បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

អាមេរិកព្រមាននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុតបើកូរ៉េខាងជើងហ៊ានសាកល្បងនុយក្លេអ៊ែរ


អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី វិនឌី សឺម៉េន (Wendy Sherman) បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងពិភពលោក នឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតទៅលើប្រទេសកូរ៉េខាងជើង ប្រសិនរដ្ឋឯកោមួយនេះ ហ៊ានតែធ្វើតេស្ដអាវុធនុយក្លេអ៊ែរមែននោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃនេះ។
អាមេរិកព្រមាននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ អំពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង
ដោយ

លោកស្រី សឺ​ម៉េ​ន បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​បន្ទាប់​ពី​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​កូរ៉េ​ខាងត្បូង​គឺ​លោក ឆូ យុន ដុ​ង (Cho Hyun-dong) ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េ​ខាងត្បូង​ថា ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ណាមួយ គឺជា​ការ​បំពាន​ទាំងស្រុង​លើ​សេចក្ដីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​វា​នឹង​មានការ​ឆ្លើយ​តប​យ៉ាង​រហ័ស និង​ខ្លាំងក្លា​បំផុត​ចំពោះ​ការ​សាកល្បង​អាវុធ​ប្រល័យ​លោក​នេះ​។

លោកស្រី សឺ​ម៉េ​ន អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ជឿ​ថា មិន​ត្រឹមតែ​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក រួម​ទាំង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ពិភពលោក​ទាំងមូល​ក៏​នឹង​ឆ្លើយ​តប​ចំពោះ​ទ​ង្វើ​ដ៏​បំពាន​យ៉ាង​គឃ្លើន​របស់​កូរ៉េ​ខាងជើង​នេះ​ផង​ដែរ​។ លោកស្រី សឺ​ម៉េ​ន បាន​បន្ថែម​ថា អា​មេ​រិ​កបាន​ត្រៀមខ្លួន​រួច​ហើយ ហើយ​អា​មេ​រិ​ក​នឹង​បន្ត​ការ​ពិភាក្សា​ត្រីភាគី​របស់​ខ្លួន​ជាមួយ​កូរ៉េ​ខាងត្បូង និង​ជប៉ុន នៅ​ថ្ងៃ​ពុធ ទី​៨​មិថុនា​នេះ​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​រឿង​នេះ​។

ការ​បញ្ជាក់​របស់​លោកស្រី សឺ​ម៉េ​ន នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កងកម្លាំង​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​បាញ់​មី​ស៊ី​ល​ចំនួន ៨ គ្រាប់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ចេញពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​កូរ៉េ​ខាងត្បូង ដើម្បី​ឆ្លើយ​តប​នឹង​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​មួយ​ចំនួន​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ​។

មន្ត្រី​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​ព្រមទាំង​មន្ត្រី​ជំនាញ​កូរ៉េ​ខាងជើង​ធ្លាប់​បាន​និយាយ​នា​ពេល​ថ្មី​ៗ​នេះ​ថា មាន​សញ្ញា​នៃ​ការ​សាងសង់​តំបន់ ភុង​ក្យេ​រី (Punggye-ri) ថ្មី ជា​កន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដ៏​ល្បី​តែ​មួយ​គត់​របស់​កូរ៉េ​ខាងជើង ហើយ​ថា​ទីក្រុង​ព្យុ​ង​យ៉ាង​អាច​នឹង​សាកល្បង​គ្រាប់បែក​មួយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ខណៈ​ដែល​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​មួយ​នេះ​ខាន​បាន​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ​។

ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​លោក រ៉ា​ហ្វេ​អែ​ល ក្រូ​ស៊ី (Rafael Grossi) កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​បាន​និយាយ​ថា ការងារ​សាងសង់​របស់​កូរ៉េ​ខាងជើង​នេះ​បាន​ពង្រីក​កន្លែង​សំខាន់​ៗ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​សំខាន់​របស់​ខ្លួន​គឺ​រោងចក្រ យ៉ុ​ង​ប្យុ​ន (Yongbyon) និង​កំពុង​តែ​ដំណើរការ​ទៅ​មុខ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិនព្រមានអូស្ត្រាលីពីផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីខ្លួនស្ទាក់ចាប់បានវត្តមានយន្តហោះអូស្ត្រាលីហោះចូលក្នុងដែនសមុទ្រចិនខាងត្បូង

ព័ត៌មាន
ទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានព្រមានដល់ទីក្រុងកង់បេរ៉ាឱ្យ "ធ្វើសកម្មភាពដោយប្រយ័ត្នប្រយែង" បើមិនដូច្នោះទេ អាចប្រឈមមុខនឹង "ផលវិបា…

សមរភូមិភាគខាងកើតអ៊ុយក្រែនបន្ដស្វិតស្វាញ ខណៈរុស្ស៊ីប៉ះសម្ដីជាមួយសហភាពអឺរ៉ុបនៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ

ព័ត៌មាន
រុស្ស៊ីបានប្រយុទ្ធគ្នាយ៉ាងក្តៅគគុក សូម្បីតែនៅតាមផ្លូវតូចធំនៃទីក្រុង ក្នុងគោលដៅម្ខាងចង់ការពារ និងម្ខាងទៀតចង់គ្រប់គ្រងទៅលើទីក្រុងឧស្សាហកម្មសៀវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ