ធនាគារពិភពលោក ផ្ដល់កម្ចី ២៧៤លានដុល្លារថែមទៀត

ធនាគារពិភពលោក ផ្ដល់កម្ចី ២៧៤លានដុល្លារថែមទៀត សម្រាប់ជួយកម្ពុជាស្តារសេដ្ឋកិច្ច និងបង្កើនភាពធន់យូរអង្វែង


កម្ពុជាទទួលការទ្រទ្រង់ដោយឥណទានចំនួន ២៧៤លានដុល្លារអាមេរិកថែមទៀត ពីធនាគារពិភពលោក សម្រាប់ប្រតិបត្តិការគោលនយោបាយកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍភាពធន់របស់កម្ពុជា។ ហិរញ្ញប្បទានដែលទើបនឹងត្រូវបានក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកអនុម័តរួចនេះ នឹងជួយដល់កំណែទម្រង់សម្រាប់ជំរុញកំណើន និងពង្រឹងភាពធន់របស់កម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ធនាគារពិភពលោក នាថ្ងៃទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២។
ធនាគារពិភពលោក

បើតាមធនាគារពិភពលោក សេដ្ឋកិច្ចរបស់កម្ពុជាបានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើឱ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដក ៣,១% ក្នុងឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុង រយៈពេល ៣០ឆ្នាំចុងក្រោយនេះ។ ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២,៨% ដោយរុញមនុស្សប្រហែល ៤៦ម៉ឺននាក់ ឱ្យធ្លាក់ក្នុងភាពក្រីក្រវិញ។ រដ្ឋាភិបាលបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាត តាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធមានការកើនឡើង រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹងមូលដ្ឋានសារពើពន្ធនឱ្យបានរឹងមាំ ចាប់ពីពេលនេះទៅមុខទៀត។

បើទោះជាសេដ្ឋកិច្ចបានងើបឡើងវិញនៅឆ្នាំ២០២១ និង២០២២ មែនក្តី បរិយាកាសចុះខ្សោយនៅខាងក្រៅមានន័យថា លទ្ធភាពវិលទៅទទួលបានអត្រាកំណើនដ៏រឹងមាំ ដែលធ្លាប់មាននៅមុនការផ្ទុះជំងឺរាតត្បាត ពិតជានឹងមិនងាយរកបានទេ។ សង្រ្គាមដែលនៅតែបន្តមានក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តាទាំងអស់នេះ នឹងជះឥទ្ធិពលមិនល្អមកលើទស្សនវិស័យពាណិជ្ជកម្ម របស់កម្ពុជា។ ប្រទេសប្រទេសកម្ពុជា ក៏ជាប្រទេសងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ ដោយសារត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់។

ធនាគារពិភពលោក បានបញ្ជាក់ឱ្យដឹងថា ហិរញ្ញប្បទានចំនួន ២៧៤លានដុល្លារថែមទៀតនេះទ្រទ្រង់ដល់កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់ផ្សេងទៀតនឹងបង្កើនភាពធន់នៃសារពើពន្ធ រួមទាំងការកែលម្អការគ្រប់គ្រងភាពជាដៃគូរវាងផ្នែកសាធារណៈនិងឯកជន និងការសម្រួលដល់ការលក់បណ្ណបំណុលរបស់រដ្ឋាភិបាលក្នុងទីផ្សារក្នុងស្រុក។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយកើតឡើង។

លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ខណៈដែលយុទ្ធសាស្ត្រ «រស់ជាមួយកូវីដ-១៩» បានជួយស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញក៏ពិតមែន ប៉ុន្តែ កម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានានៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកលនៅឡើយ។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹងជួយកម្ពុជាក្នុងការជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន, ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់ប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួន។

សូមជម្រាបថា ហិរញ្ញប្បទាននេះ ឈរលើផែនការរបស់រដ្ឋាភិបាលសម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាត ដែលមានគោលបំណងទូលំទូលាយបី គឺការស្តារសេដ្ឋកិច្ច, កំណែទម្រង់ និងការបង្កើនភាពធន់ និងបន្ថែមពីលើហិរញ្ញប្បទានចំនួន ២០០ លានដុល្លារអាមេរិក សម្រាប់ Cambodia Relief, Recovery, and Resilience Development Policy Financing ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០២១។ ហិរញ្ញប្បទាននេះនឹងជួយសម្រាលសម្ពាធផ្នែកសារពើពន្ធខ្លះដែលរដ្ឋាភិបាលកំពុងជួបប្រទះ ដោយសារតែមានឱនភាពក្រែលគួរសមដែរនៅក្នុងប៉ុន្មានឆ្នាំនេះ។ ឥណទានចំនួន ២៧៤លានដុល្លារអាមេរិកនេះ ត្រូវបានផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយដល់ប្រទេសក្រីក្រ៕




អត្ថបទបន្ទាប់


តើអ្វីខ្លះនៅតែជាកត្តាប្រឈមក្នុងការអភិវឌ្ឍស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ?

ព័ត៌មាន
មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល បានបង្កើតពិភាក្សារួមគ្នាមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍរស្ដារសេដ្ឋកិច្ច និង…

កត្តាអ្វីជាឧបសគ្គសម្រាប់សហគ្រិនវ័យក្មេងនៅកម្ពុជា នៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម?

ព័ត៌មាន
បច្ចុប្បន្ន វិស័យសហគ្រាសធុនតូច និងមធ្យម មានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសវិស័យនេះបានក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ច ការបង្កើតឱកាសការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ