មហិច្ឆតា​កម្ពុជា​នាំចេញអង្ករ​ ១លានតោន

កម្ពុជា-ចិន ចុះកិច្ចសន្យាពាណិជ្ជកម្មជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ គាំទ្រដល់ គោលដៅ នាំចេញអង្ករ ១លានតោន


ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន CITIC Construction Co.,Ltd បានសម្រេចចុះហត្ថលេខារួមគ្នា លើកិច្ចសន្យាពាណិជ្ជកម្មសម្រាប់គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសចិន ដោយមានការចូលរួមជាអធិបតីពីសំណាក់​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ផងដែរ។ កិច្ចសន្យានេះ ជាផ្នែកមួយ គាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅនាំចេញអង្ករឲ្យបាន ១លាន​តោនក្នុងមួយឆ្នាំ ដែលមកទល់ពេលនេះ នៅមិនទាន់សម្រេចនៅឡើយ។
កម្ពុជា-ចិន ចុះកិច្ចសន្យាពាណិជ្ជកម្មជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ គាំទ្រដល់ គោលដៅ នាំចេញអង្ករ ១លានតោន (រូបភាព៖ MEF)
ដោយ

សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ឲ្យដឹងថា គម្រោងជំរុញ​ផលិតកម្មស្រូវ និងការនាំចេញ​អង្ករនេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ជួយដល់​កសិករ ធុរជន និងក្រុមហ៊ុន​នាំចេញអង្ករ ព្រមទាំង រួមចំណែក​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាល​ដែលមានមហិច្ឆតា​នាំចេញ​អង្ករ​ឲ្យបាន​១លាន​តោន ក្នុងមួយឆ្នាំ តាមរយៈ​ការសាងសង់​ឃ្លាំងស្ដុក និងឡសម្ងួត​ស្រូវ នៅតាមទីតាំង​យុទ្ធសាស្ត្រ និងការដាក់ឲ្យ​អនុវត្ត​យន្ដការ​ស្រូវ​អង្ករ​ស្ដុកក្នុងឃ្លាំង ជាវត្ថុបញ្ចាំសម្រាប់​ខ្ចីប្រាក់ពី​ធនាគារ​ឯកជន។

មិនតែប៉ុណ្ណោះ គម្រោងនេះ គឺដើម្បីទប់ស្កាត់​កុំឲ្យឈ្មួញទុច្ចរិត​អាចឆ្លៀតឱកាស​បង្ខូចថ្លៃស្រូវ ក៏ដូចជា ជួយដល់​កសិករ​ទុកស្រូវបានយូរ អាចលក់ចេញ​វិញបានតម្លៃសមរម្យ និងមានលទ្ធភាព​ទទួលបាន​ឥណទាន ពេលត្រូវការចាំបាច់ តាមរយៈ​ការយកស្រូវ​ស្ដុកក្នុងឃ្លាំង​ជាវត្ថុបញ្ចាំ។

រយៈពេល​កិច្ចសន្យាពាណិជ្ជកម្មនេះ ក្រុមហ៊ុនចិន CITIC Construction និងក្រុមហ៊ុន​រដ្ឋរបស់​កម្ពុជា Green Trade នឹងធ្វើការសាងសង់​ឃ្លាំងស្ដុកស្រូវអង្ករ​ចំនួន ១២ កន្លែង ដែលមាន​សមត្ថភាព​ស្ដុករហូតដល់ ៨២៧.០០០ តោន និងឡសម្ងួត​ចំនួន ១០ កន្លែង មានសមត្ថភាព​សម្ងួត​ស្រូវ បាន​១៣.០០០ តោន ក្នុងមួយថ្ងៃ។ ទីតាំង​សាងសង់​ឃ្លាំងស្ដុក និងឡសម្ងួតនេះ មាននៅខេត្ត​មួយចំនួន​ដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្ដាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា តំណាង​រាជ​រដ្ឋាភិបាលកម្ពុជា និងចិន នាពេលថ្មីៗនេះ បានឯកភាព​គ្នា​បន្ដកិច្ចព្រមព្រៀង លើ​ពាណិជ្ជកម្ម​នាំចូលអង្ករ​ពីកម្ពុជា ៤០ ម៉ឺនតោន ទៅកាន់​ប្រទេសចិន ចាប់ពីខែ សីហា ឆ្នាំ២០១៩ រហូតដល់ ចុង ខែធ្នូ ឆ្នាំ​២០២០ខាងមុខ។ ការចុះអនុស្សរណៈយោគយល់​គ្នាលើពាណិជ្ជកម្ម​អង្ករ​នាំទៅចិននេះ ត្រូវចុះហត្ថលេខា ជាផ្លូវការនៅក្នុងវេទិកា ខ្សែក្រវាត់ និងផ្លូវលើកទី ២ នៅទីក្រុង​ប៉េកាំង​ប្រទេសចិន​កាលពី មេសា​កន្លងទៅ។ 

ដ្បិតតែ​កម្ពុជា​ទទួលបាន​កូតា​ ក្នុងការនាំចេញអង្ករ​ទៅចិន​កើនឡើងជា​បន្ដបន្ទាប់​ក៏ដោយ ពោលគឺ បានកើនឡើងពី​កូតា ២០ ម៉ឺនតោន ដល់ ៣០ម៉ឺន​តោន និងបច្ចុប្បន្ន​មាន កូតា ៤០ម៉ឺនតោន ប៉ុន្ដែ គេសង្កេតឃើញថា ការនាំចេញអង្ករ​ទៅចិន គឺមិនបាន​ធ្វើឡើង​គ្រប់ដល់​ចំនួន​កូតា​ដែលបានកំណត់​នោះឡើយ។

ជាក់ស្ដែង កាលពីឆ្នាំ ២០១៨ កម្ពុជា​បាន​នាំចេញអង្ករ​សរុប ប្រមាណ ៦៣ ម៉ឺន​តោន ធ្លាក់ចុះ ប្រមាណ ១,៥% ធៀបនឹង​ឆ្នាំ​២០១៧។ ក្នុងនោះ ការនាំចេញអង្ករ​ទៅចិន ដែលជាទីផ្សារនាំចេញ​ធំជាងគេនោះ មានតែ ជាង ១៧ម៉ឺនតោនប៉ុណ្ណោះ ដែលស្មើនឹងចំណែកទីផ្សារ ជាង ២៧% នៃចំណែកទីផ្សារ​នាំចេញសរុប។ 

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៥ខែ ដំបូងឆ្នាំ ២០១៩នេះ ពោលគឺ ចាប់ពីខែ មករា ដល់ខែឧសភា កន្លងទៅ កម្ពុជា បាននាំចេញ​អង្ករ ទៅកាន់ទីផ្សារក្រៅប្រទេស​មានជាង ២៥ ម៉ឺនតោន ដែលមាន​កំណើន​តិចតួច ស្ដួចស្ដើង​ប៉ុណ្ណោះ គឺ ជាង ៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម​របាយការណ៍ ពីលេខាធិការរដ្ឋាន​ច្រកចេញ​ចូលតែមួយ ដែលបានចេញ​ផ្សាយនាពេលថ្មីៗនេះ៕ 




អត្ថបទបន្ទាប់


អង្គការ​សហប្រជាជាតិ៖ រដ្ឋាភិបាល​កម្ពុជា​បំបិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ

ព័ត៌មាន
ក្រុម​ជំនាញ​សិទិ្ធ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ (ទី១៩ មិថុនា)​នេះ ថា អាជ្ញាធរ​កម្ពុជា​បាន​កោះហៅ​ឬ​ឃុំ​ខ្…

អាមេរិក​ពិន័យ​ក្រុមហ៊ុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ នាំ​ទំនិញ​ចេញ​ប្រើ​ទឹកដី​កម្ពុជា​ដើម្បី​រួច​ពន្ធគយ​អាមេរិក

ព័ត៌មាន
សហរដ្ឋ​អាមេរិក​បាន​ផាក​ពិន័យ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដែល​បាន​នាំ​ទំនិញ​ទៅ​កាន់​អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ