដែន ឬក្រៅប្រទេស ហើយថែមទាំងអាចទទួលបានតម្លៃខ្ពស់ថែមទៀតផងដែរ។ តែទោះជាយ៉ាងណា អ្នកជំនាញកសិកម្មរូបនេះ អះអាងថា សម្រាប់ការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ហាក់មិនមានអ្វីប្រែប្រួលនោះទេ ពោលគឺ បើទោះបីជាធ្វើការនាំចេញជ័រកៅស៊ូមិនទាន់កែច្នៃ ឬ ផលិតផលកៅស៊ូកែច្នៃរួចហើយ ក៏បរិមាណមិនមានអ្វីប្រែប្រួលដែរ គឺការនាំចេញវាអាស្រ័យលើទិន្នផលដែលទទួលបានប៉ុណ្ណោះ។

អ្នកជំនាញសេដ្ឋកិច្ចផ្នែកកសិកម្ម លោក ច័ន្ទ សុផល ធ្លាប់បានគូសបញ្ជាក់ដែរថា ស្របពេលដែល តម្រូវការផលិតកម្មកសិកម្មដូចជាស្បៀងអាហារមានការកើនឡើង ផលិតផលកៅស៊ូក៏កំពុងប្រឈមនឹងការធ្លាក់ចុះ ដោយសារតែតម្រូវការសាកលថមថយ ព្រោះតែបញ្ហាអតិផរណាកើនខ្ពស់។

សូមជម្រាបថា ទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា វៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម៕




អត្ថបទបន្ទាប់


សេចក្តីព្រាងសេចក្តីថ្លែងការណ៍៖ ភាគច្រើននៃសមាជិក G20 ថ្កោលទោសយ៉ាងខ្លាំងចំពោះសង្គ្រាមឈា្លនពានរបស់រុស្ស៊ីនៅអ៊ុយក្រែន

ព័ត៌មាន
ឥណ្ឌូនេស៊ីបានបើកទ្វារផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូល G20 ហើយចាប់ពីថ្ងៃទី១៥ដល់១៦វិច្ឆិកា ឆ្នាំ២០២២នេះ។ រដ្ឋាភិបាលក្រុងហ្សាកាតា នឹងត្រូវធ្វើក…

ការធ្វើដំណើរតាមផ្លូវជាតិលេខ៤ហាក់មមាញឹកឡើងវិញ ក្រោយផ្លូវល្បឿនលឿនចាប់ផ្តើមយកតម្លៃសេវា

ព័ត៌មាន
ផ្លូវជាតិលេខ ៤ ទៅមកភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្ដើមមានសកម្មភាពធ្វើដំណើរមមាញឹកច្រើនឡើងវិញហើយ ក្រោយការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ