ការនាំចេញផលិតផលកសិកម្មកើនជាង១០%

ការនាំចេញផលិតផលកសិកម្មកើនជាង១០% នៅត្រីមាសដំបូងឆ្នាំនេះ ប៉ុន្ដែកំពុងប្រឈមនឹងបញ្ហាច្រើន


នៅត្រីមាសដំបូង ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានចំណូលសរុបជាង ១លាន២សែនដុល្លារ ពីការនាំចេញផលិតផលកសិកម្មជាង ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលបានកើនឡើងជាង ១០ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម។
ការនាំចេញទំនិញរបស់កម្ពុជា

ដ្បិត​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម នៅ​ត្រីមាស​ទី​១ មាន​កំណើន​ក៏​ពិតមែន ប៉ុន្ដែ ការ​នាំ​ចេញ​ផលិតផល​ខ្លះ ក៏​បាន​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ដែរ តួយ៉ាង ផ្លែស្វាយ​ស្រស់ និង​គ្រាប់ស្វាយចន្ទី ជាដើម​។ តួយ៉ាង បើ​តាម​ការ​អះអាង​របស់​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បញ្ហា​ដឹក​ជញ្ជូន និង​ការ​ប្រកួតប្រជែង​តម្លៃ លើ​ទីផ្សារ​អន្តរជាតិ គឺជា​បញ្ហា​ប្រឈម​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់ និង​គ្រាប់ស្វាយចន្ទី ឆ្នាំ​នេះ​ថយ​ចុះ​។

របាយការណ៍​ដែល​បង្ហាញ​ដោយ​រដ្ឋមន្ត្រី​កសិកម្ម បាន​កត់សម្គាល់​ឃើញ​ថា ក្នុង​ចំណោម​កសិផល​សំខាន់​ៗ​ដែល​កម្ពុជា​នាំ​ចេញ ភាគច្រើន​សុទ្ធតែ​មាន​កំណើន​លើកលែងតែ ផ្លែស្វាយ​ស្រស់ និង​គ្រាប់ស្វាយចន្ទី មិន​ទាន់​កែ​ច្នៃ ដែល​ជួប​បញ្ហា​ក្នុង​ការ​នាំ​ចេញ ពិសេស​បញ្ហា​ទីផ្សារ​តែ​ម្ដង​។

ឆ្លើយ​តប​នឹង​ច​ម្ង​ល់​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ទីផ្សារ​ស្វាយ​ស្រស់ និង​ស្វាយចន្ទី តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​បង្ហាញ​ពី​ឧបសគ្គ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ផលិតផល​ទាំងនេះ​មានការ​ថយ​ចុះ​។

បើ​តាម​ឯកឧត្តម វេ​ង សា​ខុន ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម ឆ្លង​ដែន​រវាង ប្រទេស​វៀតណាម និង​ចិន បាន​ជួប​ឧបសគ្គ ដោយសារ​តែ​ការ​រីក​រាលដាល​ជាស​កល​នៃ​ជ​ងឺ​កូ​វី​ដ​១៩ ដោយ​ភាគី​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹងតែង ។ ជាមួយនឹង ការ​ប្រកួតប្រជែង​តម្លៃ នៅ​លើ​ទីផ្សារ​ប្រទេស​ចិន ដោយ​វិស័យ​ឯកជន​ពិនិត្យ​ឃើញ​ថា មិន​ទទួល​បាន​ប្រាក់​ចំណេញ ទាក់ទង​ទៅ​នឹង​តម្លៃ​នៃ​ការ​ធ្វើ​ប្រព្រឹត្ត​កម្ម វេច​ខ្ចប់ និង​ដឹក​ជញ្ជូន មាន​តម្លៃ​ខ្ពស់ ទាំង​នៅ​កម្ពុជា និង​តម្លៃ​ដឹក​ជញ្ជូន​ចេញពី​កម្ពុជា ទៅ​កាន់​កំពុង​ផែ​នៃ​ប្រទេស​ចិន​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​កសិកម្ម ឯកឧត្តម វេ​ង សា​ខុន​។

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​រដ្ឋមន្ត្រី​កសិកម្ម​នោះ​ទេ ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនួញ​ក្នុង​វិស័យ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់ និង​ប្រធាន​ប្រឹក្សា​ភិ​បាល​នៃ​សហព័ន្ធ​ស្រូវ អង្ករ កម្ពុជា ក៏​បាន​គូសបញ្ជាក់​ដែរ​ថា ដំណើរការ​នៃ​ការ​នាំ​ចេញ​កសិផល នៅ​ឆ្នាំ​២០២២​នេះ ហាក់​មិនសូវ​មានការ​ប្រែប្រួល​ប៉ុន្មាន​ទេ ហើយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ គឺ​ថ្លៃ​ដឹក​ជញ្ជូន​ខ្ពស់ និង​ខ្វះ​ទូរ​កុងតឺន័រ​។ ដោយឡែក ដំណើរការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​វិញ កំពុង​ជួប​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង ដោយសារ​វិធានការ​រឹត​ត្បឹ​ត​នៅ​ប្រទេស​ចិន ក៏​ដូច​ជា បញ្ហា​ឆ្លង​ដែន​រវាង​វៀតណាម និង​ចិន​។ បើ​តាម​ឧកញ៉ា ហ៊ុន ឡាក់ មិនមែន​តែ​ផ្លែស្វាយ​របស់​កសិករ នោះ​ទេ សូ​ម្បី​ផ្លែស្វាយ​ស្រស់​នៅ​តាម​ចម្ការ​ធំ​ៗ មួយ​ចំនួន ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​ទីផ្សារ​ដែរ ទាំង​តម្លៃ​ផ្លែស្វាយ​ខ្ចប់ និង​ផ្លែស្វាយ​ខៀវ​។ បើ​តាម​ឧកញ៉ា ហ៊ុន ឡាក់ សព្វថ្ងៃ ផ្លែស្វាយ​ស្រស់​ហាក់​មិនសូវ​មាន​អ្នកទិញ​នោះ​ទេ សូ​ម្បី​ផ្លែស្វាយ​ខ្ចប់ ក៏​ដោយ បាន​ធ្លាក់​ថ្លៃ​រហូត​មក​នៅ​ត្រឹម​ប្រមាណ ៥០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ខណៈ​តម្លៃ​ផ្លែស្វាយ​ខ្ចប់​នេះ ធ្លាប់​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​តម្លៃ រហូត​២ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម នា​ឆ្នាំ​នេះ​។

លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា នៅ​តែ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ ចំពោះ​បញ្ហា​នានា ដែល​កើត​មាន​ក្នុង​វិស័យ​កសិកម្ម ពិសេស​ក្នុង​ផលិតកម្ម​ស្វាយចន្ទី តែ​ម្ដង​។ បើ​តាម​លោក អួន ស៊ី​ឡុ​ត បច្ចុប្បន្ន ផលិតកម្ម​ស្វាយចន្ទី កំពុង​ជួប​បញ្ហា​ប្រឈម​ខ្លាំង ជាមួយ​អាកាសធាតុ ថែម​ទាំង បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត រួម​មាន ថ្លៃ​ជី និង​ថ្នាំ​កសិកម្ម កើនឡើង គួប​ផ្សំ​ថ្លៃដើម​ផលិត​ខ្ពស់ ជាដើម​។ បើ​តាម​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា សព្វថ្ងៃ គ្រាប់ស្វាយចន្ទី​បាន​ធ្លាក់​មក​នៅ​ចន្លោះ ២ ៥០០​រៀល ដល់ ៣ ៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​។ ជុំវិញ​បញ្ហា​នេះ ខាង​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​និង​កំពុង​ស្វែងរក​ទីផ្សារ​បន្ថែម​ជូន​កសិករ តែ​អ្វី​ដែល​សមាគម​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​នោះ គឺ​កសិករ​មិន​ទាន់​មាន​លទ្ធភាព​រក្សា​ទុកដាក់ និង​ហាល​គ្រាប់ស្វាយចន្ទី ទៅ​តាម​លក្ខណៈ​បច្ចេកទេស​នៅឡើយ ព្រោះ​សមាគម​កំពុង​ខ្វះខាត​ឃ្លាំង​ស្ដុក​គ្រាប់ស្វាយចន្ទី​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ កម្ពុជា ទទួល​បាន​ចំណូល​សរុប​ជាង​១​ពាន់​២​រយ​លាន​ដុល្លារ ពី​ការ​នាំ​ចេញ​កសិផល​សំខាន់​ៗ ទៅ​កាន់​ទិស​ដៅ ៥៧​ប្រទេស ក្នុង​បរិមាណ​សរុប ជាង​៣​លាន​តោន ដែល​មានការ​កើនឡើង​១១% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២១​។ ក្នុង​នោះ ការ​នាំ​ចេញ​ស្រូវ ក្នុង​បរិមាណ​ជាង​១​លាន​តោន គិត​ជា​ទឹកប្រាក់​ប្រមាណ ២៤៨​លាន​ដុល្លារ​។ រីឯ ការ​នាំ​ចេញ​អង្ករ មាន​ប្រមាណ​១៧​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​ប្រមាណ ១៤៥​លាន​ដុល្លារ​។ ចំណែកឯ ការ​នាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ និង​អង្ករ មាន​ជាង​២​លាន​តោន ដែល​មាន​ទឹកប្រាក់​ប្រមាណ ៨៧៣​លាន​ដុល្លារ​។ បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការប្រារព្ធរៀបចំពិធីបុណ្យចូលឆ្នាំថ្មីដូចធម្មតាឡើងវិញ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម

ព័ត៌មាន
នៅសល់ប្រមាណតែ១សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាឱកាសឈប់សម្រាករយៈពេលវែង ជាមួយនឹងការធ្វើដំណើរកម្សាន្ដកាន់…

២ខែដំបូងឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញ ៣ពាន់លានដុល្លារ ខណៈការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង RCEP នៅមានតិចតួច

ព័ត៌មាន
កម្ពុជាសម្រេចបានការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃជិត៣ពាន់លានដុល្លារអាមេរិកនៅពីរខែដើមឆ្នាំ២០២២ កើនឡើងជាង១៥% បើធៀបនឹងរយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ