វិស័យអាកាសចរណ៍

គម្រោងសង់ព្រលានយន្តហោះនៅមណ្ឌលគិរីមានពន្លឺឡើងវិញ ក្រោយកម្ពុជាឱ្យក្រុមហ៊ុនថ្មីមួយសិក្សា និងវិនិយោគ


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនថ្មីមួយ ដើម្បីសិក្សានិងវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋាន និងអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសនៅខេត្តមណ្ឌលគិរី បន្ទាប់ពីគម្រោងនេះបានជាប់គាំងក្រោយក្រុមហ៊ុនទទួលបានសិទ្ធិសិក្សា និងវិនិយោគចាស់ជួបវិបត្តិហិរញ្ញវត្ថុ។ បើតាមមន្ត្រីជាន់ខ្ពស់ នៃអាកាសចរណ៍ស៊ីវិល គម្រោងនេះអាចនឹងឈានដល់ការបោះទុនវិនិយោគនាពេលខាងមុខ ប្រសិនបើលទ្ធផលសិក្សារបស់ក្រុមហ៊ុនថ្មីនេះបង្ហាញថា គម្រោងនេះអាចដំណើរការទៅបាន។
វិស័យអាកាសចរណ៍
ដោយ

យោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់សិទ្ធិឱ្យសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស សិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសនៅខេត្តមណ្ឌលគិរី។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យរដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងនេះស្របតាមច្បាប់ និងនីតិវិធីជាធរមាននៃកម្ពុជាផងដែរ។

ជុំវិញរឿងនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា គម្រោងវិនិយោគលើអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងការអភិវឌ្ឍទីក្រុងរណបពហុបំណងនេះ គឺអាស្រ័យទៅលើការសិក្សាជាក់ស្តែង ពោលគឺប្រសិនបើក្រុមហ៊ុននេះ សិក្សារកឃើញថា ដំណើរការល្អនោះ គម្រោងនេះនឹងឈានទៅដល់ការដាក់ទុនវិនិយោគតែម្តង។

បើតាមមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលរូបនេះ ក្រុមហ៊ុន ហ្វូខឺស គ្រុប ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រ ឯ.ក គឺជាក្រុមហ៊ុន ដែលមានការចូលរួមពីវិនិយោគមកពីប្រទេសម៉ាឡេស៊ី ចិន និងអារ៉ាប់។ យ៉ាងណាមិញ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា ក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកវិនិយោគអចលនទ្រព្យនៅខេត្តមណ្ឌលគិរី ផ្តល់កិច្ចសហការគាំទ្រ ដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃអចលនទ្រព្យនៅតំបន់ដែលត្រូវសិក្សាគម្រោងនេះ ដែលនាំឱ្យមានការរាំងស្ទះដល់គម្រោងនេះ។

គួរជម្រាបថា រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនចិន China Power សិក្សាលើគម្រោងវិនិយោគអាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរីនេះ កាលពីចុងឆ្នាំ២០២០ ហើយក្រុមហ៊ុននេះបានបញ្ចប់ការសិក្សាបឋម ដោយរង់ចាំតែការសិក្សាលម្អិតប៉ុណ្ណោះ។ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ចសកលបានធ្វើឱ្យគម្រោងនេះត្រូវបានជាប់គាំង ដោយសាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះបានជួបបញ្ហាហិរញ្ញវត្ថុ។ ព្រលានយន្តហោះខ្នាតតំបន់មួយនេះកន្លងមក គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីក្រុងសែនមនោរម្យ ដែលតាមការប៉ាន់ស្មានអាចនឹងចំណាយថវិកាវិនិយោគប្រមាណជាង៨០លានដុល្លារ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការមេឆ្នាំ២០២១-២០៣៥ ដើម្បីអភិវឌ្ឍន៍ខេត្តមណ្ឌលគីរី ឱ្យក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងប៉ូលសេដ្ឋកិច្ចទី៤ ប្រចាំភូមិភាគឦសាន បន្ទាប់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងខេត្តសៀមរាប។ តាមរយៈផែនការនេះ ខេត្តមណ្ឌលគិរីរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានប្រមាណ៩ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ២លាននាក់នៅឆ្នាំ២០៣៥៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចមានការយល់ឃើញបែបណាចំពោះបេសកកម្មរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ទ្វីបអឺរ៉ុបលើកនេះ?

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបំពេញបេសសកម្មទៅកាន់ទ្វីបអឺរ៉ុបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ សម្រាប់…

តើមានកត្តាអ្វីខ្លះ ដែលតែងតែធ្វើឱ្យកើតមានការរិះគន់លើការផ្តល់សំណងក្នុងវិស័យធានារ៉ាប់រង?

ព័ត៌មាន
វិស័យធានារ៉ាប់រងនៅកម្ពុជា ត្រូវបានបែងចែកជា៣ប្រភេទ គឺការធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងខ្នាតតូច។ ការទិញធានារ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ