គោលនយោបាយវ៉ាក់សាំងអាមេរិក

តុលាការរារាំងការអនុវត្តគោលនយោបាយវ៉ាក់សាំងរបស់លោក ចូ បៃឌិន


រដ្ឋបាលលោក ចូ បៃឌិន កាលពីថ្ងៃអង្គារទី៣០វិច្ឆិកា ត្រូវបានតុលាការរារាំងពីការអនុវត្តគោលនយោបាយវ៉ាក់សាំងចំនួនពីរ ដែលតម្រូវឱ្យបុគ្គលិក និងកម្មករអាមេរិករាប់លាននាក់ ទទួលថ្នាំវ៉ាក់សាំងប្រឆាំងនឹង កូវីដ-១៩ មុននឹងអាចចូលធ្វើការបាន។ នេះជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោន សម្រាប់ការគ្រប់គ្រងលើការរីករាលដាលនៃមេរោគកូវីដ១៩ តាមរយៈការបង្កើនចំនួនអ្នកចាក់វ៉ាក់សាំងឲ្យបានច្រើន និងឆាប់រហ័ស នៅគ្រាដែលពិភពលោកកំពុងបារម្ភកាន់តែខ្លាំងនៅការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន
ដោយ

ចៅក្រម​អា​មេ​រិ​ក​លោក ធឺ​រី ដូ​ទី (Terry Doughty) នៅ​ទីក្រុង​ម៉ុ​ន​រ៉ូ (Monroe) រដ្ឋ លូ​វី​ហ្សី​អាន​ណា (Louisiana) បាន​រារាំង​ការ​អនុវត្ត​គោលនយោបាយ​វ៉ាក់សាំង របស់​រដ្ឋបាល​លោក​ចូ បៃ​ឌិន ជា​បណ្ដោះអាសន្ន សម្រាប់​បុគ្គលិក​សុខាភិបាល រហូត​ដល់​តុលាការ​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​តាម​ផ្លូវច្បាប់​បាន​រួចរាល់​។ គោលនយោបាយ​វ៉ាក់សាំង​នេះ តម្រូវ​ឲ្យ​បុគ្គលិក​សុខាភិបាល​ទាំងអស់ គ្រប់​ផ្នែក​គ្រប់​តួនាទី ត្រូវ​តែ​ទទួលយក​ថ្នាំ​វ៉ាក់សាំង ទោះបី​សហរដ្ឋអាមេរិក​តែង​ប្រកាស​ថា ការ​ទទួលយក​វ៉ាក់សាំង​ជា​រឿង​ស្ម័គ្រចិត្ត​ក្តី​។

ការ​រារាំង​នេះ នឹង​ទៅ​គ្រប់​ដណ្តប់​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក​តែ​ម្តង​ចាប់ពី​ពេល​នេះ​តទៅ លើកលែងតែ​រដ្ឋ​ចំនួន​១០​ប៉ុណ្ណោះ ដោយហេតុ​ថា​រដ្ឋ​ទាំង​១០​នោះ​បាន ផ្អាក​ការ​អនុវត្ត​បម្រាម​ខាងលើ​ពី​ពេល​កន្លង​មក​រួច​ហើយ​។

ចៅក្រម​អា​មេ​រិ​ក​លោក ធឺ​រី ដូ​ទី បាន​បង្ហាញ​ភាព​ជឿជាក់​លើ​ការ​សម្រេចចិត្ត​រារាំង​គោលនយោបាយ​មួយ​នេះ ដោយ​លោក​បាន​អះអាង​ថា ការ​កំណត់​បម្រាម ឬ​វិធានការ​នានា​នៅ​អា​មេ​រិ​ក គួរតែ​ត្រូវ​បាន​សម្រេច​ពី​រដ្ឋសភា មិនមែន​ចេញពី​រដ្ឋាភិបាល​តែ​ឯកឯង​នោះ​ទេ​។

ដោយឡែក ចៅក្រម​មួយ​រូប​ទៀត​មក​ពី​រដ្ឋ ខេន​ថា​ក់​គី (Kentucky) បាន​សម្រេច​បិទ​ខ្ទប់​ការ​អនុវត្ត​វិធានការ​ថ្មី​មួយ​របស់​ក្រុង​វ៉ា​ស៊ី​តោន​ដូច​គ្នា​ដែរ​។ ចៅក្រម​រូប​នេះ បាន​រារាំង​ក្រុមហ៊ុន​រដ្ឋ​និង​ឯកជន ពី​ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​កិច្ចសន្យាការងារ​ថ្មី ដែល​មាន​រួម​បញ្ចូល មាត្រា​ដែល​តម្រូវ​ឱ្យ​បុគ្គលិក ទទួល​ថ្នាំ​បង្ការ​កូ​វី​ដ​១៩​ផង​ដែរ​។

សេត​វិមាន​អា​មេ​រិ​កបាន​បដិសេធ​ក្នុង​ការ​ឆ្លើយ​តប ពេល​សារព័ត៌មាន​រ៉​យ​ទ័​រ​ព្យាយាម​សុំ​ប្រតិកម្ម​ជុំវិញ​ការ​រារាំង​លើ​គោលនយោបាយ​ទាំង​ពីរ​ខាងលើ​នេះ​។

គួរ​កត់​សម្គាល់ថា ការ​រារាំង​គោលនយោបាយ​វ៉ាក់សាំង​របស់​លោក​ប្រធានាធិបតី ចូ បៃ​ឌិន កើតឡើង​ស្រប​ពេល​កំពុង​មានការ​ព្រួយបារម្ភ​ថា​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង អាច​បង្ក​ឱ្យ​មាន​រលក​ឆ្លង​ថ្មី និង​អាច​ឈាន​ទៅ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ និង​សកម្មភាព​សេដ្ឋកិច្ច​នៅ​អា​មេ​រិ​ក និង​នៅ​ទូ​ទាំង​ពិភពលោក​។

សូម​ជម្រាប​ថា គោលនយោបាយ​វ៉ាក់សាំង​ទាំង​ពីរ​ខាងលើ ត្រូវ​បាន​រដ្ឋាភិបាល​អា​មេ​រិ​ក​ដាក់​ចេញ​នៅ​ក្នុង​ខែកញ្ញា​ឆ្នាំ​នេះ ដើម្បី​បង្កើន​អត្រា​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ពេញវ័យ​ឲ្យ​បាន​លើស ៧០%​។ ប៉ុន្តែ​គោលនយោបាយ​ទាំងនេះ បាន​រង​ការ​រិះគន់ និង​ប្តឹង​ប្រឆាំង​ពី​មជ្ឈដ្ឋាន​ជាតិ​ជា​ច្រើន រួម​មាន អ្នកនយោបាយ​មក​ពី​គណបក្ស​សាធារណៈរដ្ឋ ក្រុម​អ្នក​អភិរក្សនិយម និង​ក្រុមហ៊ុន​ឯកជន​នានា​ផង​ដែរ ដោយ​ពួក​គេ​ចាត់​ទុក ថា​ជា​ការ​បង្ខិតបង្ខំ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ស្នើឲ្យជប៉ុនបន្តជំរុញវិនិយោគិនខ្លួនមកវិនិយោគនៅកម្ពុជា និងបើកជើងហោះហើរឡើងវិញ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឲ្យថ្នាក់ដឹកនាំជប៉ុន បន្តជំរុញវិនិយោគិនខ្លួនឲ្យមកសំឡឹងរកឱកាសនិងបោះទុនវិនិយោគនៅកម្ពុជាឲ្យ…

បើរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង ថៃនឹងកំពុងពិចារណាអំពីជម្រើសក្នុងការបិទខ្ទប់ប្រទេស

ព័ត៌មាន
ថៃទើបតែទទួលបានផ្លែផ្កាពីការរបើកប្រទេសទទួលទេសចរអន្តរជាតិបាន ១ ខែប៉ុណ្ណោះ ប៉ុន្តែពេលនេះ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចារ បានបង្ហើបឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ