មីស៊ីលប៉ាឡេស្ទីក

ហេតុអ្វីកូរ៉េខាងជើងបាញ់មីស៊ីលប៉ាឡេស្ទីក ក្រោយការទៅដល់របស់នាវាមុជទឹកនុយក្លេអ៊ែអាម៉េរិក


ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងជាថ្មី បន្ទាប់យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងប៉ាឡេស្ទីករយៈចម្ងាយឆ្ងាយកាលពីថ្ងៃចន្ទ ទី១៨ ធ្នូ ប៉ុន្មានម៉ោងក្រោយក្រុងព្យុងយ៉ាងបានថ្កោលទោសអាម៉េរិក ចំពោះការសម្ញែងសាច់ដុំយោធាដាក់ខ្លួនជាមួយនឹងកូរ៉េខាងត្បូង។ មុននេះមួយថ្ងៃ ពោលគឺនៅថ្ងៃអាទិត្យមានសេចក្តីរាយការណ៍ថា នាវាមុជទឹកនុយក្លេអ៊ែរបស់អាម៉េរិកមួយគ្រឿងបានធ្វើដំណើរទៅដល់ និងចូលចតនៅកំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូង។
មីស៊ីលប៉ាឡេស្ទីក
ដោយ

យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា មីស៊ីលប៉ាឡេស្ទីករយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងត្រូវបានបាញ់ចេញពីតំបន់មួយនៅជិតរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង។

ក្រសួងការពារជាតិរបស់ប្រទេសជប៉ុនក៏បាននិយាយផងដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងលិចនៃកោះហុកកៃដូ ប្រហែលមួយម៉ោងបន្ទាប់ពីការបាញ់សាកល្បង។ តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនNHK គេនៅមិនទាន់អាចដឹងអំពីរយៈកម្ពស់ និងចម្ងាយនៃមីស៊ីលនេះនៅឡើយទេ។

គួរជម្រាបថា ការបាញ់មីស៊ីលសាកល្បងនៅថ្ងៃចន្ទនេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយផ្សេងទៀតកាលពីយប់ថ្ងៃអាទិត្យ ដោយមីស៊ីលនោះហោះបានចម្ងាយប្រហែល៥៧០គីឡូម៉ែត្រពីតំបន់មួយនៅជិតទីក្រុងព្យុងយ៉ាង ហើយធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ការបាញ់ផ្លោងមីស៊ីលផ្ទួនៗបែបនេះរបស់កូរ៉េខាងជើង គឺក្រោយពេលទីក្រុងព្យុងយ៉ាងបានចេញសារថ្កោលទោសសហរដ្ឋអាម៉េរិកធ្ងន់ៗ ចំពោះការរៀបចំនូវអ្វីដែលខ្លួនហៅថា«ការត្រៀមទុកជាមុននៃសង្គ្រាមនុយក្លេអ៊ែ» បន្ទាប់ពីការមកដល់នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យ។

កាលពីចុងសប្តាហ៍មុននេះ កងទ័ពជើងទឹករបស់កូរ៉េខាងត្បូង បានឱ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែ USS Missouri របស់សហរដ្ឋអាម៉េរិក បានមកដល់កំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូង ខណៈដែលនាវាមុជទឹកនុយក្លេអ៊ែពីរគ្រឿងផ្សេងទៀតរបស់អាម៉េរិក ក៏បានមកដល់កូរ៉េខាងត្បូងដែរកាលពីខែមុន។

កាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំជាន់ខ្ពស់របស់មន្ត្រីអាម៉េរិក និងកូរ៉េខាងត្បូងស្តីពីការប្រើប្រាស់អាវុធយោធាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់ការគំរាមកំហែងយោធារបស់កូរ៉េខាងជើង សហរដ្ឋអាម៉េរិក ក៏បានព្រមានកូរ៉េខាងជើងដែរថា ការវាយប្រហារនុយក្លេអ៊ែណាមួយនឹងនាំទៅដល់ការបញ្ចប់ក្រុងព្យុងយ៉ាង។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការបាញ់កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទនេះ ក្រសួងការពារជាតិរបស់កូរ៉េខាងជើងបានថ្កោលទោសភាពទំនើងយោធារបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងចំពោះការបង្កើនភាពតានតឹងជាមួយនឹងសមយុទ្ធ ការបង្ហាញសាច់ដុំយោធា និងការធ្វើផែនការសម្រាប់សង្គ្រាមនុយក្លេអ៊ែ។

ការបាញ់សាកល្បងមីស៊ីលប៉ាឡេស្ទីករយៈចម្ងាយឆ្ងាយនេះ កើតឡើងក្រោយក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលប្រភេទដូចគ្នានេះម្តងរួចមកហើយកាលពីខែកក្កដា ដែលអ្នកវិភាគមួយចំនួនបាននិយាយថា គឺជាការបាញ់បង្ហោះដោយជោគជ័យនៃមីស៊ីលរយៈចម្ងាយឆ្ងាយ និងបានហោះលើគន្លងដ៏ខ្ពស់ដល់ទៅរយៈកម្ពស់ជាង៦ពាន់៦រយគីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុន Nissan គ្រោងនាំចេញរថយន្តអគ្គិសនីផលិតនៅប្រទេសចិន ទៅកាន់ទីផ្សារពិភពលោក

ព័ត៌មាន
ក្រុមហ៊ុនរថយន្តជប៉ុន Nissan Motor បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា ខ្លួននឹងលក់រថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិនទូទាំងពិភពលោក ចំពេលក្រ…

ក្រុមហ៊ុនចិនកាន់តែច្រើនសម្លឹងចាប់យកម៉ាឡេស៊ី ធ្វើជាមូលដ្ឋានដំឡើងបន្ទះឈីបកម្រិតខ្ពស់

ព័ត៌មាន
ក្រុមហ៊ុនឌីហ្សាញបន្ទះឈីបចិន កាន់តែច្រើនឡើងកំពុងឈោងចាប់បណ្ដាក្រុមហ៊ុនម៉ាឡេស៊ី ដើម្បីដំឡើងបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន ហើយការធ្វើបែបនេះ គឺ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ