មេគយកម្ពុជា ពន្យល់ហេតុផលជុំវិញការសម្រេចដំឡើង និងបញ្ចុះអត្រាពន្ធ

ហេតុអ្វីថ្មីៗនេះរដ្ឋសម្រេចដំឡើង និងបញ្ចុះអត្រាពន្ធនាំចូល-អាករពិសេស លើមុខទំនិញមួយចំនួន?


ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ តទៅ រាជរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសម្រេចកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចូលលើមុខទំនិញសំខាន់ៗមួយចំនួន។ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា កត្តាដែលធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចូលលើមុខទំនិញមួយចំនួន នាពេលនេះ គឺដើម្បីទប់ស្កាត់នូវអត្រាអតិផរណា ជំរុញសកម្មភាពពាណិជ្ជកម្ម និងលើកកម្ពស់សកម្មភាពវិនិយោគក្នុងស្រុក។
ហេតុអ្វីថ្មីៗនេះរដ្ឋសម្រេចដំឡើង និងបញ្ចុះអត្រាពន្ធនាំចូល-អាករពិសេស លើមុខទំនិញមួយចំនួន?

ថ្លែងក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹតស្ដីពីការកែសម្រួលអត្រាពន្ធនិងអាករ លើមុខទំនិញមួយចំនួន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញពីគោលបំណងសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចូលលើមុខទំនិញសំខាន់ៗ មួយចំនួន។ ឯកឧត្តម គុណ ញឹម បានអះអាងដូច្នេះថា ស្ថិតក្នុងបរិបទដែលសេដ្ឋកិច្ចសាកល រួមទាំងសេដ្ឋកិច្ចនៅកម្ពុជា បាននិងកំពុងជួបប្រទះនូវផលវិបាក និងបញ្ហាប្រឈមនានា ដែលបង្កឡើងដោយសារជំងឺកូវីដ១៩ ការអូសបន្លាយនៃសង្រ្គាមនៅអ៊ុយក្រែន រួមទាំង បញ្ហាភូមិសាស្រ្តនយោបាយជាដើម បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោករងការរង្គោះរង្គើជាខ្លាំង។ បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋាគយ និងរដ្ឋាករកម្ពុជា ដោយមើលឃើញនូវបញ្ហាមួយចំនួន ក៏ដូចជា ដើម្បីទប់ស្កាត់ និងកាត់បន្ថយនូវសម្ពាធអតិផរណា ទើបអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកជាសំណើរជូនរាជរដ្ឋាភិបាលក្នុងការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចូលលើមុខទំនិញមួយចំនួន ដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ម្យ៉ាងវិញទៀតការអនុវត្តការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចូលលើមុខទំនិញមួយចំនួន ក៏នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម ក៏ដូចជា លើកកម្ពស់សកម្មភាពវិនិយោគនៅក្នុងស្រុក ថែមមួយកម្រិតទៀត។ នេះបើតាមការអះអាងបន្ថែមរបស់ឯកឧត្តម គុណ ញឹម។

ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រ និងបានយល់ឃើញថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការកែសម្រួលអត្រាពន្ធនិងអាករ លើមុខទំនិញមួយចំនួន ជាផ្នែកមួយជួយលើកកម្ពស់វិស័យឯកជន ឲ្យកាន់ប្រសើរឡើងថែមមួយកម្រិតទៀត។ ឧកញ៉ា គួច ផេង បន្តថា ការកែសម្រួលអត្រាពន្ធនាំចូល និងអាករពិសេស មិនត្រឹមតែសម្រួលដល់វិស័យឯកជនប៉ុណ្ណោះទេ តែក៏សម្រួលដល់អ្នកប្រើប្រាស់ផងដែរ។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមថា តាមរយៈការកែសម្រួលអត្រាពន្ធនិងអាករ លើមុខទំនិញមួយចំនួននេះ នឹងកាន់តែធ្វើឲ្យការធ្វើពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ល្អប្រសើរថែមមួយកម្រិតទៀត។

យោងតាមអនុក្រឹតរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មានផលិតផលនាំចូលជាច្រើនមុខ ត្រូវបានដំឡើង និងកាត់បន្ថយអត្រាពន្ធនាំចូល និងអាករពិសេស។ លើសពីនោះ ក៏មានទំនិញមួយចំនួនត្រូវបានលើកលែងពន្ធទាំងស្រុងទៀតផង ប៉ុន្តែ ក៏មានផលិតផលខ្លះ ដែលមិនធ្លាប់ជាប់ពន្ធ ក៏ត្រូវបានកំណត់ឲ្យជាប់ពន្ធ ផងដែរ។ ត្រង់ចំណុចនេះ ឯកឧត្តម គុណ ញឹម បានពន្យល់ដូច្នេះ កត្តាដែលធ្វើឲ្យទំនិញមួយចំនួនត្រូវដំឡើងអត្រាពន្ធនាំចូល និងមានទំនិញមួយចំនួនត្រូវបញ្ចុះអត្រាពន្ធនាំចូលវិញ គឺដើម្បីកុំឲ្យបន្ទាត់នៃអត្រាពន្ធនាំចូល-អាករពិសេស មានគម្លាតខុសពីគ្នាខ្លាំងពេក។ លោកបន្ថែមថា លើសពីនេះ ក៏ដើម្បីទប់ស្កាត់ការថយចុះ នៃប្រាក់ចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផងដែរ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ហាញថា នៅរយៈពេល ៥ខែក្នុងឆ្នាំ២០២៣ កម្ពុជានាំចូលទំនិញក្នុងតម្លៃសរុបជាង១០ពាន់លានដុល្លារ ធ្លាក់ចុះជាង២២% ខណៈការនាំចេញទំនិញវិញ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


តម្លៃសំបុត្រចូលសួនសត្វភ្នំពេញសាហ្វារី ត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ ដោយទូទាត់តាម AMK Mobile

ព័ត៌មាន
ក្នុងឱកាសអបអរសាទរកម្មវិធីខួបគម្រប់ ៥ ឆ្នាំរបស់សួនសត្វភ្នំពេញសាហ្វារី នាថ្ងៃទី ១៨ មិថុនា ២០២៣ ខាងមុខនេះ អេ អឹម ខេ បានសហការផ្តាច់មុខជាម…

ការផ្ដល់ឥណទានតាមប្រព័ន្ធអ៊ិនធឺណិត ជំរុញឲ្យបំណុលទាក់ទងនឹងទំនិញប្រើប្រាស់នៅជប៉ុនហក់ឡើងខ្ពស់

ព័ត៌មាន
ការកើនឡើងនូវសេវាកម្មផ្តល់ប្រាក់កម្ចីតាមអ៊ីនធឺណិត ដែលធ្វើប្រតិបត្តិការយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទឆ្លាតវៃ ឬស្មាតហ្វូននោះ បានជួយជំរុញឱ្យមានកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ