វិស័យអាកាសចរណ៍

តើការអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះកោះរ៉ុងតម្លៃ៣០០លានដុល្លារ មានការវិវត្តយ៉ាងណាមកទល់ពេលនេះ?


មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល បានឱ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ កោះរ៉ុងតម្លៃ៣០០លានដុល្លារអាម៉េរិក បានចាប់ផ្តើមដំណើរការជាបណ្តើរៗហើយ បន្ទាប់ពីគម្រោង លំដាប់ 4C នេះបានចុះហត្ថលេខាទទួលស្គាល់ផែនការមេកាលពីដើមឆ្នាំ២០២៣។ បច្ចុប្បន្នគម្រោងព្រលានយន្តហោះនេះ កំពុងឈូសឆាយពង្រាបដី បន្ទាប់ពីក្រុមហ៊ុនបានដោះស្រាយបញ្ហាផលប៉ះពាល់សង្គមជាមួយប្រជាជននៅតំបន់នោះជិតចប់សព្វគ្រប់។
វិស័យអាកាសចរណ៍
ដោយ

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្តេជ្ញាកាលពីពេលកន្លងទៅថា ខ្លួននឹងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនេះ ឲ្យសម្រេចតាមផែនការមេដែលបានគ្រោងទុក។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅខេត្តព្រះសីហនុ កំពុងស្ថិតក្នុងដំណាក់កាលឈូសឆាងពង្រាបដីឱ្យស្មើនៅឡើយទេ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍បានដោះស្រាយផលប៉ះពាល់សង្គមជូននៅតំបន់នោះជិតចប់សព្វគ្រប់។ ជាមួយគ្នានេះក្រុមហ៊ុនអភិវឌ្ឍន៍ កំពុងបន្តដោះស្រាយផលប៉ះពាល់សង្គមជាមួយប្រជាពលរដ្ឋដែលនៅសេសសល់ ដើម្បីពន្លឿនការអភិវឌ្ឍ​គម្រោងអាកាសយានដ្ឋានអន្តរជាតិ ដែលមានតម្លៃ៣០០លានដុល្លារអាម៉េរិកមួយនេះ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការសាងសង់ព្រលានយន្ដហោះនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាជំរុញការអភិវឌ្ឍន៍នៅកោះរ៉ុង ដ្បិតតាមសិក្សាស្រាវជ្រាវ និងបទពិសោធន៍ជាអន្តរជាតិ តំបន់ទេសចរណ៍ទាំងឡាយណា ដែលមានអាកាសយានដ្ឋាន គឺមានការអភិវឌ្ឍ​ខ្លាំងជាងតំបន់ទេសចរណ៍ណាដែលមិនមានអាកាសយានដ្ឋាន។

យ៉ាងណាក៏ដោយកាលពេលកន្លងទៅ អ្នកឧកញ៉ា គិត ម៉េង បានប្តេជ្ញានឹងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ តម្លៃ៣០០លានដុល្លារនេះឲ្យសម្រេចតាមផែនការមេ ដែលបានចុះហត្ថលេខា កាលពីទី១៨ ខែមករា ឆ្នាំ២០២៣ ដែលមានរយៈពេលសាងសង់៥ឆ្នាំ។ គម្រោងអភិវឌ្ឍអាកាសយានដ្ឋាននេះ ទទួលការសាទរយ៉ាងខ្លាំងពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ ដោយសារគម្រោងនេះនឹងរួមចំណែកសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងការបម្រើដល់សេវាកម្មទេសចណ៍តែម្តង។ ​

យ៉ាងណាមិញឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានចាត់ទុកការចូលរួមក្នុងភាពជាដៃគូពីក្រុមហ៊ុន Royal Group វា​បានបង្ហាញពីសញ្ញាវិជ្ជមានមួយក្នុងការជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង ជាពិសេសជួយបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក-ក្រៅស្រុក តាមផ្លូវអាកាសរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ច តំបន់ និងពិភពលោកផងដែរ។ សម្រាប់មន្រ្តីជាន់ខ្ពស់រូបនេះ អាកាសយានដ្ឋានលំដាប់ 4C នេះ គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានវិនិយោគដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។​​

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុងជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ។ គម្រោងសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង ស្ថិតនៅក្នុងក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគរបស់ក្រុមហ៊ុនយ៉ូញៀន(UDG) នៅតំបន់តារាសាគរដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការចរចាតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រជាមួយថៃ គឺជារឿងរសើប ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់

ព័ត៌មាន
បើគ្មានការប្រែប្រួលទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការលើកដំបូងក្រោយការឡើងកាន់តំណែងជានាយករដ្ឋម…

កម្ពុជាត្រូវការរោងចក្រកែច្នៃធុនមធ្យមយ៉ាងតិច៣០ទៀត ដើម្បីអាចរក្សាស្ថិរភាពតម្លៃគ្រាប់ស្វាយចន្ទី

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Mirath Agri Tech ដែលវិនិយោគដោយវិនិយោគិនជប៉ុន កំពុងសាងសង់រោងចក្រកែច្នៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ