ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)

មន្ត្រីក្រសួងអប់រំថា សិស្សប្រឡងបាក់ឌុប ២នាក់វិជ្ជមានកូវីដ១៩ បានប្រឡងដោយរលូន គ្មានការរំខានបញ្ហាសុខភាព


អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ពីរនាក់ ដែលមានផ្ទុកជំងឺកូវីដ-១៩ មានសុខភាពធម្មតា និងកំពុងប្រឡងដោយរលូនគ្មានការរំខានពីជំងឺនេះនោះទេ សម្រាប់ថ្ងៃដំបូងនៃការប្រឡងនេះ។
ក្រុមគ្រូពេទ្យ និងអ្នកបង្រៀនកំពុងរៀបចំវិញ្ញាសារសម្រាប់សិស្សដែលវិជ្ជមានកូវីដ១៩ ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលព្យាបាលកូវីដ -១៩ គឺមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

បេក្ខជនប្រឡងដែលវិជ្ជមានកូវីដ១៩ទាំងពីររូបនេះ គឺជាកីឡាការិនីការ៉ាតេ ទើបត្រឡប់មកពីចូលរួមប្រកួតជើងឯកអាស៊ីនៅប្រទេសកាហ្សាក់ស្តង់ ហើយបច្ចុប្បន្នពួកគេកំពុងប្រឡងនៅមជ្ឈមណ្ឌលជាតិកំចាត់មេរោគរបេង និងហង់សិន ក្រោមការត្រួតពិនិត្យ និងតាមដានទាំងការងារប្រឡង និងសុខភាពរបស់ពួកគេផងដែរ។ អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ដែរថា ជារួមការប្រឡងបាក់ឌុបនៅថ្ងៃទី១នេះ បានប្រព្រឹត្តទៅដោយរលូន ទោះបីក្នុងចំណោមបេក្ខជនប្រមាណ ១១ម៉ឺននាក់មានបេក្ខជនខ្លះមានបញ្ហាសុខភាពក៏ដោយ។ ក្រុមការងារខេមបូណូមីស​លម្អិតរឿងនេះដូចតទៅ។

អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ប្រាប់ខេមបូណូមីសថា បេក្ខជនប្រឡងបាក់ឌុបពីរនាក់ដែលបានឆ្លងជំងឺកូវីដ-១៩ បានប្រឡងដោយរលូនគ្មានការរំខានពីសុខភាពនោះទេនៅថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ។ ឯកឧត្តម អះអាងថា ទោះពីក្នុងចំណោមអ្នកទាំងពីរនាក់មានម្នាក់ឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងក៏ដោយ តែពួកគេទាំងពីរមានសុខភាពធម្មតា មិនការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។

បេក្ខជនដែលមានផ្ទុកជំងឺកូវីដ-១៩ទាំងពីរខាងលើត្រូវបានគណៈកម្មការរៀបចំការប្រឡងបាក់ឌុបដាក់ឲ្យប្រឡងដាច់ដោយឡែកពីបេក្ខជនដទៃ នៅមជ្ឈមណ្ឌលជាតិកំចាត់មេរោគរបេង និងហង់សិន ក្រោមការត្រួតពិនិត្យ និងតាមដានយ៉ាងយកចិត្តតុកដាក់ពីគណៈមេប្រយោគ និងក្រុមគ្រូពេទ្យជាមួយការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ យ៉ាងតឹងរ៉ឹង។

ដំបូងឡើយបេក្ខជនទាំងពីរ មិនត្រូវបានក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យចូលរួមប្រឡងនោះទេ។ ប៉ុន្តែក្រោយមកក្រសួងអប់រំ ក៏បានអនុញ្ញាតឲ្យអ្នកទាំងពីរអាចចូលប្រឡងឡើងវិញ ក្រោយមានការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើតាមប្រមុខដឹកនាំរាជរដ្ឋាភិបាល បេក្ខជនទាំងពីរ ដែលជាកីឡាការិនីការ៉ាតេ បានឆ្លងជំងឺកូវីដ-១៩ ក្រោយពួកគេត្រឡប់មកពីចូលរួមការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីនៅប្រទេសកាហ្សាក់ស្តង់ កាលពីពេលថ្មីៗ។ 

ឯកឧត្តម រស់ សុវាចា បានវាយតម្លៃជារួមថា ការប្រឡងបាក់ឌុបទូទាំងប្រទេសនៅថ្ងៃទី១បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អតាមការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នផ្សេងៗរួមមានក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

តែយ៉ាងណា ឯកឧត្តមកត់សម្គាល់ឃើញថា ការប្រឡងបាក់ឌុបនៅថ្ងៃដំបូងក៏មានបេក្ខនៅតាមមណ្ឌលមួយចំនួនមានបញ្ហាសុខភាពក្នុងអំឡុងពេលប្រឡងផងដែរ។ បញ្ហាសុខភាពរបស់បេក្ខជនទាំងនោះរួមមានអាការៈវិលមុខ ខ្យល់គរ និងក្អួតជាដើម។ ប៉ុន្តែពួកគេទាំងនោះទទួលបានការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីបន្តចូលរួមប្រឡងឡើងវិញផងដែរ។

ការប្រឡងបាក់ឌុបឆ្នាំនេះប្រព្រឹត្តទៅពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានបេក្ខជនចូលរួមប្រឡងប្រមាណ១១ម៉ឺននាក់ មណ្ឌលប្រឡងចំនួន២០៤មណ្ឌល និងមាន៤,៦៥១បន្ទប់។ ក្នុងនោះថ្នាក់សង្គមមានចំនួន១៣១មណ្ឌល ដែលស្មើនឹងប្រមាណ៦៥ភាគរយនៃមណ្ឌលប្រឡងសរុប ខណៈថ្នាក់វិទ្យាសាស្ត្រមាន៧៣មណ្ឌល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រលានយន្តហោះតារាសាគរ នឹងត្រូវបន្ដពន្យារពេលបើកដំណើរការរហូតដល់ពាក់កណ្តាលឆ្នាំ២០២២

ព័ត៌មាន
ការបើកទ្វារអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដើម្បីទទួលជើងហោះហើរសាកល្បងត្រូវបន្តពន្យារពេលបន្ថែមទៀហើយ គឺរហូតដល់ពាក់កណ្តាលឆ្នាំ២០…

តម្លៃភាគហ៊ុនអាស៊ី និងប្រេងឆៅរង្គោះរង្គើ ដោយសារតែក្ដីបារម្ភកើនឡើងទាក់ទងនឹងអូមីក្រុង

ព័ត៌មាន
តម្លៃភាគហ៊ុននៅអាស៊ី និងប្រេងឆៅរង្គោះរង្គើ ដោយសារតែក្ដីបារម្ភកើនឡើងទាក់ទងនឹងអូមីក្រុង។ នៅថ្ងៃចន្ទដើមសប្តាហ៍នៃការបើកឆាកការជួញដូរផ្សារភាគហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ