ដំបូន្មានវិនិយោគ

លោកង៉ែត ជូ៖ «កំហុសឆ្គង៦យ៉ាង»ដែលធ្វើឲ្យការវិនិយោគដីធ្លីទទួលបានបរាជ័យ!


លោក ង៉ែត ជូ ដែលគេស្គាល់ថា ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងវិនិយោគ បានអះអាងនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា មាន«កំហុសឆ្គង៦យ៉ាង» ដែលធ្វើឲ្យការវិនិយោគនៅក្នុងវិស័យដីធ្លី មិនទទួលបានជោគជ័យ។ កំហុសទាំង៦យ៉ាង ដែលបានបង្ហាញនៅក្នុងសំណេររបស់លោកនោះរួមមាន៖
លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែ​ក​ហិរញ្ញ​វត្ថុ និង​ជា​អ្នក​វិនិយោគ​វិស័យ​ដីធ្លី។

១, ការចង់បានផល​ចំណេញ​ក្នុងរយៈពេលខ្លី៖ តាមគោលការណ៍​គណនេយ្យ ដីធ្លី និងប្រភេទ​អចលនទ្រព្យ​ទាំងអស់​ត្រូវបាន​ចាត់ទុក​ថាជា​ទ្រព្យរយៈពេលវែង ដែលអាច​បង្វិល​ជាសាច់ប្រាក់​វិញ​ក្នុងរយៈពេល​យ៉ាងតិច១ឆ្នាំ។ ប៉ុន្តែ មានអ្នក​វិនិយោគ​ជាច្រើន​មិនយល់​ពីគោលការណ៍នេះ​ហើយបន្ទាប់​ពីវិនិយោគ​រួចតែង​ទន្ទឹងចង់​បានផល​ចំណេញ​ភ្លាមៗ។ ហើយជារឿយៗ​យើងតែង​ឭ​ពាក្យថា រកស៊ី​អចលនទ្រព្យ​ ឬដីធ្លីមិនល្អ​ទេព្រោះ​កប់លុយ។ តាមពិត​មិនកប់​លុយទេ មកពីអ្នក​វិនិយោគ​រំពឹងខុស និងគ្មាន​ផែនការ​វិនិយោគ​រយៈពេលវែង។

២, ការចង់បាន​លំហូរសាច់ប្រាក់ (ចំណូល) ពីការវិនិយោគ៖ បន្ថែមលើពេល​វេលារយៈពេល​វែង ការវិនិយោគ​លើដីធ្លី​ត្រូវការ​ដើមទុន​ច្រើន អ្នកវិនិយោគ​ខ្លះមាន​ទុនតិច​តួចហើយ​ប្រាថ្នាចង់បាន​លំហូរ​សាច់ប្រាក់​ពីការជួលដី ការណ៍នេះ​មិនអាច​សំរេច​បាននោះទេ។ ទោះបីជួលជា​ដីទទេ ធ្វើជាឃ្លាំង ឬជាតូបជួល ក៏ត្រូវការ​ដើមទុន​យ៉ាងតិច​ចន្លោះពី​១០-២០ម៉ឺនដុល្លារដែរ។

៣, ខ្វះផែនការ​ហិរញ្ញវត្ថុ៖ ដោយសារតែ​ចង់បានចំណូល និងផលចំណេញ​រយៈពេល​ខ្លី អ្នកវិនិយោគ​ជាច្រើនមិន​បានធ្វើផែន​ការហិរញ្ញវត្ថុ​សម្រាប់​រយៈពេល​វែងនោះទេ។ ប្រការ​នេះ​ហើយ ដែលនាំឲ្យ​ពួកគេធ្លាក់​ក្នុងវិបត្តិ​លំហូរ​សាច់ប្រាក់ និងឈាន​ដល់ដំណាក់​កាល​បង្ខំចិត្ត​លក់ខាត​ផងក៏មាន។ 

៤, ខ្វះយន្តការ​ទប់ទល់​នឹងហានិភ័យ៖ ការវិនិយោគ​លើដីធ្លី​ត្រូវការ​ដើមទុនច្រើន និងរយៈពេល​វែង ដូច្នេះអ្នក​វិនិយោគ​ត្រូវកំណត់​នូវយន្តការ​នានា​ដើម្បីទប់ទល់​នឹងហានិភ័យ​ដែលកើត​ឡើង​ជាយថាហេតុ។ យន្តការ​រួមមាន​បង្កើត​ចំណូល​ពីប្រភព​ផ្សេងៗ អភិវឌ្ឍគម្រោង​នានា ឬត្រៀម​លក់ទ្រព្យ​សម្បត្តិ​ដែលមិន​កើន​តម្លៃ​នាពេល​អនាគត។

៥, មិនមានចំណេះ​ដឹងគ្រប់គ្រាន់៖ អ្វីដែលបានរៀបរាប់​ក្នុងចំណុចទី១ ទី២ ទី៣ និងទី៤ ខាងលើ​សុទ្ធតែ​ជាចំណេះ​ដឹងចាំបាច់។ ប៉ុន្តែ បន្ថែមលើនេះ អ្នកវិនិយោគ​ត្រូវមាន​ការយល់ដឹង​ផ្សេងៗ​ទៀតដូចជា ប្រភេទដី ទំហំ ទំរង់ ទីតាំង និងលក្ខខណ្ឌ​ច្បាប់នានា។ល។ ជាងនេះទៅទៀត ត្រូវមានការយល់​ដឹងថា លក្ខខណ្ឌ​ដី​បែបហ្នឹង ទំរង់បែបហ្នឹង ទីតាំងបែបហ្នឹង តម្លៃប៉ុណ្ណឹង​វាសម​នឹងយក​ទៅ​អភិវឌ្ឍជាអ្វី? ហើយអ្នកណា​ជា​អតិថិជន? សរុបមក អ្នកវិនិយោគ ត្រូវមានចំណេះដឹង​លម្អិត ហើយចាត់ទុក​ការវិនិយោគ​ជាអាជីព​ទើបជា​ការល្អ។ បើវិនិយោគ​តាមគេ​តាមឯង ឬទិញដី​បន្តិចបន្តួច​ទុកយក​ចំណេញ នោះឱកាស​ជោគជ័យ​មានតិចណាស់។

៦, ខ្វះព័ត៌មាន៖ នៅក្នុងការវិនិយោគ​វិស័យដីធ្លី​ក៏ដូចជា​ការធ្វើអាជីវកម្ម​នានាដែរ ទាមទារឲ្យ​ អ្នកមាន​ព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ។ ដូចជាស្ថានភាព​តម្រូវការ និន្នាការទីផ្សារ តម្លៃ ទីតាំង​ភូមិសាស្ត្រ ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ពន្ធ័​នានា។ល។ ដូច្នេះ អ្នកត្រូវ​ផ្តោតការវិនិយោគ​តែលើតំបន់​ដែលអ្នក​អាចក្តោប​បានព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ។

ចំពោះកត្តាចំណេះដឹងនិងព័ត៌មាននេះដែរ កន្លងទៅ​លោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន​អចនទ្រព្យ​ស៊ីភីអែល តែងតែលើកឡើង​នូវបញ្ហា​ទាំង២នេះ ព្រោះថា ក្នុងនាម​លោកជាអ្នក​រកស៊ីនៅ​ក្នុងវិស័យ​អចលទ្រព្យ​អស់ជារយៈពេល​២០ឆ្នាំ លោកថា លោក​មិនដែល​លើកនូវអ្វី​ដែលមិនមែន​ជាការពិត​នោះទេ ហើយលោក​តែងតែទទូច​ឲ្យអ្នកដែល​មានបំណង​ចង់វិនិយោគ​ទៅលើ​វិស័យនេះ ព្យាយាមស្វែងរក​ព័ត៌មានឲ្យ​បានគ្រប់​ជ្រុងជ្រោយ ហើយបើសិន​ជាខ្លួន​ខ្វះចំណេះដឹង​ និងព័ត៌មានទាំងនេះ ត្រូវស្វែងរក​ការពិភាក្សា​ពីអ្នក​ជំនាញ ជៀសវាង​សម្រេច​ចិត្តបោះទុន​ហើយ មានការ​ស្តាយ​ក្រោយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលនឹងបង្កើនទុនវិនិយោគ៥លានដុល្លារបន្ថែមទៀត ដល់កសិករចិញ្ចឹមត្រី

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅថ្ងៃនេះថា នៅក្នុងវិស័យកសិកម្មនេះ រដ្ឋនឹងវិនិយោគក្នុងទំហំទឹកប្រាក់ ៥លានដុល្លារបន្ថែមទៀត ស…

កម្មករក្នុងវិស័យវាយនភណ្ឌវៀតណាមកាន់តែច្រើនទៀតអាចនឹងត្រូវបាត់បង់ការងារនៅឆមាសទី២

ព័ត៌មាន
នៅឆមាសទី២ នៅឆ្នាំ២០២០នេះ កម្មករ​និយោជិត​ក្នុងវិស័យ​វាយនភណ្ឌ​ កាត់ដេរ​វៀតណាម អាចនឹងត្រូវ​បាត់បង់​ការងារ​ធ្វើ​កាន់តែច្រើន​ថែមទៀត ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ