ស្ថានីយលក់ប្រេងឥន្ធនៈ១៧០កន្លែងត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណ

ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន១៧០ ត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណនៅឆមាសទី១ឆ្នាំនេះ


ស្ថានីយ និង ដេប៉ូប្រេងឥន្ធនៈចំនួន១៧០កនែ្លងក្នុងចំណោម ៨០៥ស្ថានីយ-ដេប៉ូប្រេងឥន្ទនៈត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) រកឃើញប្រកបអាជីវកម្មមិនសុចរិតតាមរយៈការបន្លំគុណភាព និង បរិមាណនៅឆមាសទី១ឆ្នាំ២០២៣។
ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន១៧០ ត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណនៅឆមាសទី១ឆ្នាំនេះ

ក្រោយរកឃើញភាពមិនសុចរិតនេះមន្រ្តីជំនាញបានអនុវត្តវិធានការពិន័យអន្តរការណ៍តាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និង បានតម្រូវឱ្យម្ចាស់ស្ថានីយដេប៉ូធ្វើកិច្ចសន្យាកែតម្រូវឱ្យបានសមស្រប។ ប៉ុន្តែ ក្នុងករណីមិនរាងចាលម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនោះអាចប្រឈមមុខនឹងផ្លូវច្បាប់ ក៏ដូចជាដកហូតវិញ្ញាបនបត្រ ឬអាជ្ញាបណ្ណជាដើម។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំប្តេជ្ញានឹងបន្តចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍របស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាននេះ ក៏បានរកឃើញទំនិញរាប់ពាន់តោនបានខូចគុណភាព ផុតកំណត់ពេលប្រើប្រាស់ និងផ្ទុកសារធាតុគីមីផងដែរ។

ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានគូសបញ្ជាក់ថា នៅឆមាសទី១ឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាននេះបានចុះត្រួតពិនិត្យរង្វាស់រង្វាល់នៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន៨០៥កន្លែង ដោយបានរកឃើញស្ថានីយ និងដេប៉ូចំនួន១៧០កន្លែងបានប្រកបអាជីវកម្មមិនត្រឹមត្រូវក្នុងវិស័យប្រេងឥន្ធនៈតាមរយៈការលក់បន្លំគុណភាពនិងបរិមាណ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ភាពមិនអនុលោមតាមច្បាប់ ដែលត្រូវបានរកឃើញមានការថយចុះប្រមាណពី៣០%មកនៅត្រឹម២១%។ ក្រោយរកឃើញការធ្វើអាជីវកម្មមិនស្មោះត្រង់បែបនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ បានអនុវត្តវិធានពិន័យអន្តរការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបានតម្រូវឲ្យម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនោះធ្វើកិច្ចសន្យាកែតម្រូវឲ្យស្របតាមរង្វាស់រង្វាល់ និងគុណភាព ដែលកំណត់ដោយច្បាប់។

ប៉ុន្តែក្នុងករណីមិនរាងចាល ម្ចាស់ដេប៉ូទាំងនោះអាចប្រឈមនឹងការព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណអាជីវកម្ម។ នេះបើតាមការអះអាងរបស់ឯកឧត្តម ផាន អូន ដែលបានបន្ថែមថា ការធ្វើអាជីវកម្មមិនសុចរិតពាក់ព័ន្ធនឹងប្រេងឥន្ធនៈ វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងពាណិជ្ជកម្មផងដែរ។

ដើម្បីចូលរួមការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងឈានទៅលុបបំបាត់ការធ្វើអាជីវកម្មមិនត្រឹមលើប្រេងឥន្ធនៈនៅកម្ពុជា អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំប្តេជ្ញាថា នឹងបន្តចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈក្នុងក្របខណ្ឌទូទាំងប្រទេស ដោយអនុវត្តវិធានការយ៉ាងតឹងរឺងបំផុតចំពោះម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលនៅតែបន្តប្រកបអាជីវកម្មមិនសុចរិត។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ មានដេប៉ូ និងស្ថានីយប្រេងឥន្ធនៈជិត១ពាន់កន្លែងត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរកឃើញលក់បន្លំគុណភាព និងបរិមាណក្នុងចំណោមស្ថានីយ និងដេប៉ូជាង៣ពាន់កន្លែង ដែលបានចុះត្រួតពិនិត្យ។

ក្រៅពីចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ក៏បានចុះត្រួតពិនិត្យតាមបណ្តាទីផ្សារ និងឃ្លាំងស្តុកទំនិញនានាបានចំនួន៤៥០លើក ដោយបានរកឃើញ និងដកហូតមកកំទេចចោលនូវផលិតផលទំនិញ សាច់បង្កក និងសាច់ខូចគុណភាពមានចម្លងមេរោគ ឬជំងឺឆ្លង ផ្ទុកសារធាតុគីមី និងផុតកំណត់រយៈពេលប្រើប្រាស់បានជាង៤ពាន់តោនផងដែរនៅឆមាសទី១ឆ្នាំនេះ។ បន្ថែមលើនេះ អគ្គនាយកដ្ឋានខាងលើនេះបានជួយសម្របសម្រួលដោះស្រាយបណ្តឹងរបស់អ្នកប្រើប្រាស់ក្រៅប្រព័ន្ធតុលាការបានចំនួន១១ករណី និងបញ្ជូនសំណុំរឿងទៅដោះស្រាយបន្តនៅតុលាការចំនួន៣ករណី៕




អត្ថបទបន្ទាប់


ធនាគារជាតិចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិនធំមួយ ពង្រីកការទូទាត់សងប្រាក់ឆ្លងដែនតាម QR Code

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែ…

ធនាគារជាតិជំរុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុតាមដានយ៉ាងប្រុងប្រយ័ត្នក្នុងការផ្តល់កម្ចីក្នុងវិស័យអចលនទ្រព្យ

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាជំរុញគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបង្កើនការតាមដានយ៉ាងប្រុងប្រយ័ត្នចំពោះការផ្តល់កម្ចីក្នុងវិស័យអចលនទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ