ជំនួយវ៉ាក់សាំងកូវីដរបស់អាមេរិក

សហរដ្ឋអាមេរិកបញ្ជូនជំនួយវ៉ាក់សាំងកូវីដ-១៩ មកឲ្យកម្ពុជា និងថៃ ចំថ្ងៃតែមួយ


នៅក្នុងកិច្ចប្រជុំកំពូល G7 សមាជិកG7បានសន្យាបរិច្ចាគវ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។ សហរដ្ឋអាមេរិកបាននាំមុនគេក្នុងការបរិច្ចាគដូសភ្លាមៗជាមួយនឹងការបរិច្ចាគបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទន្ទឹមនេះ នៅព្រឹកថ្ងៃទី៣០ ខែកក្កដាជំនួយវ៉ាក់សាំងកូវីដ-១៩របស់អាមេរិក បានដឹកមកដល់ កម្ពុជា និងថៃ ចំថ្ងៃជាមួយគ្នាតែម្ដង។
វ៉ាក់សាំងកូវីដ១៩បានដឹកមកដល់កម្ពុជា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់

នៅព្រឹកថ្ងៃសុក្រ​ ទី​៣០ខែកក្កដា ជំនួយវ៉ាក់សាំងកូវីដ១៩ ប្រភេទ ចនសុន ចនសុន ចំនួន៥០ម៉ឺនដូសនៃវ៉ាក់សាំង១លានដូសបានដឹកមកដល់កម្ពុជាហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ដោយមានវត្តមានរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ក្នុងការទទួលការមកដល់នៃវ៉ាក់សាំងនេះផងដែរ។ រីឯវ៉ាក់សាំងចំនួន៥០ម៉ឺនដូសទៀត ត្រូវបាន​រំពឹងថា នឹងដឹកមកដល់​នៅថ្ងៃទី ២ ខែសីហាខាងមុខនេះ។ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ឱ្យដឹងថា  ជំនួយ វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកនេះជាផ្នែកមួយនៃការគាំទ្រដល់ប្រជាជនកម្ពុជា ប្រឹងប្រែងងើបចេញពី ជំងឺរាតត្បាតដ៏ធ្ងន់ធ្ងរមួយនេះ។

នៅថ្ងៃដដែលនេះដែរ វ៉ាក់សាំងកូវីត Pfizer-BioNTech  ចំនួន ១លាន ៥សែនដូសក្នុងចំណោម ២លាន ៥សែនដូស ដែលបានបរិច្ចាគដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បាន​ដឹក​មកដល់អាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃដែរ។ នេះបើយោងតាមស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាងកក។ ការបរិច្ចាគនេះនឹងជួយប្រទេសថៃពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង​ការពារសុខភាពប្រជាជនថៃ​ទាំងអស់ និងចាប់ផ្តើមដំណើរការនៃការស្តារសេដ្ឋកិច្ចឡើងវិញ។ យ៉ាងណាមិញ រដ្ឋាភិបាលថៃក៏បាន​បញ្ជាទិញ​ថ្នាំវ៉ាក់សាំង Pfizer-BioNTech ចំនួន ២០ លានដូសបន្ថែមទៀត​ដល់ប្រជាជន​របស់ខ្លួន ដើម្បីចាក់ជូនជូន​នៅត្រីមាសទី ៤ ឆ្នាំនេះ ខណៈដែរប្រទេសនេះ​កំពុងតែមានការឆ្លងរីរាលដាលជាខ្លាំង។

យ៉ាងណាមិញមិនមែនមានតែកម្ពុជា និងថៃនោះទេ ប្រទេសក្បែរខាងចំនួនពីរទៀត​ក៏បានទទួលនូវជំនួយវ៉ាក់សាំង​ពីសហរដ្ឋអាមេរិកដែរ។ ក្នុងនេះកាលពីថ្ងៃទី១៩ ខែកក្កដា ប្រទេសឡាវ​ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ប្រភេទ Johnson & Johnson ចំនួនជាង១លានដូសផងដែរ ពីសហរដ្ឋអាមេរិក​តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់។ រដ្ឋាភិបាលឡាវ ជឿជាក់ថា ការមកដល់នៃវ៉ាក់សាំងបង្ការកូវីដ-១៩​របស់អាមេរិកនេះ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងនៃការចាក់វ៉ាក់សាំង​ដើម្បីឈានដល់ ៥០ ភាគរយនៃចំនួនប្រជាជននៅក្នុងឆ្នាំ ២០២១។

ដោយឡែក នៅប្រទេសវៀតណាមឯណោះវិញ នាពេលថ្មីៗនេះក៏បានទទួលវ៉ាក់សាំង Moderna ចំនួនជាង ២លានដូសដែរ ពីរដ្ឋាភិបាល​សហរដ្ឋអាមេរិកតាមរយៈ​យន្ដការកូវ៉ាក់។ បន្ថែមពីនេះ អាមេរិក គ្រោងនឹង​ផ្ដល់ជូន​វ៉ាក់សាំង Moderna ដល់វៀតណាម​បន្ថែមចំនួន ​៣លានដូសទៀត ​សម្ព័ន្ធ GAVI។ ឯកអគ្គរាជទូតអាមេរិក​ប្រចាំវៀតណាម បានមានប្រសាសន៍ថា ការដឹកជញ្ជូននេះបាននាំមកនូវក្តីសង្ឃឹមថា វៀតណាមនឹងអាចបិទរបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ -១៩ ដោយជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយដៃគូនៅ​ទូទាំងពិភពលោក​ដើម្បីបញ្ចប់​ផលប៉ះពាល់សុខភាព​សាធារណៈ និងសេដ្ឋកិច្ចឡើងវិញ។ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក​ដើម្បីអភិវឌ្ឍន៍​អន្តរជាតិ សហរដ្ឋអាមេរិកបានផ្តល់វិភាគទាន​ចំនួន ២ ពាន់លានដុល្លារ​ដល់ហ្គាវី (Gavi) ដែលជាសម្ព័ន្ធវ៉ាក់សាំង​ដើម្បីគាំទ្រដល់ការទិញ​ និងចែកចាយវ៉ាក់សាំងការពារកូវីដ-១៩ ទៅប្រទេសចំណូលទាប និងមធ្យមចំនួន ៩២ប្រទេស៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាបាននិងកំពុងទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសណាខ្លះ ក្រៅតែពីប្រទេសចិននោះ?

ព័ត៌មាន
ចាប់តាំងពីមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រៅតែពីវ៉ាក់សាំងដែលទទួលបានពីជំនួយយន្ដការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ចិនគឺជាប្រទេសទ…

នាយករដ្ឋមន្ត្រីថៃ៖ ស្ថានភាពកូវីដ-១៩ នឹងធូរស្បើយមកវិញ ក្នុងរយៈពេល ៤ ទៅ ៦ សប្តាហ៍ខាងមុខ

ព័ត៌មាន
នាយរកដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចារ បានចេញមុខធានាអះអាងពីជំនឿចិត្ត និងក្ដីសង្ឃឹមថា ស្ថានភាពកូវីដ-១៩ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ