ប្រធានាធិបតីអាមេរិកនឹងចួលរួមអាស៊ាននៅកម្ពុជា!

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា


ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា កម្ពុជា បានត្រៀមខ្លួនជាស្រេច ក្នុងការអញ្ជើញបណ្ដាថ្នាក់ដឹកនាំប្រទេស និងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិនានាចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅនៅ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា

បើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយផ្ទាល់ផងដែរ។

ក៏ប៉ុន្តែ ជាមួយគ្នានោះ សម្ដេចក៏បានបញ្ជាក់ទៀតថា ចំពោះប្រធានាធិបតីរុស្សី លោក Vladimir Putin វិញមិនទាន់មានការឆ្លើយនៅឡើយថា លោកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា ដែរឬអត់។ នេះបើតាមប្រសាសន៍សម្ដេច ហ៊ុន សែន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនពលរដ្ឋខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ចំពោះវត្តមានរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ សម្ដេចបានទទួលព័ត៌មានយូរមកហើយ ប៉ុន្ដែ សម្ដេចមិនទាន់អាចប្រកាសជាសាធារណៈនោះទេ ពោលត្រូវរង់ចាំការប្រកាសជូនដំណឹងជាផ្លូវការពីសេតវិមានអាមេរិកជាមុនសិន។ ក៏ប៉ុន្តែ បើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ឥលូវនេះច្បាស់លាស់ហើយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរមកកាន់កម្ពុជា ដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិក និងអាស៊ីបូព៌ា នៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ខាងមុខ។ សម្ដេចបន្តថា បើតាមសេចក្ដីប្រកាសរបស់សេតវិមាន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ លោក ចូ បៃដិន នឹងចាកចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអេហ្ស៉ីប រួចចេញពីអេហ្ស៉ីប មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បន្ទាប់មកចាកចេញពីកម្ពុជា ទៅប្រទេសឥណ្ឌូនេស៊ី រួចហើយទើបត្រឡប់ ទៅសហរដ្ឋអាមេរិកវិញ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា នៅថ្ងៃខាងមុខនេះ សម្ដេចនឹងមានការងារច្រើនដែលត្រូវធ្វើពាក់ព័ន្ធកិច្ចការបរទេស ដូច្នេះ សម្ដេចសម្រេចផ្អាកការចុះចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋដោយផ្ទាល់ និងប្រគល់ភារកិច្ចធ្វើបន្ដជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ស្ថាប័នពាក់ព័ន្ធ។ ទន្ទឹមនោះ សម្តេច ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្តេចក៏បានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ផងដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីភាគីរុស្សី ថាលោក Vladimir Putin នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែរឬអត់។

ដោយឡែក សម្តេចតេជោ ក៏នឹងត្រូវជួបសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែន តាមទូរសព្ទ ដោយសម្ដេចបានបង្ហើបឲ្យដឹងថាថា ជំនួបនេះនឹងត្រូវធ្វើឡើង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៤រសៀល ម៉ោងនៅរាជធានីភ្នំពេញ ត្រូវនឹងម៉ោង១១ នៅទីក្រុងកៀវ។ យ៉ាងណាក៏ដោយ សម្ដេច ហ៊ុន សែន ក៏មិនទាន់បញ្ជាក់នៅឡើយថា សម្ដេច និងប្រធានាធិបតី អ៊ុយ ក្រែន នឹងពិភាក្សាគ្នាពីបញ្ហាអ្វីនៅឡើយនោះទេ។

សូមបញ្ជាក់ថា នេះជាលើកទី៣ ហើយដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា»៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃគាំទ្រគម្រោងអនុញ្ញាតឱ្យក្រុមវិនិយោគិនបរទេសអាចទិញដីបាន ខណៈដែលបក្សប្រឆាំងជំទាស់នឹងគម្រោងនេះ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃបានការពារសេចក្ដីព្រាងច្បាប់មួយក្នុងការអនុញ្ញាតឱ្យជនបរទេសជាក្រុម អាចដាក់ពាក្យសុំការអនុញ្ញាត ដើម្បីអាចមានសិទ្ធិ ទិញ និងកាន់…

ឥណ្ឌាប្រកាសនឹងបន្ដរឹតត្បិតការនាំចេញស្ករសនៅឆ្នាំក្រោយទៀត ប៉ុន្ដែអាចនឹងបន្ធូរបន្ថយលើកូតានាំចេញ

ព័ត៌មាន
រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ប្រទេសឥណ្ឌានឹងបន្តរឹតត្បិតការនាំចេញស្ករសក្នុងរយៈពេលពេញមួយឆ្នាំទៀត ពោលគឺពីពេលនេះរហូតដល់ខែតុលាឆ្នាំ២០២៣ ក៏ប៉ុន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ