អាមេរិក-ចិន

ប្រមុខគ្រប់គ្រងនុយក្លេអ៊ែរអាមេរិកសង្កេតឃើញថា កម្មវិធីនុយក្លេអ៊ែររបស់ចិនមិនបានថយថយឡើយ


ប្រធានបញ្ជាការយុទ្ធសាស្ត្រនៃអាវុធនុយក្លេអ៊ែររបស់អាមេរិកបាននិយាយកាលពីសប្តាហ៍នេះថា ខ្លួនកំពុងតានដានមើលយ៉ាងដិតដល់នូវការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន។ ការអង្កេតតាមដាននេះធ្វើឡើងពីទីស្នាក់ការកណ្តាលរបស់បញ្ជាការនៅមូលដ្ឋានទ័ពអាកាស Offutt នៅរដ្ឋ Nebraska ដែលមើលឃើញថា «ទីក្រុងប៉េកាំងកំពុងប្តេជ្ញាបង្កើនឱ្យមានការចែកចាយនុយក្លេអ៊ែរទាំងបីច្រក ដែលអាចបាញ់ចេញទាំងពីលើគោក សមុទ្រ និងផ្លូវអាកាស»។
អាមេរិកមើលឃើញថា ចិនកំពុងបង្កើនការផលិតនុយក្លេអ៊ែរមែនទែន!
ដោយ

ឧត្តមសេនីយ Anthony Cotton មេបញ្ជាការនៃទីបញ្ជាការដ្ឋានយុទ្ធសាស្ត្រអាមេរិកបានប្រាប់វេទិកាព័ត៌មានមួយកាលពីថ្ងៃពុធនៅរដ្ឋ Omaha ថា «អាមេរិកមិនឃើញមានសញ្ញាណាមួយដែលថា ប្រទេសចិនកំពុងបន្ថយល្បឿននុយក្លេអ៊ែរនោះទេ»។ លោកថា ប្រព័ន្ធមីស៊ីលដាក់លើដីបញ្ជាដោយទូរស័ព្ទ និងប្រព័ន្ធបញ្ជាបាញ់ចេញពីក្នុងដី កំពុងមានចំនួនច្រើនលើសពីអាមេរិកកំពុងមានទៅទៀត។
ក្នុងន័យនេះ លោក Cotton ចង់សំដៅទៅទៅកាន់លិខិតមួយ ដែលគាត់បានផ្ញើទៅកាន់សភាកាលពីដើមឆ្នាំនេះ ដោយជូនដំណឹងថា ចំនួនមីស៊ីលផ្លោងអន្តរទ្វីបនៅក្នុងស្តុកសកម្មរបស់ប្រទេសចិន មិនទាន់មានចំនួននាំមុខសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែចំនួនគ្រាប់មីស៊ីលអន្តរទ្វីប ដែលដាក់សម្រាប់បញ្ជាពីក្នុងដី និងចល័តមានលើសពីអាមេរិក។
នៅក្នុងសវនាការសភាកាលពីខែមីនានោះ លោក Cotton បានផ្តល់សក្ខីកម្មថា ត្រឹមរយៈពេល៣ឆ្នាំកន្លងមកនេះ ប្រទេសចិនបានសាងសង់មីស៊ីលអន្តរទ្វីបបញ្ជាពីក្នុងដីថ្មីរាប់រយគ្រាប់ ដែលនេះគឺផ្ទុយទាំងស្រុងពីអ្វីដែលប៉េកាំងអះអាងជំហររបស់ខ្លួនតាំងពីដើមមកថា «ចង់ឱ្យវាមានកម្រិតទាប»។ យោងតាមមេបញ្ជាការយុទ្ធសាស្ត្រអាមេរិករូបនេះឱ្យដឹងទៀតថា មីស៊ីលដែលអាចបាញ់ចេញទាំងបីច្រកនេះត្រូវបានបែងចែក ៣០០គ្រាប់ស្មើៗគ្នានៅក្នុងប្រទេសចិន ហើយវាមានសមត្ថភាពហោះដល់ទ្វីបអាមេរិក។

លោក Anthony Cotton បានប្រាប់សិន្និសីទនៅរដ្ឋ Omaha នោះថា តាមការធ្វើបច្ចុប្បន្នភាពចុងក្រោយពីភ្នាក់ងារស៊ើបការណ៍របស់ឱ្យដឹងថា «អាមេរិកកំពុងតាមដានលើរឿងនេះយ៉ាងដិតដល់ និងដឹងថាមីស៊ីលទាំងនោះនៅកន្លែងណា»។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានដាក់ពង្រាយមីស៊ីលបាញ់ពីដី (Minuteman III ICBMs) ៤០០គ្រាប់ ដែលនីមួយៗមានបំពាក់នុយក្លេអ៊ែរមួយគ្រាប់ នៅមូលដ្ឋានទ័ពអាកាសក្នុងរដ្ឋ Wyoming រដ្ឋម៉ុនតាណា និងដាកូតាខាងជើង។
ជាមួយគ្នា កងទ័ពអាកាសអាមេរិកកំពុងអភិវឌ្ឍមីស៊ីលអន្តរទ្វីបថ្មី ដែលនឹងជំនួសមីស៊ីលទាំង៤០០គ្រាប់ខាងលើ។ បើយោងតាមសេវាស្រាវជ្រាវសភាអាមេរិក កម្មវិធីនេះត្រូវបានរំពឹងថា នឹងអាចជំនួសមីស៊ីលចាស់បាន ៩គ្រាប់ គិតត្រឹមឆ្នាំ២០២៩ និងបញ្ចប់ជាស្ថាពរទាំង៤០០គ្រាប់នៅឆ្នាំ២០៣៦។ លោក Cotton មេបញ្ជាការនៃទីបញ្ជាការដ្ឋានយុទ្ធសាស្ត្រអាមេរិក បានគូសបញ្ជាក់ឱ្យដឹងទៀតថា មីស៊ីលថ្មីទាំងនោះ គឺជាការការពារការវាយប្រហារដ៏អស្ចារ្យរបស់អាមេរិក ហើយមានសុវត្ថិភាព ស្ថិរភាព និងប្រសិទ្ធភាព។
គួរជម្រាបដែរថា ប្រទេសចិនត្រូវបានគេព្យាករថា នឹងមានក្បាលគ្រាប់គ្រាប់នុយក្លេអ៊ែរជាង១ពាន់គ្រាប់នៅចុងទសវត្សរ៍នេះ ពោលគឺកើនឡើងពីជាង៤១០គ្រាប់ ដែលប៉េកាំងមានគិតត្រឹមខែមករាឆ្នាំនេះ។ ប្រសិនបើទីក្រុងប៉េកាំងពិតជាសម្រេចបាន១ពាន់គ្រាប់នៅឆ្នាំ២០៣០មែន នោះនុយក្លេអ៊ែរដែលដាក់ពង្រាយរបស់ចិនអាចមានចំនួនជិតស្មើនឹងអាមេរិក និងរុស្ស៊ីដែលមានចំនួន១,៥៥០គ្រាប់ កំពុងត្រូវបានដាក់ពង្រាយក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មី (New START) ដែលប្រទេសរុស្ស៊ីទើបប្រកាសដើរចាកចេញកាលប៉ុន្មានខែមុននេះ។ ក្នុងន័យនេះ បើសិនចិន និងរុស្ស៊ីរួមដៃគ្នាលើចំនួននុយក្លេអ៊ែរដែលដាក់ពង្រាយ នោះអាមេរិកនឹងមិនមានអ្វីយកទៅប្រៀបជាមួយចិននិងរុស្ស៊ីឡើយ ហើយវានឹងតម្រូវឱ្យវ៉ាស៊ីនតោនធ្វើសកម្មភាពបង្កើនមីស៊ីលខ្លួនចាប់ពីពេលនេះតទៅ៕




អត្ថបទបន្ទាប់


ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនកំពុងតែបង្កភាពស្រពិចស្រពិលដល់វិស័យទេសចរណ៍ថៃយ៉ាងណាខ្លះ?

ព័ត៌មាន
ប្រតិបត្តិករទេសចរណ៍នៅក្នុងប្រទេសថៃបានឱ្យដឹងថា វិបត្តិសេដ្ឋកិច្ច ដែលកំពុងតែកើតមាននៅក្នុងប្រទេសចិនកំពុងដាក់សម្ពាធដល់វិស័យទេសចរណ៍នៅក្នុងប្រទ…

អាមេរិកយល់ព្រមបញ្ជូនយន្តហោះចម្បាំង F-16 ទៅពីសម្ព័ន្ធមិត្តដាណឺម៉ាក និងហូឡង់ ទៅឲ្យអ៊ុយក្រែន

ព័ត៌មាន
មន្ត្រីអាមេរិកពីររូបបានឱ្យសារព័ត៌មានអន្តរជាតិធំៗដឹថា រដ្ឋបាលលោកចូ បៃដិន បានសម្រេចអនុម័តជាផ្លូវការឱ្យប្រទេសសម្ព័ន្ធមិត្តដាណឺម៉ាកនិងហូឡង់ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ