កម្ពុជាជំរុញការនាំចេញផលិតផលជលផលទៅចិន

តើអាចជាឱកាសសម្រាប់កម្ពុជាជំរុញការនាំចេញផលិតផលជលផលទៅចិនទេ ក្រោយប្រទេសនេះផ្អាកការនាំចូលគ្រឿងសមុទ្រពីជប៉ុន?


រដ្ឋបាលចិនកាលពីពេលថ្មីៗបានសម្រេចផ្អាកការនាំចូលគ្រឿងសមុទ្រទាំងស្រុងពីជប៉ុន បន្ទាប់ពីប្រទេសបានបង្ហូរទឹកកាកសំណល់ដែលចម្រោះរួចចេញពីរោងចក្រនុយក្លែអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ។ ការចាត់វិធានការបែបនេះរបស់ចិន កំពុងផ្តល់ក្តីរំពឹងដល់ប្រទេសផ្សេងៗក្នុងការជំរុញ និងសម្លឺងឱកាសនាំចេញផលិតផលជលផលទៅកាន់ប្រទេសមួយនេះ។ តើការផ្អាកការនាំចូលគ្រឿងសមុទ្រជប៉ុនរបស់ចិននេះអាចជាឱកាសសម្រាប់កម្ពុជាក្នុងការជំរញការនាំចេញផលិតផលជលផលទៅកាន់ប្រទេសចិនដែលជាមិត្តដែកថែមរបស់កម្ពុជា ឬយ៉ាងណា?
កម្ពុជាទើបសាកល្បងនាំចេញ ត្រីប្រាបានចំនួន១កុងតឺនឺ

បច្ចុប្បន្នកម្ពុជាពុំទាន់បាននាំចេញផលិតផលជលផលទៅកាន់ទីផ្សារប្រទេសចិននៅឡើយទេ បើទោះបីជាមានក្រុមហ៊ុនខ្លះបានចុះបញ្ជីសម្រាប់ការនាំចេញរួចហើយក៏ដោយ ខណៈប្រទេសចិន កំពុងមានតម្រូវការផ្នែកជលផល ក៏ដូចជាផលសមុទ្រ ក្រោយពេលបិទការនាំចូលពីប្រទេសជប៉ុន។ នេះបើតាមការលើកឡើងរបស់លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ តែយ៉ាងណាអ្នកនាំពាក្យរូបនេះរំពឹងថា ការហាមឃាត់ផលសមុទ្ររបស់ជប៉ុនពីសំណាក់រដ្ឋាភិបាលចិននៅពេលនេះ វាអាចជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារចិន។

ក្នុងករណីប្រទេសចិនមានការបញ្ជាទិញ និងអនុញ្ញាតឲ្យកម្ពុជាអាចនាំចូលគ្រឿងសមុទ្រ និងផលិតផលជលផលតើកម្ពុជាអាចសមត្ថភាពកម្រិតណាក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សារនេះ? ពាក់ព័ន្ធបញ្ហានេះលោកជំទាវ អ៊ឹម រចនា បានគួសបញ្ជាក់ថា កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ តែក្នុងកម្រិតមួយទាបប៉ុណ្ណោះ ដោយសារផលនេសាទរបស់កម្ពុជានៅមានកម្រិតទាប ហើយតម្រូវការគ្រឿងសមុទ្រក្នុងស្រុក ក៏កំពុងមានការកើនឡើង។

យ៉ាងណាមិញលោក ឡែម ផូរវរិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជាបានលើកឡើងថា កសិករខ្មែរអាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជលផលផ្នែកទឹកសាបទៅកាន់ទីផ្សារបរទេសបាន តាមរយៈការចងក្រងជាក្រុម និងអនុវត្តតាមគោលការណ៍សំខាន់ៗមួយចំនួន។

គួរបញ្ជាក់ថា បើតាមការលើកឡើងរបស់លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ នេះ កម្ពុជាមិនទាន់បាននាំចេញផលសមុទ្រទៅកាន់ប្រទេសចិននៅឡើយទេ ប៉ុន្តែកម្ពុជាបាននាំចេញសាកល្បងត្រីប្រាបានចំនួន១កុងតឺនឺដែរទៅកាន់ទីផ្សារចិន។ កត្តាដែលធ្វើឲ្យកម្ពុជាមិនទាន់អាចនាំចេញផលសមុទ្រទៅកាន់ប្រទេសចិន គឺដោយសារតែក្រុមហ៊ុនមួយចំនួនទើបបានចុះបញ្ជីសម្រាប់នាំចេញផលិតផលសមុទ្រ។ យ៉ាងណាមិញក្រុមហ៊ុនទាំងនេះ កំពុងត្រៀមខ្លួននាំចេញផលិតផលសមុទ្រមួយចំនួននៅក្នុងពេលឆាប់ៗខាងមុខនេះ។

គួសបញ្ជាក់ថា ការសម្លឹងឃើញទីផ្សារប្រទេសចិន ដើម្បីជំរុញការនាំចេញជលផលសមុទ្ររបស់កម្ពុជា បានកើតឡើងក្រោយពេលប្រទេសចិន បានបិទការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ដោយសារតែជប៉ុន បានបង្ហូរកាកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរនៅហ៊្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ ដែលបង្កជាក្ដីបារម្ភអំពីផលប៉ះពាល់ដល់សុខភាព។ សូមរំលឹកថា កាលពីពេលកន្លងទៅថ្មីៗ ចិនបានអនុញ្ញាតឲ្យកម្ពុជាអាចចេញផលិតផលជលផលទឹកសាប និងទឹកសមុទ្រទៅកាន់ទីផ្សារប្រទេសចិនជាង១០មុខ តែមកទល់ពេលនេះមិនទាន់ឃើញមានការនាំចេញនៅឡើយទេ៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


អាជ្ញាធរវាយតម្លៃថា ការសាងសង់បង្គោលអង់តែនទាំង១០០នៅតាមតំបន់ទេសចរណ៍ដាច់ស្រយាលអាចនឹងរួចរាល់នៅអំឡុងឆ្នាំ២០២៤

ព័ត៌មាន
ការសាងសង់បង្គោលអង់តែននៅតាមតំបន់ទេសចរណ៍ដាច់ស្រយាល ដែលជាយន្តការជួយសម្រួលដល់ការប្រើប្រាស់សេវាទូរសព្ទ និងអ៊ិនធឺណិតរបស់ភ្ញៀវទេសចរជាតិ និង…

រាជរដ្ឋាភិបាលចាត់ទុកបច្ចេកវិទ្យាឌីជីថលជាឧបករណ៍ថ្មី ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាននៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ ដែលរួមចំណែកយ៉ាងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ