សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចកំណើនជាវិជ្ជមាននៅឆមាសទី១ឆ្នាំនេះ

ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចកំណើនជាវិជ្ជមាន ខណៈសេដ្ឋកិច្ចពិភពលោកនិងតំបន់មានកំណើនទាប


ធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចកំណើនជាវិជ្ជមាននៅឆមាសទី១ឆ្នាំ២០២៣ បើទោះបីវិបត្តិសកល ជាពិសេសសង្គ្រាមនៅអ៊ុយក្រែនបន្តដាក់សម្ពាធមកលើសេដ្ឋកិច្ចពិភពលោក។ បើតាមធនាគារជាតិនៃកម្ពុជា ការរក្សារបាននូវកំណើនវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា នាឆមាសទី១ឆ្នាំនេះ ត្រូវបានពឹងផ្អែកលើកំណើននៃវិស័យចម្បងៗមួយចំនួនដូចជាវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់។
ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចកំណើនជាវិជ្ជមាន ខណៈសេដ្ឋកិច្ចពិភពលោកនិងតំបន់មានកំណើនទាប

ទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆមាសទី១ អាចរក្សាបាននូវកំណើនវិជ្ជមាន និងកត្តាអំណោយផលក៏ដោយ ប៉ុន្តែវិបត្តិសាកលនានា ក៏បានជះឥទ្ធិពលអវិជ្ជមាន នឹងដាក់សម្ពាធលើសេដ្ឋកិច្ចកម្ពុជាផងដែរ។ តើអ្វីជាបញ្ហាប្រឈម និងកត្តាអំណោយផលសម្រាប់សេដ្ឋកិច្ចកម្ពុជានៅឆមាសទី១ឆ្នាំ២០២៣?

បើយោងតាមរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆមាសទី១ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានកំណើនជាវិជ្ជមាន។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា កត្តាដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានកំណើនវិជ្ជមាន ផ្អែកទៅលើកំណើនខ្ពស់នៃវិស័យទេសចរណ៍, ការបន្តរក្សាកំណើនក្នុងវិស័យកសិកម្ម, សញ្ញាងើបឡើងនៃវិស័យសំណង់ បើទោះបីជា ផលិតកម្មក្នុងវិស័យកម្មន្តសាលបានធ្លាក់ចុះ ដោយសារការថមថយនៃការបញ្ជាទិញពីខាងក្រៅ ក៏ដោយ។ បើតាមធនាគារជាតិនៃកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួនជាង ២,៦លាននាក់ ដែលមានកំណើនខ្ពស់រហូត៥ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែ បើទោះជាបែបនេះក្ដី ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបហាក់នៅមានកម្រិតទាបនៅឡើយបើធៀបនឹងមុនវិបត្តិកូវីដ១៩ ដែលកម្ពុជាទទួលបានប្រមាណ៣,៣លាននាក់។ ដោយឡែក សម្រាប់វិស័យកសិកម្មនៅតែបន្តរក្សាកំណើនល្អ ស្របពេលដែលវិស័យសំណង់និងអចលនទ្រព្យបានបង្ហាញសញ្ញាងើបឡើងវិញ បន្ទាប់ពីវិស័យនេះបានទទួលរងការរង្គោះរង្គើយ៉ាងខ្លាំងដោយសារវិបត្តិមួយចំនួន នាពេលកន្លងមក។

ទោះបីវិបត្តិសាកលបានធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក៏ដោយចុះ ក៏ប៉ុន្តែ វិបត្តិនេះ ក៏បានជះឥទ្ធិពលជាវិជ្ជមាន និងឪកាសមួយចំនួនផងដែ មកលើសេដ្ឋកិច្ចកម្ពុជា។ តើអ្វីជាកត្តាអំណោយផលនិងបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជានៅឆមាសទី១ឆ្នាំ២០២៣?

ស្ថិតក្នុងបរិបទពិភពលោកជួបបញ្ហាប្រឈម សេដ្ឋកិច្ចកម្ពុជានៅឆមាសទី១ឆ្នាំ២០២៣ ក៏បានជួបនូវហានិភ័យ និងបញ្ហាប្រឈមមួយចំនួនផងដែរ រួមមាន៖ កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចពិភពលោកនិងតំបន់ ជាពិសេសប្រទេសក្នុងតំបន់អឺរ៉ុប និងចិន,ការកើនឡើងនូវអតិផរណាដែលនឹងប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ,ភាពមិនច្បាស់នៃលំហូរមូលធន និងការរឹតត្បឹតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ, ការប្រែប្រួលអាកាសធាតុដែលអាចបន្ថយកំណើនក្នុងវិស័យកសិកម្ម, ភាពមិនប្រាដកប្រជានៃជំងឺកូវីដ១៩, ឧក្រិដ្ឋកម្មសាយប័រ និងវិបត្តិភូមិសាស្រ្តនយោបាយ។

ទន្ទឹមនឹងបញ្ហាប្រឈម សេដ្ឋកិច្ចកម្ពុជានៅឆមាសទី១ឆ្នាំ២០២៣ ក៏មានភាពអំណោយផលផងដែររួមមាន ការកើនឡើងវិញនៃការវិនិយោគក្នុងតំបន់, មានទីតាំងភូមិសាស្រ្តនៅចំកណ្ដាលអាស៊ាន, ការកើនឡើងការវិនិយោគក្នុងវិស័យឧស្សាហកម្ម, លទ្ធភាពខ្ពស់នៃវិស័យធនាការក្នុងការឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទានក្នុងពេលមានវិបត្តិ, សេដ្ឋកិច្ចមានភាពបើកទូលាយ និងសមាហរណកម្មខ្ពស់, មានស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកត្តាភាគលាភប្រជាសាស្រ្តជាដើម។

ជុំវិញស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ ថា ទោះស្ថិតក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា កំពុងទទួលរងឥទ្ធិពលពីការថមថយនៃសកម្មភាពសេដ្ឋកិច្ចពិភពលោក ធនាគារជាតិនៃកម្ពុជា បានបន្តរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពហិរញ្ញវត្ថុ អភិវឌ្ឍប្រព័ន្ធធនាគារ និងប្រព័ន្ធទូទាត់ ដែលបានជួយជ្រោងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យនានាឱ្យប្រព្រឹត្តទៅដោយពិលាស។ ជាមួយគ្នានេះដែរ ប្រព័ន្ធធនាគារកម្ពុជានៅបន្តរក្សាបានភាពធន់និងរឹងមាំ ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ក្រៅពីនេះ សេវាហិរញ្ញវត្ថុត្រូវបានបន្តពង្រីកវិសាលភាព ដែលបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងឱ្យកាន់តែប្រសើរឡើង និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា សេដ្ឋកិច្ចពិភពលោកនិងតំបន់ ត្រូវបានគេព្យាករថា នឹងបន្តមានកំណើនទាបនៅឆ្នាំ២០២៣នេះ ខណៈសម្រាប់ប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ត្រូវបានគេរក្សាការព្យាករមានកំណើន ៤% ដដែល។ បើតាមធនាគារជាតិនៃកម្ពុជា សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថា នឹងមានកំណើន៣% នៅឆ្នាំ២០២៣ ខណៈកាលពីឆ្នាំ២០២២ មានកំណើន៣,៥%។ ដោយឡែក សម្រាប់សេដ្ឋកិច្ចនៅតំបន់អាស៊ានក្នុងឆ្នាំ២០២៣វិញ ត្រូវបានគេព្យាករថាមានកំណើន៤,៦% ខណៈកាលពីឆ្នាំ២០២២ មានកំណើន៥,៥%៕




អត្ថបទបន្ទាប់


ឯកឧត្តម ជា ចាន់តូ៖ ប្រព័ន្ធធនាគារនៅកម្ពុជានៅតែរឹងមាំ ទោះមានការរឹតត្បិតហិរញ្ញវត្ថុសកល

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ប្រព័ន្ធធនាគារនៅកម្ពុជានៅតែរក្សាបានភាពធន់ និងរឹងមាំ បើទោះលក្ខខណ្ឌហិរញ្ញវត្ថុសកលកំពុងស្ថិត…

តើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីនៅចិនទទួលបានផ្លែផ្កាអ្វីខ្លះ?

ព័ត៌មាន
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីដែលពលរដ្ឋដាក់រហ័សនាមថា ចូកូវី បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិនជាមួយលទ្ធផលដ៏ត្រចះត្រចង់ជាមួយនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ