វិស័យអាកាសចរណ៍

ហេតុអ្វីយន្ដហោះដឹកអ្នកដំណើរផលិតដោយចិនដំបូងគេធុន C919 មិនត្រូវបានអនុញ្ញាតឱ្យហោះហើរនៅអឺរ៉ុប?


យន្ដហោះដឹកអ្នកដំណើរផលិតដោយចិនដំបូងគេធុន C919 ទើបតែបានបញ្ចប់ការហោះហើរសាកល្បង និងចុះចតក្នុងប្រទេសអាស៊ានចំនួន៥ រួមមាន វៀតណាម ឡាវ កម្ពុជា ឥណ្ឌូនេស៊ី ហើយចុងក្រោយគេ គឺប្រទេសម៉ាឡេស៊ី ប៉ុន្តែវាមិនត្រូវបានអនុញ្ញាតឱ្យហោះហើរចូលដែនអាកាសរបស់អឺរ៉ុបនោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើននៅថ្ងៃសុក្រ ទី១៥ ខែមីនា នេះ។
វិស័យអាកាសចរណ៍
ដោយ

និយ័តករសុវត្ថិភាពផ្លូវអាកាសរបស់អឺរ៉ុប បានឱ្យដឹងថា ខ្លួននឹងត្រូវការពេលច្រើនឆ្នាំដើម្បីអនុម័តឱ្យយន្ដហោះដឹកអ្នកដំណើរផលិតដោយចិនដំបូងគេធុន C919 អាចហោះហើរ និងចុះចតនៅអឺរ៉ុប ដែលធ្វើឱ្យក្រុងប៉េកាំង ស្រងាកចិត្ត ព្រោះក្រុងប៉េកាំង មានមហិច្ឆតាហក់ចូលយ៉ាងឆាប់រហ័សក្នុងទីផ្សារអន្តរជាតិ ដែលកំពុងខ្វះខាតយន្តហោះ និងស្របពេលដែលក្រុមហ៊ុនផលិតយន្តហោះអាម៉េរិក Boeing កំពុងជួបវិបត្តិទាក់ទិនសុវត្ថិភាពយន្តហោះ។

ប្រទេសចិន កំពុងខ្នះខ្នែងដុតដៃដុតជើងធ្វើយ៉ាងណាឱ្យទីផ្សារអន្តរជាតិ គាំទ្រយន្តហោះថ្មីរបស់ខ្លួន ប៉ុន្តែប្រភពក្នុងឧស្សាហកម្មនេះបានព្រមានថា ការអនុម័តពីនិយ័តករលោកខាងលិច អាចចំណាយពេលច្រើនឆ្នាំឯណោះ។

យន្តហោះដឹកអ្នកដំណើរធុន C919 ផលិតដោយក្រុមហ៊ុនចិន Commercial Aircraft Corporation of China (COMAC) ដែលអាចផ្ទុកអ្នកដំណើរបាន១៩២នាក់ និងអាចហោះហើរបានចម្ងាយរហូតដល់ទៅ៥,៥៥០គីឡូម៉ែត្រនេះ ត្រូវបានដាក់ឱ្យបម្រើសេវាកម្មនៅក្នុងប្រទេសចិន នៅឧសភា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានវិញ្ញាបនបត្របញ្ជាក់ពីស្ដង់ដារសុវត្ថិភាពក្នុងស្រុកក្នុងឆ្នាំ២០២២។

លោក លុក ថាយហ្គែត (Luc Tytgat) នាយកប្រតិបត្តិស្តីទីនៃទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនចិន COMAC បានស្នើសុំឱ្យសហភាពអឺរ៉ុប អនុម័តលើកដំបូងក្នុងឆ្នាំ២០១៩ ប៉ុន្តែការផ្ទុះវិបត្តិកូវីដ-១៩ ក៏បានធ្វើឱ្យការងារនេះជាប់គាំង។ ក្រោយមកក្រុមហ៊ុននេះ បានដាក់សំណើជាលើកទី២ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំឱ្យបញ្ចប់ដំណើរការអនុម័តនៅត្រឹមឆ្នាំ២០២៦ ប៉ុន្តែលោកទទួលស្គាល់ថា ដំណើរការនេះមានភាពស្មុគស្មាញ ដែលអាចនឹងត្រូវការពេលយូរជាងនេះ។

ច្បាស់ណាស់ថា ប្រសិនបើមិនទទួលបានការអនុម័តពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) ទេនោះ យន្តហោះដែលផលិតដោយចិន ធុន C919 នឹងមិនត្រូវបានអនុញ្ញាតឱ្យហោះហើរក្នុងដែនអាកាសរបស់អឺរ៉ុបបានឡើយ។​

ទន្ទឹមនេះ ដើម្បីទទួលបានកិច្ចព្រមព្រៀងនាំចេញយន្តហោះ ការឌីហ្សាញយន្តហោះរបស់ក្រុមហ៊ុនចិន COMAC ចាំបាច់ត្រូវមានការទទួលស្គាល់យ៉ាងទូលំទូលាយពី​សំណាក់ក្រុមនិយ័តករបរទេស ដែលដឹកនាំដោយទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាព​អឺរ៉ុប (EASA) និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក (US Federal Aviation Administration)៕​

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្វែងយល់អំពី ជំងឺមហារីកឈាម និងវិធីព្យាបាល

ព័ត៌មាន
ឈាម គឺជាសរីរាង្គមួយ ដែលមានតួនាទីដ៏សំខាន់មួយ នៅក្នុងរាងកាយរបស់មនុស្សម្នាក់ៗ ប៉ុន្ដែ ប្រសិនបើ ឈាមរបស់យើងមានបញ្ហាខុសប្រក្រតី វាក៏បង្កផលប៉…

ក្រុមហ៊ុន អាលីបាបា រងការស៊ើបអង្កេតពី EU ក្រោយសង្ស័យពាក់ព័ន្ធការលក់ផលិតផលអនឡាញខុសច្បាប់

ព័ត៌មាន
គណៈកម្មការអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍ បានបើកការស៊ើបអង្កេតលើសេវាកម្មលក់ទំនិញអនឡាញអាលីអ៊ិកស្ព្រេស (AliExpress)របស់ក្រុមហ៊ុន Alibaba…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ