ប្រទេសចិន - សហរដ្ឋអាមេរិក

ចិនបដិសេធការចូលរួមកិច្ចប្រជុំរវាងប្រមុខការពារជាតិទ្វេភាគីជាមួយអាមេរិក


ទីក្រុងប៉េកាំងបានបដិសេធសំណើរបស់មន្ទីរបញ្ចកោណដែលចង់ឱ្យមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន និងរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ នៅឯវេទិកាសន្តិសុខក្នុងប្រទេសសិង្ហបុរីនាខែមិថុនាខាងមុខ។ នេះជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញពីការលំបាកខ្លាំង ខណៈដែលប្រទេសទាំង២កំពុងព្យាយាមរក្សាស្ថិរភាពទំនាក់ទំនងដ៏ចម្រូងចម្រាស់របស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ចិនបដិសេធការចូលរួមកិច្ចប្រជុំរវាងប្រមុខការពារជាតិទ្វេភាគីជាមួយអាមេរិក
ដោយ

ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា សាធារណរដ្ឋប្រជាមានិតចិនបានបដិសេធការអញ្ជើញកាលពីដើមខែឧសភារបស់សហរដ្ឋអាមេរិកដែលចង់ជួបប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីការពារជាតិ អំឡុងកិច្ចសន្ទនា សាងហ្គ្រី-ឡា (Shangri-La Dialogue) ដែលជាព្រឹត្តិការណ៍សន្តិសុខអាស៊ីមួយ រៀបចំធ្វើជារៀងរាល់ឆ្នាំដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៅប្រទេសសិង្ហបុរីនៅខែមិថុនា។

កាសែត Financial Times បានរាយការណ៍នៅខែនេះថា ប្រទេសចិនបានប្រាប់សហរដ្ឋអាមេរិកថា មានឱកាសតិចតួចណាស់សម្រាប់កិច្ចប្រជុំនេះ ដរាបណាក្រុងវ៉ាស៊ីនតោននៅតែរក្សាទណ្ឌកម្មលើរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ ដែលត្រូវបានដាក់នៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨ ពាក់ព័ន្ធនឹងករណីដែលចិនទិញយន្តហោះចម្បាំង និងកាំជ្រួចពីប្រទេសរុស្ស៊ី។

មន្ទីរបញ្ចកោណធ្លាប់បានជូនដំណឹងដល់ចិនថា ការដាក់ទណ្ឌកម្មនេះមិនរារាំងកិច្ចប្រជុំនៅប្រទេសសិង្ហបុរីទេ ក៏ប៉ុន្តែទីក្រុងប៉េកាំងបានផ្តល់សញ្ញាថា វាមិនសមរម្យទាល់តែសោះដែលភាគីទាំងពីរជួបគ្នាទេ ដរាបណាអាមេរិកនៅតែរក្សាទណ្ឌកម្មនោះឱ្យនៅដដែល។

មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បាននិយាយថា នេះគឺមិនមែនជាលើកដំបូងទេដែលចិនបានបដិសេធការអញ្ជើញឱ្យជួបទាក់ទងគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក ជាមួយប្រធានអគ្គសេនាធិការចម្រុះ ឬមន្ត្រីក្រសួងការពារជាតិផ្សេងទៀត។ មន្ត្រីរូបនេះលើកឡើងថា វាគ្រាន់តែជាលេសថ្មីបំផុតក្នុងចំណោមលេសជាបន្តបន្ទាប់កន្លងមក។

មន្ត្រីដដែលបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០២១មក ប្រទេសចិនបានបដិសេធ ឬមិនបានឆ្លើយតបនឹងសំណើសុំឱ្យមានកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់ជាង១០លើកមកហើយ បន្ថែមពីលើសំណើជាច្រើនដែលចង់ឱ្យមានកិច្ចប្រជុំកម្រិតក្រុមការងារ។

ភ្លាមៗ ស្ថានទូតប្រទេសចិនប្រចាំក្រុងវ៉ាស៊ីងតោនមិនបានឆ្លើយតបចំពោះការសុំធ្វើអធិប្បាយជុំវិញបញ្ហានេះទេ។ ប៉ុន្តែលោកស្រី បុន្នី គ្លេស្ស៊ើ (Bonnie Glaser) អ្នកជំនាញកិច្ចការចិននៅមូលនិធិ Marshall របស់អាល្លឺម៉ង់ បាននិយាយថា វាជារឿងគួរឱ្យព្រួយបារម្ភដែលចិនមិនបានមើលឃើញហានិភ័យដែលកើតមានជាមួយនឹងការផ្អាកជាយូរមកហើយនូវកិច្ចសន្ទនារវាងយោធាអាមេរិកនិងយោធាចិន។

កិច្ចសន្ទនា សាងហ្គ្រី-ឡា នេះជារឿយៗបានក្លាយជាវេទិកាមួយក្នុងចំណោមវេទិកាតិចតួចដែលរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកជួបជាមួយសមភាគីចិន។ កាលពីឆ្នាំមុន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក អូស្ទីន បានជួបជាមួយលោក វ៉េ ហ្វឹងហេ (Wei Fenghe) ដែលពេលនោះជារដ្ឋមន្ត្រីការពារជាតិរបស់ចិន។ នៅឆ្នាំនេះ ក្រសួងការពារជាតិចិនបានបញ្ជាក់ប្រាប់កាលពីថ្ងៃចន្ទថា លោក លី សាងហ្វូ រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ចិន នឹងចូលរួមក្នុងកិច្ចសន្ទនា សាងហ្គ្រី-ឡា នៅប្រទេសសិង្ហបុរី នាខែមិថុនា ប៉ុន្តែនឹងមិនមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន ទេ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ធនាគារកណ្ដាលថៃថា ៥ឆ្នាំខាងមុខទីផ្សារទុរេននឹងមានការប្រកួតប្រជែងខ្លាំង

ព័ត៌មាន
ប្រទេសថៃ ត្រូវការបង្កើនសមត្ថភាពផលិតកម្មទុរេនរបស់ខ្លួនបន្ថែមទៀត ដើម្បីអាចនៅឈរជើងក្នុងតំណែងជាអ្នកនាំចេញកំពូលបាន ខណៈដែលនៅ៥ឆ្នាំខាងមុខនេះ ទ…

ឱកាសពិសេស! បុរី មេគង្គ លែន ចាប់ដៃគូជាមួយ ធនាគារ ស៊ិន ហាន ផ្តល់កម្ចីរហូតដល់ ២៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ទាបបំផុត

ព័ត៌មាន
សម្រាប់អ្នកដែលកំពុងស្វែងរកគេហដ្ឋានដែលមានច្រើនជម្រើស និងម៉ូតស្អាតដាច់គេ ពេលនេះបុរី មេគង្គ លែន មានសេវាកម្មផ្ដល់កម្ចីទិញគេហដ្ឋានក្នុងទំហំធំ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ