ធនាគារកណ្តាលអាមេរិក

ធនាគារកណ្តាលអាមេរិក ប្រកាសផ្តល់កម្ចីបន្ទាន់ ដើម្បីជួយសង្គ្រោះធនាគារអាមេរិកនានា ក្រោយធនាគារខ្នាតយក្ស ២ ដួលបះជើង


ប្រព័ន្ធទីផ្សារហិរញ្ញវត្ថុរបស់អាមេរិកកំពុងច្របូកច្របល់យ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃមកនេះ នៅក្រោយពេលធនាគារយក្សៗធំៗចំនួន២របស់ប្រទេសមហាអំណាចផុតលេខរបស់ពិភពលោកមួយនេះ គឺធនាគារ Silicon Valley Bank (SVB) និង ធនាគារ Signature Bank បានដួលបាស់ជើងក្ស័យធនភ្លាមៗបន្ដកន្ទុយគ្នា។ ឆ្លើយតបទៅនឹងស្ថានការណ៍នេះ ធនាគារកណ្តាលរបស់អាមេរិក បានប្រកាសពីកម្មវិធីផ្តល់ប្រាក់កម្ចីបន្ទាន់មួយ កាលពីថ្ងៃ១២ ខែ មីនាដើម្បីពង្រឹងប្រព័ន្ធធនាគារទាំងអស់របស់សហរដ្ឋអាមេរិកឡើងវិញ។
ធនាគារកណ្តាលអាមេរិក ប្រកាសផ្តល់កម្ចីបន្ទាន់ ដើម្បីជួយសង្គ្រោះធនាគារអាមេរិកនានា ក្រោយធនាគារខ្នាតយក្ស ២ ដួលបះជើង រូបភាព រ៉យទ័រ

ភាពជាក់លាក់នៃការដួលរលំភ្លាមៗរបស់ធនាគារ SVB គឺមិនមានភាពច្របូកច្របល់ណាស់ណាទេ ប៉ុន្តែការដំឡើងអត្រាការប្រាក់ហួសហេតុរបស់ធនាគារកណ្ដាលអាមេរិកកាលពីឆ្នាំមុន ដែលបានធ្វើឱ្យប៉ះពាល់ដល់លក្ខខណ្ឌហិរញ្ញវត្ថុនៅក្នុងលំហរនៃការចាប់ផ្តើមអាជីវកម្មដែលត្រូវបានគេកត់សម្គាល់ឃើញថា គឺអាចជាហេតុផលចម្បងមួយនៃការដួលរលំរបស់ធនាគារនេះ។ ធនាគារកណ្តាលអាមេរិកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងធានាឲ្យមានការផ្តល់មូលនិធិបន្ថែមដល់ស្ថាប័នទទួលប្រាក់បញ្ញើ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជួយធានាថា ធនាគារទាំងនោះមានលទ្ធភាពបំពេញតាមតម្រូវការរបស់អ្នកដាក់ប្រាក់បញ្ញើ និងឥណទានទាំងអស់របស់ពួកគេ។

ប្រភពដដែលបានបន្ថែមថា ខ្លួននឹងរៀបចំដើម្បីដោះស្រាយបញ្ហាសម្ពាធសាច់ប្រាក់ងាយស្រួល ដែលកម្មវិធីនេះ ត្រូវបានគេហៅថា “ កម្មវិធីផ្តល់មូលនិធិតាមកាលកំណត់របស់ធនាគារ (Bank Term Funding Program )។

ប្រភពដដែលបានបន្ថែមថា កម្មវិធីនេះ នឹងផ្តល់ប្រាក់កម្ចីរហូតដល់មួយឆ្នាំទៅឱ្យធនាគារណា ឫក៏ស្ថាប័នហិរញ្ញវត្ថុណា ដែលបានដាក់ទ្រព្យបញ្ចាំនៅ រតនាគារសហរដ្ឋអាមេរិក ឫស្ថាប័នគ្រប់គ្រងបំណុល ឫក៏ផ្សាហ៊ុនណាមួយនៅអាមេរិក ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Janet Yellen រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក, លោក Jay Powell ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក និង លោក Martin Gruenberg ប្រធាន សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធបានចេញសេចក្ដីថ្លែងការណ៍រួមថា វិធានការនេះ គឺជាជំហានមួយដែលនឹងអាចធានាថាប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកបន្តអនុវត្តតួនាទីសំខាន់របស់ខ្លួនក្នុងការការពារប្រាក់បញ្ញើ និងការផ្តល់ឥណទានដល់អ្នក ដែលត្រូវការមូលនិធិ។

ក្រុមមន្រ្តីហិរញ្ញវត្ថុកំពូលរបស់អាមេរិកទាំងនេះបានអះអាងថា នេះក៏ជាយន្តការដែលនឹងចូលរួមធានា និងធ្វើឲ្យប្រាកដអំពីលទ្ធភាពទទួលបានឥណទានដល់ពលរដ្ឋអាមេរិក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរឹងមាំ និងនិរន្តរភាព។

សូមបញ្ជាក់ថា ក្រោយពីប្រកាសដាក់ឲ្យធនាគារ SVB ក្ស័យធនដោយអាជ្ញាធររដ្ឋកាលីហ្វហ្វ័រញ៉ាកាលពីថ្ងៃទី ១០ ខែមីនា រួចមក រាជរដ្ឋាភិបាលអង់គ្លេសឯណោះវិញ ក៏បានញាប់ដៃញាប់ជើងក្នុងការទប់ស្កាត់បញ្ហានេះ ដោយបានអនុញ្ញាតឲ្យធនាគារដ៏ធំរបស់ខ្លួន គឺធនាគារ HSBC ទិញយកសាខាធនាគារ SVB នៅអង់គ្លេស ដើម្បីការពារពលរដ្ឋដែលជាអ្នកប្រើប្រាស់របស់ធនាគារនេះ។ កិច្ចព្រមព្រៀងទិញលក់នេះ គឺមានតម្លៃត្រឹមតែ ១ផោន ឬស្មើនឹងជាង១ដុល្លារអាមេរិកប៉ុណ្ណោះ ដែលវាជាកិច្ចព្រមព្រៀងសង្គ្រោះ។ ដោយឡែក នៅប្រទេសអាល្លឺម៉ង់វិញ បានសម្រេចឲ្យសាខាធនាគារ SVB ផ្អាកដំណើរការ ដោយរដ្ឋាភិបាលប្រទេសនេះអះអាងថា ការដួលរលំរបស់ធនាគារអាមេរិកមួយនេះ មិនបានបង្កប៉ះពាល់ជាប្រព័ន្ធនោះឡើយ ហើយក៏មិនមានការគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុរបស់អាល្លឺម៉ង់នោះដែរ។ សាខាធនាគារ SVB នៅអាល្លឺម៉ង់ មានទ្រពសកម្មប្រមាណជាង៨៤១លានដុល្លារប៉ុណ្ណោះ បើគិតត្រឹមចុងឆ្នាំមុន៕
អត្ថបទ ៖ រស សុជាតិ




អត្ថបទបន្ទាប់


ជប៉ុនគ្រោងនឹងផ្តល់មូលនិធិ ដើម្បីគាំពារដល់គោលនយោបាយជំរុញកំណើនប្រជាជន

ព័ត៌មាន
គណបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុនបាននិយាយថា គោលនយោបាយជំរុញអត្រាកំណើតនៅក្នុងប្រទេសជប៉ុនអាចត្រូវបានផ្តល់មូលនិធិដោយមូលបត្របំណុលរបស់រដ្ឋាភ…

ប្រាក់ដុល្លារអាមេរិករអិលធ្លាក់ចុះ ក្រោយការដួលរលំធនាគារអាមេរិកខ្នាតយក្សចំនួន២

ព័ត៌មាន
ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃចន្ទទី១៣មីនានេះ ខណៈដែលមានក្ដីរំពឹងទុកកាន់តែខ្ពស់ថា ធនាគារកណ្ដាលអាមេរិកនឹងដាក់ចេញរូបិយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ