ចិនថា នៅតែស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក

ចិនថា នៅតែស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ប៉ុន្ដែប្រឆាំងដាច់ខាតចំពោះនយោបាយគាបសង្កត់ទីក្រុងវ៉ាស៊ិនតោន


ក្រសួងពាណិជ្ជកម្មចិននៅទី ៩ខែកុម្ភៈ បានចេញមកអះអាងថា ទីក្រុងប៉េកាំង នៅតែបើកទ្វារទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកដដែល ព្រោះនេះជាសារៈសំខាន់សម្រាប់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីរ ដើម្បីរក្សាការជជែកពិភាក្សាគ្នាដោយបើកចំហរជុំវិញបញ្ហាដែលកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចសកល។
ចិនថាខ្លួននៅតែស្វាគមន៍ទស្សនកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក!

ការលើកឡើងដូចនេះពីភាគីចិនធ្វើឡើង បន្ទាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃទី៨ខែកុម្ភៈ បានសម្តែងក្តីសង្ឃឹមថា លោកស្រីនឹងអាចអញ្ជើញទៅប្រទេសចិន ដើម្បីពិភាក្សាពីបញ្ហាសេដ្ឋកិច្ចជាមួយសមភាគីចិន ក្រោយពេលដែលគម្រោងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក​ទៅកាន់ប្រទេសចិនត្រូវបានសម្រេចលុបចោល ក្រោយផ្ទុះសំណុំរឿង បាឡុងចារកម្មរបស់ចិន ដែលត្រូវបានបាញ់ទម្លាក់នៅលើទឹកដីអាមេរិកថ្មីៗនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។​

ហេតុការណ៍បាឡុងរបស់ចិននេះ បានធ្វើឱ្យទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ ហាក់មើលមុខគ្នាកាន់តែមិនចំ ពីលើបញ្ហាចាស់ៗដែលមិនទាន់ដោះស្រាយរួចផងនោះ។ យ៉ាងណាក៏ដោយ លោកស្រី Janet Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុ​អាមេរិកពុំបានបញ្ជាក់លំអិតពីបំណងទស្សនកិច្ចរបស់លោកស្រីឡើយ។​

មែនទែនទៅ បើមិនមានហេតុកាតរណ៍បាឡុងហោះនោះកើតឡើង ម្ល៉េះរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប្លីងខេន បានទៅដល់ទឹកដីចិន ដើម្បីបំពេញទស្សនកិច្ចផ្លូវការតាមការគ្រោងទុករួចបាត់ទៅហើយ។

យ៉ាងណាក៏ដោយ ការដែលលោកស្រីយេឡេន ចង់ទៅប្រទេសចិននេះ ត្រូវបានគេរំពឹងទុកថា គឺបំណងធំដើម្បីពិភាក្សាបញ្ហាសេដ្ឋកិច្ចទាំងទ្វេភាគី និងពហុភាគី។ បញ្ហាពហុភាគី គឺលោកស្រីចង់ឱ្យចិនបញ្ចេញសកម្មភាពឱ្យបានរហ័ស ដើម្បីគាំទ្រឱ្យបានជាក់លាក់ លើដំណើរការរៀបចំបំណុលឡើងវិញសម្រាប់ប្រទេសហ្ស៊ំប៊ី។

ថ្លែងនៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រអន្តរជាតិក្នុងទីក្រុងវ៉ាស៊ីនតោនលោកស្រីយេលេននិយាយថា ដោយសារតែប្រទេសចិនបានទាមទារឱ្យធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នផ្សេងទៀតចូលរួមក្នុងការកាត់បន្ថយបំណុលសម្រាប់ប្រទេសដែលមានហានិភ័យ ដូចនេះប្រទេសចិនត្រូវតែអនុវត្តវាឱ្យបានដូចគ្នា។ លោកស្រីយេឡេនថា ចិនខ្វះឆន្ទៈក្នុងការចូលរួមក្នុងវិធានការនេះ។

សម្រាប់ភាគីក្រសួងពាណិជ្ជកម្មវិញ គឺមិនបានបិទផ្លូវជជែកគ្នា ចំពោះ​បញ្ហាសេដ្ឋកិច្ចទេ ប៉ុន្តែអ្វីដែលចិនមិនពេញចិត្តនោះ គឺនយោបាយដាក់គំនាប គាបសង្កត់មកលើប៉េកាំងម្តងហើយ ម្តងទៀតលើគ្រប់រឿង គ្រប់បញ្ហា។

ក្រសួងពាណិជ្ជកម្មចិន បានបរិហារគម្រោងទស្សនកិច្ច​របស់លោក ប្លឺងខេន ថា មិនមែនចេញពីចិត្តនោះទេ ហើយក៏គ្មានន័យនោះដែរ បើអាមេរិកនៅតែបន្តដាក់គំនាប​មកលើចិន​លើគ្រប់បញ្ហា រាប់ចាប់ពីបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ យោធា និងបញ្ហាកោះតៃវ៉ាន់ជាដើម។

អ្នកនាំពាក្យក្រសួងពាណិជ្ជកិម្មចិន លោកស្រី Shu Jueting បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភាគីទាំងពីរក្នុងការរក្សាទំនាក់ទំនងធម្មតា។ ប្រទេស​ចិន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី Janet Yellen ប៉ុន្តែប្រទេសចិនប្រឆាំងយ៉ាងខ្លាំងចំពោះការបង្ខិតបង្ខំរបស់សហរដ្ឋអាមេរិកដែលគំរាមកំហែងដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មសកលលោក។ យើងសង្ឃឹមថាប្រទេសដែលពាក់ព័ន្ធ ពិសេសសម្ព័ន្ធមិត្ត គោរពតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិដើម្បីរក្សាពាណិជ្ជកម្មធម្មតា។ ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីរក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយគ្រប់ភាគីទាំងអស់ ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនចិន៕




អត្ថបទបន្ទាប់


ម៉ាឡេស៊ី និងថៃប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ៣០ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥

ព័ត៌មាន
អំឡុងកិច្ចប្រជុំកំពូលជាលើកដំបូងរវាងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha កាលពីថ្ងៃព្រហស្…

ការស៊ើបអង្កេតបឋមរបស់អាមេរិកបង្ហាញថា គ្រឿងបង្គុំក្នុងបាឡុងរបស់ចិន គឺជាឧបករណ៍ចារកម្មដូចការសង្ស័យមែន

ព័ត៌មាន
រូបភាពពីលើយន្តហោះចារកម្ម U2 បានបង្ហាញថា បាឡុងរបស់ចិនដែលបានហោះពីលើសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនត្រូវបានបំពាក់ដោយឧបករណ៍ដែលនឹកស្មានមិនដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ