កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២២


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ភ្លាមៗកម្ពុជានឹងអាចនាំចេញទំនិញទៅកាន់កូរ៉េខាងត្បូងបានក្នុងអត្រាពន្ធគយសូន្យ ក្នុងចំនួនជាង ៩២% នៃបន្ទាត់ពន្ធគយឯណោះ។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រសួងពាណិជ្ជកម្មកម្ពុជារំពឹងថា នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងងបង្កើតកាលានុវត្តភាពនាំចេញថ្មីៗបន្ថែមទៀតសម្រាប់កម្ពុជាផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២២

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) សម្រាប់ការនាំចេញ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ នឹងបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានស្រាប់នាពេលបច្ចុប្បន្ន។

ឯកឧត្តម ប៉ាន សូរស័ក្ដិ អះអាងថា នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ប្រទេសកម្ពុជាបាន បើកទីផ្សារចំនួន ៨៩% នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារចំនួន ៩៥% នៃបន្ទាត់ពន្ធគយសរុប ដែលក្នុងនោះ កម្ពុជានឹងអាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ក្នុងចំនួនជាង ៩២% នៃបន្ទាត់ពន្ធគយសរុប។ បើតាម​ឯកឧត្តមប៉ាន សូរស័ក្ដិ កិច្ចព្រមព្រៀងនេះ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងងបង្កើត កាលានុវត្តភាពនាំចេញថ្មីៗបន្ថែមទៀតផងដែរ។

បើតាមអ្នកជំនាញសេដ្ឋកិច្ច ធ្លាប់បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងកាន់តែមានការរីកចម្រើនថែមទៀត នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ចូលជាធរមាន។ ដោយកម្ពុជានឹងខិតខំសម្រិតសម្រាំងផលិតផលរបស់ខ្លួនបន្ថែមទៀត ជាពិសេសផលិតផលកសិផលតែម្តង ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសកូរ៉េ។ លើសពីនេះ តាមរយៈកិច្ចព្រមព្រៀងនេះដែរ កម្ពុជាក៏អាចទាក់ទាញវិនិយោគិនកូរ៉េ មកធ្វើការវិនិយោគនៅកម្ពុជាបន្ថែមលើវិស័យអទិភាពមួយចំនួន ដែលមានតម្រូវការខ្ពស់នៅប្រទេសកូរ៉េ ដើម្បីផលិត និងធ្វើការនាំចេញទៅទីផ្សារប្រទេសកូរ៉េផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានគោលការណ៍ឯកភាព និងសិទ្ធិប្រទានពីរាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀង CKFTA នេះត្រូវបានចុះហត្ថលេខាជាផ្លូវការជាបីភាសាគឺភាសាខ្មែរ ភាសាកូរ៉េ និងភាសាអង់គ្លេស ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ហើយកម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទ្វេភាគីនេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ខណៈភាគីកូរ៉េបានបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន និងបានជូនដំណឹងមកកម្ពុជាតាមរយៈកំណត់ទូត ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង នៅរយៈពេល១០ខែ ឆ្នាំ២០២២នេះ មានទំហំទឹកប្រាក់ប្រមាណជិត ៦៦០លានដុល្លារអាមេរិក មានការកើនឡើងជាង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េខាងត្បូង សម្រេចបានប្រមាណជិត១៩០លានដុល្លារអាមេរិក កើនឡើងជាង ២០% ខណៈការនាំចូលពីទីផ្សារកូរ៉េខាងត្បូងមកវិញ មានទំហំទឹកប្រាក់ជាង ៤៦០លានដុល្លារអាមេរិក ថយចុះជិត ៣%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕




អត្ថបទបន្ទាប់


ហេតុអ្វីក្រុមហ៊ុនអន្តរជាតិធំៗនៅតែសម្រេចចិត្តបន្តដំណើរការប្រតិបត្តិការនៅមីយ៉ាន់ម៉ា ទោះត្រូវរងសម្ពាធ?

ព័ត៌មាន
ក្រុមហ៊ុនអន្តរជាតិគ្រាក់ៗមួយចំនួននៅតែបន្តជ្រើសរើសបន្តដំណើរការក្នុងប្រទេសមីយ៉ាន់ម៉ា បើទោះជាប្រទេសមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់យោធា ដែលក…

ការប្រមូលចំណូលពន្ធដារសម្រេចបាន១១០% នៃផែនការច្បាប់នៅជិត១១ខែឆ្នាំនេះ

ព័ត៌មាន
ទោះបីជាស្ថិតក្នុងស្ថានភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការបាក់ស្រុតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងផលប៉ះពាល់ថ្មីនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ