ការបញ្ចប់ការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២

តើមានហេតុផលអ្វីខ្លះ ធ្វើឲ្យការបញ្ចប់ការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវអូសបន្លាយដល់ខែកក្កដា ឆ្នាំ២០២២?


មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ពីវឌ្ឍនភាពនៃការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ដែលមកទល់បច្ចុប្បន្នសម្រេចបានប្រមាណ៥០%ហើយ។ បើតាមការវាយតម្លៃពីមន្ត្រីជាន់ខ្ពស់រូបនេះ ការស្ថាបនាផ្លូវជាតិទាំងពីរនេះ អាចយឺតជាងផែនការ២០% ដែលធ្វើឲ្យការបញ្ចប់ការសាងសង់ត្រូវអូសបន្លាយពីខែមេសា ដល់ខែកក្កដា ឆ្នាំ២០២២។ ភាពយឺតយ៉ាវនេះ គឺដោយសារក្រុមហ៊ុនសាងសង់កង្វះគ្រឿងចក្រ គួបផ្សំបញ្ហាអាកាសធាតុ និងការដោះស្រាយសំណងជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវ។
ការសាងសង់ផ្លូវជាតិលេខ២

ថ្នាក់ដឹកនាំក្រសួងសាធារណការ បានដាស់តឿនជាច្រើនលើកច្រើនសាររួចមកហើយ ដោយជំរុញឲ្យក្រុមហ៊ុនសាងសង់ពន្លឿនការសាងសង់ និងដាក់គ្រឿងចក្របន្ថែមក្នុងការស្ថាបនាផ្លូវជាតិទាំងពីរនេះ។ ផ្លូវជាតិដែលមានតម្លៃប្រមាណ៥៦លានដុល្លារអាមេរិកនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ដែលមានប្រវែងសរុបជាង៧០គីឡូម៉ែត្រ។

ទោះបីមានការជំរុញនិងដាស់តឿនជាច្រើនលើកច្រើនសារពីក្រសួងសាធារណនិងដឹកជញ្ជូនក៏ដោយ តែយើងសង្កេតឃើញថា ការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ពីសំណាក់ក្រុមហ៊ុន Hanshin Engineering & Construction Co.,Ltd ហាក់នៅមានភាពយឺតយ៉ាវដដែល។ ភាពយឺតយ៉ាវនេះ កំពុងបង្កការលំបាកដល់អ្នកដំណើរ និងប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវជាតិទាំងនេះ។ 

ឯកឧត្តម ហេង រ័ត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ អាចយឺតជាងផែនការកំណត់ប្រមាណ២០% ខណៈបច្ចុប្បន្នការស្ថាបនាទើបសម្រេចបានប្រមាណ៥០% ប៉ុណ្ណោះ ក្រោយបើកការដ្ឋានសាងសង់ជិតពីរឆ្នាំកន្លងមកនេះ។ ឯកឧត្តមវាយតម្លៃថា ការបញ្ចប់ការស្ថាបនាផ្លូវជាតិទាំងពីរ នឹងត្រូវអូសបន្លាយរហូតដល់ខែកក្កដា ឆ្នាំ២០២២ ខណៈតាមផែនការគ្រោងបញ្ចប់នៅអំឡុងខែមេសា។

បើតាមឯកឧត្តម ហេង រ័ត្នពិសិដ្ឋ មានកត្តាធំៗបីដែលធ្វើឲ្យមានការរាំងស្ទះដល់ការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ដែលមិនអាចមិនបញ្ចប់ការសាងស់ងតាមគ្រោងទុក។ កត្តាទាំងនោះរួមមាន ការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវ និងបញ្ហាអាកាសធាតុ ជាពិសេសបញ្ហាកង្វះគ្រឿងចក្រក្នុងការស្ថាបនាតែម្តង។ ជុំវិញបញ្ហាខ្វះគ្រឿងចក្រនេះដែរ ឯកឧត្តមអះអាងថា ក្រសួងបានក្រើនរំលឹកនិងជំរុញឲ្យក្រុមហ៊ុនពន្លឿនការដោះស្រាយជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយជាដុំកំភួនដដែល។

គួររំលឹកថា ផ្លូវជាតិលេខ២ និងលេខ២២បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោងចំណាយថវិកាប្រមាណ៥៦លានដុល្លារអាមេរិក ដែលជាថវិកាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវជាតិទាំងពីរនេះមានប្រវែងសរុបជាង៧២គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់មានប្រវែង៦២គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ដល់អង្គតាសោមមានប្រវែងជិត១០គីឡូម៉ែត្រ។ ផ្លូវទាំងពីរនេះស្ថាបនាកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសធំៗនៅអឺរ៉ុបរកឃើញកូវីដ១៩បំប្លែងខ្លួន «អូមីក្រុង» ជាបន្តបន្ទាប់

ព័ត៌មាន
ប្រទេសធំៗបីនៅអឺរ៉ុបរួមមាន អង់គ្លេស អាឡឺម៉ង់ និងអ៊ីតាលី បានប្រកាសរកឃើញកូវីដ១៩បំប្លែងខ្លួនថ្មីដែលមានប្រភពពីប្រទេសហ្វ្រិចខាងត្បូង ឈ្មោះថា «…

ក្រោយ FTA កម្ពុជា-ចិន ចូលជាធរមាន តើកម្ពុជារំពឹងនាំចេញអង្ករបានប៉ុន្មានម៉ឺនតោនទៅទីផ្សារចិន?

ព័ត៌មាន
ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាមានក្ដីរំពឹង និងជំនឿចិត្តខ្ពស់ចំពោះឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការជួយជំរុញកំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ