ការប្រែប្រួលអាកាសធាតុ ពន្ធ និងសុខភាព

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ស្ដីពីការប្រែប្រួលអាកាសធាតុ ពន្ធ និងសុខភាព ជាមួយនឹងកញ្ចប់ចំណាយ ៤៣០ពាន់លានដុល្លារ


បន្ទាប់ពីបានចរចាគ្នារយៈពេល ១៨ ខែ និងការជជែកដេញដោលគ្នាយ៉ាងតឹងតែង នៅទីបំផុតព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអាទិត្យ ទី៧ សីហា បានសម្រេចអនុម័តច្បាប់ពាក់ព័ន្ធនឹងផែនការនៃការប្រែប្រួលអាកាសធាតុ ពន្ធ និងការថែទាំសុខភាពដ៏ពោរពេញដោយមហិច្ឆតារបស់លោក Joe Biden ហើយ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ស្ដីពីការប្រែប្រួលអាកាសធាតុ ពន្ធ និងសុខភាព ជាមួយនឹងកញ្ចប់ចំណាយ ៤៣០ពាន់លានដុល្លារ

ក្នុងនោះ មានការចំណាយថវិកា​សម្រាប់​គម្រោងនេះដល់ទៅ ៤៣០ពាន់លានដុល្លារអាមេរិក ហើយការអនុម័តគម្រោងដ៏សម្បើមនេះ ​វា​ក៏​បាន​​បង្ហាញ​ពី​ជ័យជម្នះដ៏ធំធេងមួយ​​សម្រាប់លោក បៃដិន ​នៅ​មុន​ពេល​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នាពេលខាងមុខ​ផង​ដែរ​។

ដោយ​ធ្វើ​ការ​​បោះឆ្នោតរួម​គ្នា ​​និង​​ការជួយ​បោះឆ្នោត​បន្ថែម​សំឡេង​គាំទ្រ​ពី​អនុប្រធានាធិបតី​អាមេរិក​លោក​ស្រី​Kamala Harrisនោះ ​​គណបក្សប្រជាធិបតេយ្យបាន​ឈ្នះ​​ការ​​អនុម័ត​​លើ​ផែនការ​ចំណាយ​ ៤៣០ពាន់លានដុល្លារ ​​ដែលនឹងត្រូវ​បញ្ជូន​ទៅសភាតំណាង​រាស្ត្រ​​នៅសប្តាហ៍ក្រោយ​នេះនៅ​មុន​ពេល​បញ្ជូន​​​ទៅ​ឱ្យ​លោកប្រធានាធិបតី​​ចូ បៃដិន ​ចុះ​ហត្ថ​លេខា​ឱ្យ​ចូល​​ជា​ធរ​មាន​។

ផែនការដែលត្រូវបានបង្កើតឡើង​នៅក្នុងការពិភាក្សាដ៏រសើប​ជាមួយសមាជិក​ស្ដាំនិយម​​នៃ​គណបក្សប្រជាធិបតេយ្យរបស់​លោក បៃដិន ​នេះ​ នឹងរួមបញ្ចូលនូវការវិនិយោគដ៏ធំបំផុតរបស់​​​អាមេរិក​មិនធ្លាប់មាន​ពី​មុន​មក​​ពាក់​ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ ដោយក្នុងនោះមាន​ថវិកា​ចំនួន​ ៣៧០​ពាន់លានដុល្លារ​ ត្រូវបានគ្រោងទុក​ប្រើប្រាស់ក្នុង​​​បំណង​បន្ថយ​ការ​បំភាយ​ឧស្ម័ន​​ផ្ទះ​កញ្ចក់ឱ្យ​បាន​ ៤០%​នៅ​ត្រឹម​ឆ្នាំ​២០៣០​។

ការ​អនុ​ម័ត​លើ​ផែន​ការ​នេះ ​នឹងផ្តល់ឱ្យលោក Biden នូវជ័យជម្នះយ៉ាងច្បាស់លាស់មួយ​លើរបៀបវារៈ​កំពូល​មួយរបស់​លោក​ និងឆ្ពោះទៅរកការស្តារឡើងវិញ​នូវភាព​ជា​អ្នក​ដឹកនាំ​របស់សហរដ្ឋអាមេរិក​ក្នុង​ការដោះ​ស្រាយ​បញ្ហា​​អាកាសធាតុ​ពិភពលោក។​

លោក Biden បានសាទរចំពោះ​ការអនុម័តច្បាប់​នេះ ​ដោយគូសបញ្ជាក់ពីការងារ​ដ៏​សំខាន់​មួយ​នេះ​ និង​បាន​ទទួលស្គាល់ថា​ ​មិនមែនគ្រប់គ្នាសុទ្ធ​តែ​សប្បាយចិត្តនឹងលទ្ធផលចុងក្រោយ​នេះ​ទេ​។​

ច្បាប់​នេះ​​នឹងផ្តល់ឱ្យពល​រដ្ឋ​​អាមេរិកាំង​ទូទៅ​នូវ​ឥណទានពន្ធ (Tax Credit) ​រហូត​ដល់ ​៧ពាន់៥រយដុល្លារ​នៅពេលដែល​ពួក​គេ​​បាន​​ទិញ​រថយន្ត​អគ្គិសនី​​បូករួមទាំងការបញ្ចុះតម្លៃ ​៣០%​ ​នៅពេល​ពួកគេ​បាន​ដាក់ដំឡើង​​បន្ទះ​ស្រូប​​ពន្លឺ​ព្រះអាទិត្យ​​នៅ​លើដំបូលផ្ទះរបស់​ពួកគេ​។

​​ច្បាប់​នេះ​ក៏នឹងផ្តល់ប្រាក់រាប់លានដុល្លារ​ផងដែរ ​ដើម្បី​​ជួយការពារ និងអភិរក្សព្រៃឈើ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញកាន់តែខ្លាំងឡើងក្នុងពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ​ដោយភ្លើងព្រៃក្នុង​​អំឡុងពេលរលកកម្ដៅ​ខ្លាំង​ដែលអ្នកវិទ្យាសាស្ត្រនិយាយថា វា​មានទំនាក់ទំនងនឹង​ការ​ឡើង​កម្ដៅ​ភពផែនដី​។​

ឥណទានពន្ធរាប់ពាន់លានដុល្លារក៏នឹងចាក់​បញ្ចូល​ដើម្បីដោះស្រាយ​បញ្ហា​នៅ​​ក្នុង​ឧស្សាហកម្មបំពុលបរិយាកាស​ដ៏អាក្រក់បំផុត​មួយ​ចំនួនរបស់​អាមេរិក​ផង​ដែរ ​​ដើម្បីជួយឲ្យឧស្សាហកម្មអាច​ផ្លាស់​ប្ដូរ​ឆ្ពោះ​ទៅ​កាន់​​វិធីសាស្រ្តកាត់បន្ថយ​ការ​ប៉ះ​ពាល់​បរិស្ថាន​ថែម​ទៀត។

បន្ថែមពីនេះ តាមផែនការ​ក៏នឹងមានការចំណាយ​៦៤ពាន់លានដុល្លារ សម្រាប់គំនិតផ្ដួចផ្ដើម​ថែទាំសុខភាព និងការធានា​នូវការ​បញ្ចុះតម្លៃឱសថ​មួយចំនួន ដែលតម្លៃឱសថនេះ បច្ចុប្បន្ន​អាចមានខ្ពស់ជាងប្រទេស​ប្រទេស​អ្នកមានផ្សេងៗទៀត​ដល់ទៅ ១០ដងឯណោះ៕




អត្ថបទបន្ទាប់


ប្រទេសជប៉ុនមានបំណងរក្សាភាគហ៊ុននៅក្នុងគម្រោងទាញយកប្រេង Sakhalin-1 នៅរុស្ស៊ី

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក កយឈី ហាហ្គុយដា (Koichi Hagiuda) បាននិយាយក្នុងថ្ងៃចន្ទ ទី ៨ ខែ សីហាថា ប្រទេសជប៉ុនមានបំណងរក្សាភាគហ៊ុន…

អាជីវកម្មជាង ១៧០០ នឹងចួលរួមក្នុងមហាសន្និបាត BNI ប្រចាំឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ

ព័ត៌មាន
BNI កម្ពុជា ដែលជាសមាជិករបស់ BNI សកលលោក ហើយជាបណ្ដាញទំនាក់ទំនងអាជីវកម្មធំជាងគេបំផុតនៅក្នុងប្រទេសផងនោះ នឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំ ២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ