ការវាយបករបស់កងទ័ពអ៊ុយក្រែនអាចធ្វើឱ្យរុស្ស៊ីវិលទៅរកតុចរចា

ប្រមុខណាតូប្រាប់អាមេរិកដោយសង្ឃឹមថា ការចាប់ផ្តើមវាយបករបស់កងទ័ពអ៊ុយក្រែននឹងបង្ខំឱ្យរុស្ស៊ីចូលតុចរចា


អគ្គលេខាធិការអង្គការណាតូកាលពីថ្ងៃអង្គារ ទី ១៣ មិថុនា បានប្រាប់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅឯសេតវិមានថា កងកម្លាំងអ៊ុយក្រែនដែលមានការជួយពីក្រោយដោយលោកខាងលិចកំពុង«រុលទៅមុខ» ក្នុងការវាយបករបស់ខ្លួន ដើម្បីរុញច្រានកងទ័ពរុស្ស៊ីចេញពីទឹកដីដែលរុស្ស៊ីបានកាន់កាប់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។
ប្រមុខណាតូថាការវាយបករបស់កងទ័ពអ៊ុយក្រែនអាចធ្វើឱ្យរុស្ស៊ីវិលទៅរកតុចរចា

ដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកជាថ្មីដោយលោក ចេន ស្តូលថេនបឺក (Jens Stoltenberg) ប្រមុខអង្គការសម្ព័ន្ធយោធាណាតូ ធ្វើឡើងនៅមុនការបើកសម័យប្រជុំកំពូលនៃអង្គការនេះនៅខែកក្កដា នៅរដ្ឋធានី វីលនៀស (Vilnius) ប្រទេសលីទុយអានី។ កិច្ចប្រជុំនៃប្រទេសសមាជិកណាតូនោះនឹងបង្ហាញសញ្ញាថា ការគាំទ្ររបស់បស្ចិមលោកចំពោះអ៊ុយក្រែនគឺឥតងាករេ និងប៉ុនប៉ងរុញឱ្យរុស្ស៊ីងាកមករកតុចរចាវិញផងដែរ។

ថ្មីៗនេះ កងកម្លាំងអ៊ុយក្រែនបានប្រកាសពីផែនការវាយបកទ្រង់ទ្រាយធំរបស់ខ្លួន ដើម្បីរំដោះទឹកដីទាំងអម្បាលម៉ានដែលកំពុងស្ថិតក្នុងដៃកងទ័ពរុស្ស៊ី ឱ្យវិលមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ ការណ៍នេះ លោកស្តូលថេនបឺក មើលឃើញថា បើសិនជាប្រតិបត្តិការនេះដំណើរការជោគជ័យមែននោះ វាអាចរុញឱ្យមានលទ្ធភាពចរចាបានជាមួយទីក្រុងម៉ូស្គូ។

ការថ្លែងឡើងរបស់អគ្គលេខាធិការអង្គការណាតូត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយលោក ចូ បៃដិន នៅឯសេតវិមាន មុននឹងលោកចាកចេញពីតំណែងកំពូលមួយនេះនៅខែតុលាខាងមុខ។ ក្នុងនោះដែរ លោក ចូ បៃដិន បានថ្លែងក្នុងសម្ដីដើមថា «យើងបានពង្រឹងស្លាបខាងកើតរបស់អង្គការណាតូ ហើយយើងបានបញ្ជាក់ច្បាស់ថាយើងនឹងការពារគ្រប់ចង្អាមនៃទឹកដីរបស់សមាជិកណាតូ»។ លោក បៃឌិន បានបន្តថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមាត្រា៥នៃសន្ធិសញ្ញាមហាសមុទ្រអាត្លង់ទិកខាងជើងគឺរឹងមាំដូចថ្ម។ ការថ្លែងបែបនេះគឺសំដៅដល់ការជួយការពារគ្នាទៅវិញទៅមក។

ចំពេលជាមួយគ្នានេះ នៅថ្ងៃអង្គារដដែលនោះ ក្រសួងការបរទេសអាមេរិកបានប្រកាសកញ្ចប់ជំនួយថ្មីបន្ថែមទៀតសម្រាប់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ប្រមាណ ៣២៥លានដុល្លារអាមេរិក ដែលរួមមានគ្រាប់រំសេវ និងសព្វាវុធធុនធ្ងន់ផ្សេងៗទៀត។

មន្ទីរបញ្ចកោណអាមេរិកបាននិយាយថា កញ្ចប់ជំនួយថ្មីនេះ នឹងបង្កើនសមត្ថភាពសំខាន់ៗ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការដណ្តើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញ និងគាំទ្រអ្នកការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបានការពារប្រកបដោយវីរភាពចំពោះកងកម្លាំងថ្មើរជើងអ៊ុយក្រែន ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។

ជុំវិញនឹងបញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែននេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៤ ខែមិថុនា បានបញ្ចេញទស្សនៈថា អ៊ុយក្រែន នឹងមិនអាចវាយដណ្ដើមយកទឹកដីរបស់ខ្លួន ដែលរុស្ស៊ីកំពុងកាន់កាប់បានមកវិញនោះទេ។ បើទោះបីជា អ៊ុយក្រែន ទទួលបានអាវុធយុទ្ធភណ្ឌជាច្រើនបន្ដបន្ទាប់ពីលោកខាងលិចក៏ដោយ។ ជុំវិញការលើកឡើងរបស់សម្តេចតេជោហ៊ុន សែននេះ យើងនឹងលម្អិតនៅវគ្គក្រោយ៕




អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា វិស័យឧស្សាហកម្មស្វាយចន្ទីត្រូវការទុនបង្វិល ៣០០លានដុល្លារក្នុងមួយឆ្នាំ

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា យ៉ាងហោចណាស់ ឧស្សាហកម្មស្វាយចន្ទីកម្ពុជា ត្រូវការដើមទុនបង្វិលប្រមាណ ៣០០ដុល្លារក្នុងមួយឆ្នាំ ទើបអាចគ្រ…

ការផ្ដល់ប្រាក់កម្ចីថ្មីនៅប្រទេសចិនក្នុងខែឧសភាកើនឡើងទាបជាងការរំពឹងទុក ដែលទាមទារការជំរុញបន្ថែមទៀត

ព័ត៌មាន
ការផ្ដល់ប្រាក់កម្ចីថ្មីតាមធនាគារនៅប្រទេសចិនបានកើនឡើងកាលពីខែឧសភា បើធៀបនឹងខែមេសា ខណៈដែលធនាគារកណ្តាលបានរក្សាគោលនយោបាយសមស្របក្នុងការជួយគា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ