វិបត្តិស្បៀងអាហារ

UN ព្យាករថា សេដ្ឋកិច្ចប្រទេសធំៗលើពិភពលោកនឹងបន្តជួបបញ្ហាប្រឈមខ្លាំង ខណៈអ្នកខ្វះស្បៀងនឹងកើនដល់២៣៨លាននាក់


អង្គការសហប្រជាជាតិ(UN)បានព្យាករថា សេដ្ឋកិច្ចនៅតាមបណ្តាប្រទេសមហាអំណាចធំៗដូចជាអាម៉េរិក ចិន អឺរ៉ុប និងជប៉ុននឹងនៅតែបន្តជួបប្រឈមនឹងបញ្ហាប្រឈមខ្លាំងនៅឆ្នាំ២០២៤ នេះ ខណៈពលរដ្ឋ ដែលនឹងជួបបញ្ហាអសន្តិសុខស្បៀងនឹងកើនដល់២៣៨លាននាក់។ ជាមួយគ្នានេះ UN ព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះពី២,៧%នៅឆ្នាំ២០២៣ មកនៅត្រឹម២,៤% នៅក្នុងឆ្នាំ២០២៤។
វិបត្តិស្បៀងអាហារ
ដោយ

របាយការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យសម្រាប់ឆ្នាំ២០២៤ របស់អង្គការសហប្រជាជាតិ បានព្យាករថា សហរដ្ឋអាម៉េរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក នឹងមានការធ្លាក់ចុះនៃកំណើនផលិតផលក្នុងស្រុកសរុបពី២,៥% ក្នុងឆ្នាំ២០២៣ មកត្រឹម១,៤% ក្នុងឆ្នាំ២០២៤ ខណៈដែលពលរដ្ឋបន្តរឹតត្បិតលើការចំណាយ អត្រាការប្រាក់នៅតែខ្ពស់ និងទីផ្សារការងារនៅមានកម្រិត។

ទន្ទឹមគ្នានេះ សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក ក៏នឹងប្រឈមមុខនឹងការថមថយសេដ្ឋកិច្ចផងដែរនៅឆ្នាំនេះ។ នៅឆ្នាំ២០២៣ កន្លងទៅ ចិនអាចសម្រេចបានកំណើនប្រមាណ៥,៣% តែនៅឆ្នាំ២០២៤ នឹងថយមកនៅត្រឹម៤,៨%វិញ ។

ជាមួយគ្នានេះ សេដ្ឋកិច្ចនៅអឺរ៉ុប និងជប៉ុន ក៏នឹងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដ៏សំខាន់ផងដែរ ដែលបង្កដោយវិបត្តិសកលនានា ក្នុងនោះអត្រាកំណើនសេដ្ឋកិច្ចនៅអឺរ៉ុប និងជប៉ុន ត្រូវបានអង្គការសហប្រជាជាតិថព្យាករថា នឹងមានកំណើនត្រឹម១,២% ប៉ុណ្ណោះ នៅឆ្នាំ២០២៤។

បញ្ហាប្រឈមរបស់ប្រទេសធំៗទាំងនេះ បានជំរុញឱ្យអង្គការសហប្រជាជាតិ ព្យាករជារួមថា កំណើនសេដ្ឋកិច្ចសកលដែលរំពឹងអាចសម្រេចបាន២,៧% នៅឆ្នាំ២០២៣ នឹងបន្តថមថយចុះមកនៅត្រឹម២,៤% នៅក្នុងឆ្នាំ២០២៤ ដែលបណ្តាលមកពីផលប៉ះពាល់ដែលបន្តសេសសល់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងការកើនឡើងកម្រិតបំណុលសកល និងបញ្ហាភាពតានតឹងភូមិសាស្ត្រនយោបាយសកលផ្សេង​ៗ​។

ទន្ទឹមនឹងបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចសកល អង្គការសហប្រជាជាតិបានព្យាករពីស្ថានភាពដ៏វិជ្ជមានមួយពីការថមថយនៃកម្រិតអតិផរណា។ UN ព្យាករថា អត្រាអតិផរណាសកល ដែលជាក្តីបារម្ភសំខាន់ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កំពុងបង្ហាញសញ្ញានៃភាពធូរស្រាលជាមួយការរំពឹងនឹងធ្លាក់ចុះពី៨,១% ក្នុងឆ្នាំ២០២២ មកនៅត្រឹម៥,៧%ក្នុងឆ្នាំ២០២៣ នឹងបន្ត ធ្លាក់ចុះមកត្រឹម៣,៩% នៅឆ្នាំ២០២៤។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អតិផរណាតម្លៃស្បៀងនៅតែជាបញ្ហាប្រឈមសំខាន់ ដែលធ្វើឲ្យបញ្ហាអសន្តិសុខស្បៀង និងភាពក្រីក្រកើតមានកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះមនុស្សប្រមាណ២៣៨លាននាក់ត្រូវបានគេព្យាករថា នឹងជួបប្រទះនូវបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរបន្ថែមមួយកម្រិតទៀត៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន៖ សន្តិភាពបានធ្វើឲ្យកម្ពុជាក្លាយជាម្ចាស់លើជោគវាសនារបស់ខ្លួន និងចេញផុតពីប្រទេសក្រីក្រ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កត់សម្គាល់ឃើញថា នៅក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅនេះ បន្ទាប់ពីទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន…

វិស័យផលិតកម្ម និងសេវាកម្ម នឹងធ្វើឱ្យសេដ្ឋកិច្ចឥណ្ឌា មានកំណើនជាង៦% នៅឆ្នាំនេះ

ព័ត៌មាន
អង្គការសហប្រជាជាតិ(UN)បានព្យាករថា សេដ្ឋកិច្ចឥណ្ឌានឹងមានកំណើនក្នុងអត្រាជាង៦% នៅឆ្នាំ២០២៤ នេះ ដែលគាំទ្រដោយសារតម្រូវការក្នុងស្រុក និងកំណើនដ៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ