មេរោគបំប្លែងថ្មី អូមីក្រុង

អង្គការសុខភាពពិភពលោក៖ មេរោគបំប្លែងថ្មី អូមីក្រុង ឆ្លងរាលដាលវាយលុកទៅដល់ប្រទេស ចំនួន ២៣ហើយនៅទូទាំងពិភពលោក


បន្ទាប់ពីត្រូវបានកំណត់អត្តសញ្ញាណមិនដល់មួយសប្ដាហ៍ផង មេរោគបំប្លែងថ្មីអូមីក្រុង កំពុងអុកឡុកកាន់តែខ្លាំងនៅតាមបណ្ដាប្រទេសជាច្រើន។ បើតាមអង្គការសុខភាពពិភពលោក បញ្ជាក់អះអាងថា គិតមកទល់ថ្ងៃពុធសប្ដាហ៍នេះ មេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានគេរកឃើញក្នុងប្រទេសចំនួន ២៣ហើយ នៅទូទាំងពិភពលោក។ ការរីករាលដាលឆ្លងនេះ អាចនឹងហក់ឡើងកាន់តែច្រើនបន្ថែមទៀត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។
លោក តេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោក

មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​បង្អស់​នៅ​អាហ្វ្រិក​ខាងត្បូង​នោះ ឥឡូវនេះ​កំពុង​បន្ដ​រីក​រាលដាល​ក្នុង​ចំណោម​ប្រទេស​ចំនួន ២៣​ហើយ ក្នុង​នោះ ទ្វីបអឺរ៉ុប ត្រូវ​បាន​គេ​រក​ឃើញ​មាន​ប្រទេស​ដែល​រក​ឃើញ​ករណី​ឆ្លង​មេរោគ​អូ​មី​ក្រុង​នេះ​ច្រើន​ជាងគេ បន្ទាប់​មក គឺ​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​តែ​ម្តង​។

ចាប់តាំងពី​លេច​ចេញ មេរោគ បំប្លែង​ថ្មី អូ​មី​ក្រុង​មក  អង្គការ WHO បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​កា​រវិ​វត្ត​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​នេះ ដោយ លោក តេ​ដ្រូ​ស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា មេរោគ​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង នឹង​នៅ​បន្ត​វិ​វត្ត​បំប្លែង​ថ្មី​កាន់តែ​ច្រើន​ទៀត ដរាបណា យើង​មិន​អាច​ទប់ស្កាត់​វា​ឲ្យ​បាន​ទាន់​ពេលវេលា​។

លោក តេ​ដ្រូ​ស បន្ត​ទៀត​ថា មេរោគ​បំប្លែង​ថ្មី​នេះ នៅ​មាន​ចំនុច​ជា​ច្រើន​ទៀត ដែល​យើង​ត្រូវ​សិក្សា​អំពី​ឥទ្ធិពល​របស់​វា​ទាក់ទង​នឹង​ការ​ចម្លង ភាព​ធ្ងន់ធ្ងរ នៃ​ជំងឺ និង​ប្រសិទ្ធភាព​នៃ​ការ​ធ្វើតេស្ត ការ​ព្យាបាល និង​វ៉ាក់សាំង​។ ជាក់ស្ដែង នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រុមប្រឹក្សា WHO ជា​ច្រើន​បាន​ជួប​ប្រជុំ​គ្នា ដើម្បី​វាយតម្លៃ​ភស្តុ​តាង​ដែល​កំពុង​លេច​ចេញ និង​ផ្តល់​អាទិភាព​ដល់​ការ​សិក្សា​ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​ទាំងនេះ​។

សូម​ជម្រាប​ថា ខណៈ​ដែល​មានការ​ផ្ទុះ​ឡើង​នូវ​មេរោគ​ថ្មី អូ​មី​ក្រុង គេ​នៅ​តែ​មើលឃើញ​ថា មេរោគ​បំប្លែង ឌែ​លតា នៅ​តែ​អាច​ឆ្លង​បាន​ខ្ពស់ ហើយ​កើត​មាន​ស្ទើរតែ​គ្រប់​ករណី​នៅ​ទូ​ទាំង​ពិភពលោក​។ ដូចនេះ នាយក​អង្គការ​សុខភាព​ពិភព លោក តេ​ដ្រូ​ស បានឱ្យ​ដឹង​ថា ការ​ប្រើប្រាស់​ឧបករណ៍ និង​មធ្យោបាយ​ដែល​មាន​សម្រាប់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​នៃ​មេរោគ ឌែ​លតា ក៏​នឹង​អាច​បញ្ឈប់​ការ​ចម្លង​នៃ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ផង​ដែរ​។

ទោះ​យ៉ាងណា WHO បាន​ជំរុញ​ឱ្យ​ប្រទេស​នានា​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង និង​វិធានការ​បង្ការ​ផ្សេង​ទៀត ដោយ​មើលឃើញ​ថា ការ​ធ្វើតេស្ត និង​ការ​គ្របដណ្តប់​វ៉ាក់សាំង​មាន​កម្រិត​ទាប​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ជា​ពិសេស​ទ្វីបអាហ្វ្រិក ដែល​វា​ជា​ឱកាស​សម្រាប់​មេរោគ​ក្នុង​ការ​បង្កាត់​ពូជ និង​ពង្រីក​ខ្លួន​ថ្មី​កាន់តែ​ច្រើន​ឡើង​។

ក្រៅពី​នេះ WHO ក៏​បាន​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ងាក​ទៅ​រក វិធានការ​កាត់​បន្ថយ​ហានិភ័យ ដែល​រួម​បញ្ចូល​ទាំង​វិធានការ​ត្រួតពិនិត្យ​អ្នកដំណើរ​មុន​ពេល​ធ្វើ​ដំណើរ និង​ពេល​មក​ដល់​ក្នុង​ប្រទេស​ណាមួយ ឬ​ការ​អនុវត្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​អន្តរជាតិ​ឡើង​វិញ​ជាដើម​។ ប៉ុន្ដែ អង្គការ​សុខភាព​ពិភពលោក ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​មានការ​បិទ​ជើងហោះហើរ ពិសេស​ពី​តំបន់​អាហ្វ្រិក​ដើម្បី​ធ្វើ​ជា​មធ្យោបាយ​ទប់ស្កាត់​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​នោះ​៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិ បានសម្រេចពន្យាពេលជ្រើសរើសតំណាងយោធាភូមា និងក្រុមតាលីបង់ចូលរួមមហាសន្និបាត

ព័ត៌មាន
គណៈកម្មាធិការមួយនៃអង្គការសហប្រជាជាតិ នៅថ្ងៃពុធទី០១ខែធ្នូ បានសម្រេចពន្យារពេលជ្រើសរើសតំណាង ប្រទេសភូមា និងប្រទេសអាហ្វហ្គានីស្ថាន សម្រាប់កិច្ចប្…

ទីផ្សារអលនទ្រព្យចិន នឹងបន្ដធ្លាក់ចុះរហូតដល់ឆមាសទី១ឆ្នាំក្រោយ ដោយសារតែវិធានការតឹងរឹងរបស់រដ្ឋ

ព័ត៌មាន
ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យរបស់ចិនត្រូវបានគេរំពឹងថា នឹងបន្ដរហូតដល់ឆមាសទី១ឆ្នាំ២០២២ខាងមុខ ជាមួយនឹងតម្លៃផ្ទះ និងការលក់ធ្លាក់ចុះ ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ