កម្ពុជា និងម៉ាឡេស៊ី

តើនាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ីមានប្តេជ្ញាចិត្ត និងឯកភាពគ្នាអ្វីខ្លះលើការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងទ្វេភាគី?


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៊ីស្មែល សាប្រ៊ី យ៉ាកុប បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ ដោយក្នុងដំណើរទស្សនកិច្ចនេះ លោកនាយកដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានជួបពិភាក្សាការងារជាមួយនឹងសម្តេចជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាផងដែរ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ដោយក្នុងនោះ ប្រមុខដឹកនាំប្រទេសទាំងពីបានបង្ហាញពីការប្តេជ្ញាចិត្ត និងការឯកភាពគ្នាមួយចំនួនទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងទ្វេភាគី ដូចជាការចំជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល ទេសចរណ៍ និងបច្ចេកវិទ្យាជាដើម។
សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

នៅក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចតេជោហ៊ុន សែន និងលោក អ៊ីស្មែល សាប្រ៊ី យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីនៅថ្ងៃទី ២៤ កុម្ភៈ ប្រមុខដឹកនាំប្រទេសទាំងពីរ បានលើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ នៃចំណងមិត្តភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើនវិស័យរវាងកម្ពុជា និងម៉ាឡេស៊ី នៅរយៈពេលជាង៦ទសវត្សរន៍កចុងក្រោយនេះ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តជំរុញបន្ថែមទៀតនូវវិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ សុខាភិបាល ទេសចរណ៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលបំណងជំរុញស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ ដើម្បីសម្រេចគោលបំណងនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឲ្យមានភាពជាដៃគូ និងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ជាមួយទីក្រុងនានានៅប្រទេសម៉ាឡេស៊ីផងដែរ។

នៅក្នុងជំនួបនោះដែរ ប្រមុខដឹកនាំម៉ាឡេស៊ី បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហការជាមួយកម្ពុជាលើផ្នែកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសន្ដិសុខតាមប្រព័ន្ធអ៊ិនធើណែតផងដែរ។ 

របាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី នៅឆ្នាំ២០២១ សម្រេចបានជាង៥០០លានដុល្លារ កើនឡើង១៣% ធៀបនឹងឆ្នាំ២០២០។ ម៉ាឡេស៊ី គឺជាប្រទេសនាំមុខគេមួយនៅអាស៊ាន ដែលបាននាំចូលអង្ករពីកម្ពុជា ដោយនៅឆ្នាំ២០២១ បាននាំចូលអង្ករពីកម្ពុជាសរុបជាង៤ម៉ឺន៦ពាន់តោន។ កម្ពុជា ក៏រំពឹងថាម៉ាឡេស៊ី នឹងបង្កើនការនាំចូលអង្ករ និងផលផលិតផលកសិកម្មពីកម្ពុជាបន្ថែមទៀតផងដែរ។

ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់អំពីការគាំទ្រពេញលេញដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ: អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តធ្វើការងារយ៉ាងជិតស្និតក្នុងការពង្រឹងសហគមន៍អាស៊ាន និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិក្នុងក្របខណ្ឌអាស៊ាន និងយន្តការពហុភាគីនានា ក្នុងគោលដៅរួមសំដៅថែរក្សាមជ្ឈភាពអាស៊ាន ការរួបរួមគ្នារក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចិីរភាពនិងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យប្រេងឆៅពិភពលោកហក់ឡើងដល់តម្លៃជាង ១០០ដុល្លារជាលើកដំបូង ខណៈទីផ្សារភាគហ៊ុនដាំក្បាលចុះ

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤មក ដោយតម្លៃប្រេងមួយធុងបារ៉ែលបានកើនឡើង១០០ដុល្លា…

ក្រោយរុស្ស៊ីវាយប្រហារយ៉ាងពេញទំហឹង អ៊ុយក្រែនសម្រេចបិទដែនអាកាសរបស់ខ្លួន

ព័ត៌មាន
អ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ខ្លួនបានបិទដែនអាកាសរបស់ខ្លួនចំពោះជើងហោះហើរស៊ីវិល ដោយសារតែ ហានិភ័យខ្ពស់ចំពោះសុវត្ថិភាព …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ