សភាពាណិជ្ជកម្មកម្ពុជា

មេ CDC អះអាងថា ការងាររបស់សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មមិនជាន់គ្នានោះទេ


តើការងាររបស់សមាគមឧកញ៉កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាអាចជាន់គ្នាដែរ ឬយ៉ាងណា? បើតាមការគូសបញ្ជាក់ច្បាស់ៗរបស់ថ្នាក់ដឹកនាំ CDC ការងាររបស់សមាគមឧកញ៉ាកម្ពុជា និងការងាររបស់សភាពាណិជ្ជកម្មកម្ពុជាមិនជាន់គ្នានោះទេ ទោះបីស្ថាប័នទាំងពីរមានទិសដៅជួយជំរុញការធ្វើពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគដូចគ្នាក៏ដោយ។
មេ CDC អះអាងថា ការងាររបស់សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មមិនជាន់គ្នានោះទេ

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាការងារជាមួយប្រតិភូសមាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃទី៦ ខែមេសា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន​គូសបញ្ជាក់ថា ការងារសហការរវាងសមាគមឧកញ៉ាកម្ពុជា ជាមួយ CDC មិនជាន់គ្នាជាមួយការងាររបស់សភាពាណិជ្ជកម្មកម្ពុជានោះទេ។ ការអះអាងបែបនេះ ធ្វើឡើងក្រោយឯកឧត្តមបារម្ភមហាជនមានការយល់ច្រឡំជុំវិញការបង្កើតសមាគមឧកញ៉ា ស្របពេលដែលកម្ពុជាមានសភាពាណិជ្ជកម្មកម្ពុជា​ ដែលជាតំណាងឲ្យរាជរដ្ឋាភិបាល និងវិស័យឯកជនមួយរួចទៅហើយនោះ។ ឯកឧត្តមបានបន្តថា ក្រៅពីការងារសង្គមនិងមនុស្សធម៌ CDC រួមជាមួយនឹងសមាគមឧកញ៉ាកម្ពុជា នឹងធ្វើកិច្ចការរួមគ្នា សំដៅជួយលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា ក្រោមកិច្ចសហការជាមួយសមាគមឧកញ៉ាកម្ពុជាវានឹងជួយសម្រួលបរិយាកាសវិនិយោគរបស់កម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះលោកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជាបានគូសបញ្ជាក់ពីការងារ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជាថា គឺផ្តោតសំខាន់ទៅលើការងារសង្គមនិងមនុស្សធម៌ ក៏ដូចជាចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលក្នុងបេសកកម្មមួយចំនួនទាំងក្នុងស្រុក និងក្រៅស្រុកក្នុងគោលដៅជួយជំរុញ និងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។ មុនជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាអភិបាលកិច្ច ផ្នែកបច្ចេកទេសរបស់សមាគមឧកញ៉ាកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់សមាគមនេះ ក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃជាមួយគ្នានោះផងដែរ ដើម្បីណែនាំសមាភាពថ្នាក់ដឹកនាំ និងសមាជិក ក៏ដូចជាបង្ហាញបេកកម្ម និងទស្សនៈវិស័យរបស់សមាគម។

ជាមួយគ្នានេះ ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់ទុកវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសរបស់សមាគម គឺជាការបង្ហាញនូវកាយវិការដ៏ថ្លៃថ្លារបស់សម្តេច ក្នុងការយកចិត្តទុកដាក់ និងលើកស្ទួយដល់សមាគម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

រាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលទទួលស្គាល់សមាគមឧកញ៉ាកម្ពុជាជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យបុគ្គល ដែលទទួលបានគោរមងារឧកញ៉ាទាំងអស់កម្ពុជា និងផ្តល់នូវការទទួស្គាល់មួយកម្រិតជាផ្លូវការរបស់រាជរដ្ឋាភិបាលដោយផ្តោតជាសំខាន់លើភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា៕




អត្ថបទបន្ទាប់


CSX នឹងទទួលបានក្រុមហ៊ុនតម្លៃលើស១ពាន់លានដុល្លារទី២ ចូលមកគោះជួងបោះផ្សាយលក់ភាគហ៊ុនឆាប់ៗនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាអះអាងថា បច្ចុប្បន្ន មានក្រុមហ៊ុនតម្លៃជាង ១ពាន់លានដុល្លារចំនួន២ហើយ ដែលបានបានចូលមក និងត្រៀមខ្លួនចូលមកចុះបញ្ជ…

ប្រធាន IMF មើលឃើញកំណើនសេដ្ឋកិច្ចសាកលនឹងមានទាបជាង ៣% នៅក្នុងឆ្នាំ២០២៣

ព័ត៌មាន
នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺលោកស្រី គី្រស្ទីលីណា ចចជីវ៉ា (Kristalina Georgieva) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា កំណើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ