វិស័យមូលបត្រឆ្នាំ២០២០

ផ្សារមូលបត្រកម្ពុជា រំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មី យ៉ាងតិចណាស់ ៧ស្ថាប័ន ក្នុងឆ្នាំ ២០២០


ស្របពេលដែលឆ្នាំ ២០១៩ ជាឆ្នាំដ៏អស្ចារ្យសម្រាប់ វិស័យមូលបត្រកម្ពុជា ដែលបានបំបែកកំណត់ត្រាជាច្រើននោះ នៅក្នុងឆ្នាំ ២០២០នេះ អ្នកជំនាញនៅក្នុងវិស័យមូលបត្រ នៅតែបន្តអះអាងថា វិស័យនេះនឹងបន្តមានការកើនឡើងក្នុងកម្រិតខ្ពស់ដដែល ជាពិសេស ផ្សារមូលបត្រកម្ពុជា ក៏រំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មី យ៉ាងហោចណាស់ ៧ក្រុមហ៊ុនទៀត ដែលធ្វើឲ្យវិស័យមូលបត្រកាន់តែអ៊ូអរ និងទាក់ទាញ។
អ្នកចូលរួមចុះឈ្មោះបើកគណនី​ដើម្បីទិញភាគហ៊ុន​អេស៊ីលីដា

ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃ​ក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជា បានបញ្ជាក់​ឲ្យដឹងថា មានក្រុមហ៊ុនថ្មីៗ​ជាច្រើន បានបង្ហាញពី​ចំណាប់​អារម្មណ៍ចុះបញ្ជី​នៅលើ​ផ្សារមូលបត្រ​កម្ពុជា នៅក្នុងឆ្នាំ ២០២០នេះ ហើយផ្សារមូលបត្រ រំពឹងនឹងអាចទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជីថ្មី យ៉ាងហោចណាស់ ៧ស្ថាប័ន ក្នុងនោះ មាន ៤ស្ថាប័ន​ចាប់អារម្មណ៍លើ​ការបោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ ឬភាគហ៊ុន និង ៣ស្ថាប័នទៀត ចាប់អារម្មណ៍​លើ​មូលបត្របំណុល។

បើយើងគិតត្រឹមដំណាច់ឆ្នាំ ២០១៩កន្លងទៅ វិស័យ​មូលបត្រកម្ពុជា មាន ក្រុមហ៊ុន​ចុះបញ្ជី​សរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជី​ជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជី​ជាសញ្ញាបណ្ណ ហើយក្រុមហ៊ុន​ទាំង ៨ បានប្រមូល​ទុនពី ផ្សារមូលបត្រ​សរុបជាង ១៦០លាន​ដុល្លារអាមេរិក។

ឯកឧត្តម ហុង សុហួរ បន្ថែមថា នៅក្នុងឆ្នាំ ២០១៩ ផ្សារមូលបត្រ​កម្ពុជា សម្រេចបាននូវ ភាព​រីកចម្រើនខ្លាំង គួរឲ្យកត់​សម្គាល់ ទាំងសកម្ម​ភាពជួញដូរ​មានកាន់តែច្រើន ចំនួនវិនិយោគិន ក៏បន្តកើនឡើង​ដល់ជាង ២,២ម៉ឺននាក់ ជាពិសេសគឺ បានបំបែក​កំណត់​ត្រាធំៗជាងច្រើន ដូចជា ទំហំមូល​ធនទីផ្សារ ឬហៅថា មូលធនូបនីយកម្ម​ទីផ្សារ កើនឡើងជាង ៥៨ភាគរយ ពីប្រមាណ ៤៤០លាន​ដុល្លារ ដល់ជាង ៧០០លានដុល្លារអាមេរិក ដោយសារតែវិនិយោគិន បានចាប់ផ្តើម​មានសុទិដ្ឋិនិយម​មកកាន់ទីផ្សារ។

បើតាមទិន្នន័យចុងក្រោយពី ក្រុមហ៊ុនផ្សារមូលបត្រ​កម្ពុជា បានឲ្យដឹងថា ទំហំនៃការជួញ​ដូរ​គិតជាមធ្យម​ក្នុងឆ្នាំ ២០១៩ មានតម្លៃទឹកប្រាក់រហូត ១៥ម៉ឺនដុល្លារ​អាមេរិក​ក្នុងមួយថ្ងៃ ធៀបនឹងឆ្នាំមុន​ទំហំទឹកប្រាក់​នៃការជួញដូរ​ក្នុងមួយថ្ងៃ​បានត្រឹម​ប្រមាណ ២ម៉ឺនដុល្លារអាមេរិក។

លោក ហា ចុង វ៉ុន (HA Jong Weon) អគ្គនាយករងនៃ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើង​ដែរថា បើទោះបីជា វិស័យមូលបត្រ​នៅកម្ពុជា មានសញ្ញាល្អក្នុងឆ្នាំ ២០១៩ ក៏លោកនៅ​តែរំពឹងថា នឹងទទួលបានការ​គាំទ្រ​បន្ថែមពី សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការជួយជំរុញ វិស័យឯកជន ដូចជា ធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន​ធានារ៉ាប់រង ព្រមទាំងជំរុញ ក្រុមហ៊ុន​ស្តង់ដារធំៗ កំពូលៗ ឈានមុខគេ​នៅកម្ពុជា​ឲ្យចូលរួមក្នុង​ផ្សារមូលបត្រ​កម្ពុជា។

គួរជម្រាបដែរថា សម្រាប់ឆ្នាំ ២០២០នេះ ក្រុមហ៊ុនផ្សារ​មូលបត្រ​កម្ពុជា ប្តេជ្ញាវិវឌ្ឍន៍ខ្លួន​ទៅជា ចលករដ៏សំខាន់ ក្នុងចរន្តសេដ្ឋកិច្ច​ជាតិ តាមរយៈការពាំនាំ​ក្រុមហ៊ុន​សក្តានុពល និងមានតម្លាភាព ឲ្យចុះបញ្ជីកាន់​តែច្រើន ដែលនឹងបង្ក​ភាពងាយស្រួល​ដល់​ការកៀងគរ​ទុនដែលនៅ​ទំនេរ សម្រាប់ការវិនិយោគ​របស់​ក្រុមហ៊ុន​សហគ្រាស ដើម្បីជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា និងវីង ចាប់ដៃគ្នាពង្រីកវិសាលភាពសេវាផ្ទេរប្រាក់នៅកម្ពុជា

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេ និងនាំមុខគេមួយនៅកម្ពុជា បានសម្រេចចាប់ដៃគូជាមួយនឹងធនាគារឯកទេសវីង ដើម្បីផ្ដល់សេវាផ្ទេរប្រាក…

កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងរវាងអាមេរិក និងចិន ត្រូវបានសម្រេច តែសង្គ្រាមមិនទាន់បញ្ចប់

ព័ត៌មាន
ក្រោយពីជម្លោះពាណិជ្ជកម្មរវាង អាមេរិក និងចិន អូសបន្លាយជិត ២ឆ្នាំមកហើយនោះ នៅចុងក្រោយនេះ កិច្ចព្រមព្រៀងដំណាក់កាលទី ១ ត្រូវបានសម្រេច និងចុះហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ