មេ Twitter ថ្មី នឹងកាត់បន្ថយបុគ្គលិកជាផ្លូវការ

ក្រោយទិញTwitter លោក Elon Musk ប្រកាសកាត់បន្ថយបុគ្គលិក និងការចំណាយនានារហូតដល់តម្លៃ ១ពាន់លានដុល្លារ


ម្ចាស់ក្រុមហ៊ុន Twitter ថ្មី លោក Elon Musk នឹងជូនដំណឹងទៅបុគ្គលិកផ្ទាល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថាតើពួកគេនឹងត្រូវបន្ត ឬបញ្ឈប់ពីការងារក្នុងក្រុមហ៊ុនបណ្តាញសង្គមនេះ ខណៈដែលក្រុមហ៊ុនកំពុងព្យាយាមកាត់បន្ថយការចំណាយឲ្យបានយ៉ាងហោចណាស់ ១ពាន់លានដុល្លារ។ ការធ្វើបែបនេះ ត្រូវបានម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter អះអាងថា គឺជាវិធានការដ៏ចាំបាច់ដើម្បីស្រោចស្រង់ក្រុមហ៊ុនពីការខាតបង់ជាបន្ដបន្ទាប់នោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
មេ Twitter ថ្មី នឹងកាត់បន្ថយបុគ្គលិកជាផ្លូវការ និងរឹតត្បិតការចំណាយ

ក្រុមហ៊ុន Twitter បាន​ប្រកាស​តាមរយៈសារអ៊ីមែល​មួយ​ផ្ញើទៅគ្រប់បុគ្គលិក​​ទាំងអស់​ អំពីការជូនដំណឹង​ពី​ការកាត់បន្ថយ​បុគ្គលិក នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ដែលក្រុមហ៊ុន​​បានពន្យល់ថា វាជាដំណើរការ​ដ៏ពិបាក និង​ជាកិច្ចខិតខំ​ប្រឹងប្រែង​មួយ ​​ដើម្បី​ជួយបន្តដង្ហើមរបស់ក្រុមហ៊ុន។

ជាមួយគ្នានេះ Twitter ក៏នឹង​បិទ​ការិយាល័យ និងច្រកចេញចូលទាំងអស់​​របស់​ខ្លួន ដើម្បីធានាដល់សុវត្ថិភាពដល់គ្រប់បុគ្គលិក​ ព្រមទាំង​ប្រព័ន្ធ Twitter និង​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់។

បុគ្គលិក​២រូប បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា ​បន្ទាប់ពី​សារអ៊ីមែល​នេះ ត្រូវបាន​ផ្ញើ​ចូលដល់​ប្រអប់សារបុគ្គលិកភ្លាម មនុស្ស​រាប់រយនាក់​បាន​​ចូលបង្ហោះ​យ៉ាងគគ្រឹកគ​គ្រេងក្នុង​ឆាណែល​ Slack របស់​ក្រុមហ៊ុននូវពាក្យថា «លាហើយ»។

ទន្ទឹមនឹង​នេះដែរ មហាសេដ្ឋី លោក Elon Musk ក៏បាន​ណែនាំ​ផ្ទាល់ទៅ​ក្រុមការងារ​ ឱ្យ​ព្យាយាម​សន្សំ​សំចៃការចំណាយឲ្យបាល់ដល់ ១ពាន់លានដុល្លារ ពោលគឺ​ធ្វើយ៉ាង​ណាត្រូវរឹតត្បិតការចំណាយ​ប្រចាំឆ្នាំ​​លើ​ហេដ្ឋារចនាសម្ព័ន្ធរបស់​ក្រុមហ៊ុន​ដែលមិនចាំបាច់។

បើតាម​សាររបស់​​ក្រុមហ៊ុនដដែល​នេះ បាន​លើកឡើង​ពីគោលបំណង​របស់​ក្រុមហ៊ុន​​ក្នុងការ​សន្សំសំចៃពី ១ លាន ៥សែនដុល្លារ ទៅ ៣លានដុល្លារក្នុងមួយថ្ងៃ ពី ប្រព័ន្ធផ្ទុក Servers និង​ សេវា Cloud។ ប៉ុន្តែ​ការរឹតត្បិតបែបនេះ អាចនឹង​ធ្វើឱ្យ Twitter កាន់តែ​​រអិល​ធ្លាក់ចុះជាងនេះទៀត ព្រោះ​នឹង​​ប៉ះពាល់​ដល់​​ការបង្ហោះ​ និងការចែករំលែក​ព័ត៌មាន​ផ្សេងៗរបស់​អ្នកប្រើប្រាស់ ក្នុងអំឡុង​​​ការបោះឆ្នោតពាក់កណ្តាលអាណត្តិ​របស់​​អាមេរិកនាប៉ុន្មានថ្ងៃ​ខាងមុខនេះ។

ឯកសារផ្ទៃក្នុងរបស់ Twitter ត្រូវបាន​ទម្លាយ​​ឱ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ បាន​ខាតប្រហែល ៣លានដុល្លារ​ក្នុង១ថ្ងៃ។

សូម​ជម្រាប​ដែរថា ក្រោយ​​ការទិញ Twitter ក្នុងទឹកប្រាក់ ៤៤ពាន់លានដុល្លារ របស់លោក Elon Musk កាលពីសប្តាហ៍មុន បាន​ធ្វើឱ្យ​ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី​មានជាងគេបំផុតរបស់ពិភពលោកមួយនេះ បានធ្លាក់ចុះអស់ ៩ពាន់លានដុល្លារហើយគិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា។

លោក Elon Musk ពេលនេះត្រូវប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Twitter ដែលបរាជ័យក្នុងការរកប្រាក់ចំណេញប្រចាំឆ្នាំ ក្នុងប៉ុន្មានឆ្នាំក្រោយចុងក្រោយនេះ។ ប្រាក់ចំណូល ៩០% របស់ Twitter គឺបានមកពីការផ្សាយពាណិជ្ជកម្ម ដែលវាសុទ្ធតែបានធ្លាក់ចុះ​ផងដែរនៅតាមបណ្តាញ​សង្គមផ្សេងៗ។ ដើម្បីស្តារស្ថានភាពបាន​ខ្លះ​ឡើងវិញ លោក Elon Musk នឹងគិតថ្លៃ ៨ដុល្លារពីអ្នកប្រើប្រាស់ ដើម្បីទទួល​បានការបញ្ជាក់គណនីផ្លូវការរបស់ពួកគេផងដែរ៕

អត្ថបទ៖ នៅ​ សំភី




អត្ថបទបន្ទាប់


ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោល ០,៧៥%បន្ថែមទៀត ប៉ុន្ដែការដំឡើងលើកក្រោយអាចទាបជាងមុន

ព័ត៌មាន
ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធទី០២វិច្ឆិកា បានប្រកាសដំឡើងអត្រាការប្រាក់គោលជាថ្មីម្តងទៀត ក្នុងអត្រា០,៧៥% ដោយបានគូសបង្ហាញថា នេះជាវិធីសាស្…

G7 និងអូស្ត្រាលី រួមគ្នាកំណត់តម្លៃប្រេងរុស្ស៊ី ខណៈតម្លៃជាក់លាក់គ្រោងដាក់ចេញក្នុងខែវិច្ឆិកា

ព័ត៌មាន
ប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតទាំង៧ ឬហៅកាត់ថា G7 អូសទាញបានអូស្រ្តាលីមួយទៀត ដើម្បីចូលរួមជាមួយប្លុកនេះ ក្នុងការកំណត់តម្លៃថេរមួយសម្រាប់ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ