ចក្រនៅតំបន់អាស៊ីអាគ្នេយ៍ចាប់ផ្ដើមសកម្មភាពសកម្ម!

ចក្រនៅតំបន់អាស៊ីអាគ្នេយ៍ចាប់ផ្ដើមសកម្មភាពសកម្មជាងមុន ក្រោយប្រទេសចិនបើកចំហរទ្វារប្រទេសឡើងវិញ


រោងចក្រផលិតនៅតំបន់អាស៊ី កំពុងមានស្ថានភាពប្រសើរឡើងជាបណ្ដើរៗហើយ នៅដើមឆ្នាំ២០២៣ នៅគ្រាដែលតំបន់នេះ កាន់តែមានភាពសុទ្ធិដ្ឋិនិយមថា ក្រោយពីប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកបានបើកទ្វារប្រទេសឲ្យមានការធ្វើដំណើរដោយសេរីឡើងវិញនោះ នឹងជួយប៉ះប៉ូវដល់ទស្សនវិស័យ ដែលអាប់អួររបស់ពិភពលោកឡើងវិញ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Bloomberg ដែលបានផ្អែកទៅលើទិន្នន័យពីស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច S &P Global ក៏ដូចជាទស្សនៈរបស់សេដ្ឋវិទូមួយចំនួនផងដែរ។
ចក្រនៅតំបន់អាស៊ីអាគ្នេយ៍ចាប់ផ្ដើមសកម្មភាពសកម្មជាងមុន ក្រោយប្រទេសចិនបើកចំហរទ្វារប្រទេសឡើងវិញ

យោងតាមទិន្នន័យពីស្ថាប័ន S&P Global សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMIs) នៅក្នុងវិស័យផលិត ដែលបានចេញផ្សាយកាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញថា រោងចក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្កើនផលិតកម្ម និងការបញ្ជាទិញរបស់ខ្លួននៅក្នុងខែមករាកន្លងទៅ ស្របពេលដែលមានការបញ្ជាទិញផលិតផលពីរោងចក្រទាំងនោះមានកំណើនឡើងវិញ។ កត្តានេះ ក៏បានបង្ហាញពីសញ្ញាថា តម្លៃទំនិញក៏នឹងមានការថមថយចុះទៅវិញខ្លះដែរ និងការរំខានខ្សែចង្វាក់ផ្គត់ផ្គង់ក៏កំពុងមានការកាត់បន្ថយ ដែលទាំងអស់នេះ នឹងធ្វើឲ្យមានទំនុកចិត្តក្នុងការធ្វើពាណិជ្ជកម្ម សម្រាប់ទិន្នផលរោងចក្រនៅរយៈពេល ១២ខែខាងមុខនេះ។

ក្នុងចំណោមរោងចក្រនៃតំបន់អាស៊ីអាគ្នេយ៍ សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMIs) នៅក្នុងប្រទេសថៃ កាលពីខែមករា គឺមានតួលេខខ្ពស់ជាងគេ ពោលគឺមានដល់កម្រិត ៥៤,៥ ពិន្ទុ កើនឡើងពី ៥២,៥ ពិន្ទុ កាលពីខែធ្នូឆ្នាំមុន។ សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ នៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីវិញ មានដល់កម្រិតលើស ៥០ ពិន្ទុ ដែលជាសញ្ញាបង្ហាញពីការកើនឡើងខ្ពស់ជាងមុនផងដែរ។ ដោយឡែក ប្រទេសម៉ាឡេស៊ី គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់ ដែលមានស្ថានភាពសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញកាន់តែអាក្រក់ទៅ ដោយបានធ្លាក់មកនៅត្រឹម ៤៦,៥ ពិន្ទុ ជាកម្រិតទាបបំផុតក្នុងរយៈពេល១៧ខែមកនេះ។

សេដ្ឋវិទូនៃស្ថាប័ន S&P Global Market Intelligence លោកស្រី Maryam Baluch បាននិយាយថា ជាមួយនឹងការបន្ធូរបន្ថយសម្ពាធផ្នែកផ្គត់ផ្គង់ និងអត្រាអតិផរណានៅក្រោមកម្រិតមធ្យមនៅក្រោយជំងឺរាតត្បាតកូវីដ១៩នៃប្រទេសនីមួយៗ នោះវានឹងអាចគាំទ្រដល់ការកែលម្អបន្ថែមទៀតនៅក្នុងលក្ខខណ្ឌអាជីវកម្មសម្រាប់ប៉ុន្មានខែទៅមុខ។ សេដ្ឋវិទូរូបនេះ គូសបញ្ជាក់ទៀតថា វាមានសារៈសំខាន់ណាស់ ដែលលក្ខខណ្ឌតម្រូវការមានការបន្ដងើបឡើងវិញ និងអាចគាំទ្រដល់សម្ទុះកំណើននៅឆ្នាំ២០២៣។

យ៉ាងណាក៏ដោយចុះ តាមរបាយការណ៍ដដែលនេះ សម្រាប់សកម្មភាពនៅរោងចក្រនៃតំបន់អាស៊ីខាងជើងនៅតែមានភាពចម្រុះពិបាកប៉ាន់ស្មាន ពោលគឺ សម្រាប់សន្ទស្សន៍ PMI នៅរោងចក្រផលិតរបស់កូរ៉េខាងត្បូង បានប្រសើរឡើងតិចតួចប៉ុណ្ណោះមកដល់ត្រឹមកម្រិត ៤៨,៥ពិន្ទុ ជប៉ុនវិញមាន ៤៨,៩ពិន្ទុ។

ទិន្នន័យដែលបង្ហាញទាំងអស់នេះ ក៏បានបង្ហាញនូវទិដ្ឋភាពកាន់តែច្បាស់អំពីរបៀបដែលទស្សនវិស័យតម្រូវការសកលកំពុងជះឥទ្ធិពលដល់ក្បាលម៉ាស៊ីនពាណិជ្ជកម្មសំខាន់ៗមួយចំនួនរបស់ពិភពលោក។ ជាមួយគ្នានេះ ស្ថាប័នរូបិយវត្ថុអន្តរជាតិនៅចុងក្រោយនេះ ក៏បានរំឭកឡើងវិញផងដែរ អំពីគោលនយោបាយរូបិយវត្ថុតឹងរ៉ឹង ដែលនឹងបន្ដដាក់ចេញដោយធនាគារកណ្ដាលនៃប្រទេសធំៗមួយចំនួន និងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងបន្ដដាក់ទម្ងន់ទៅលើសកម្មភាពសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ។

ជាក់ស្ដែង ធនាគារកណ្ដាលអាមេរិកថ្មីៗនេះ ក៏បានបង្ហើបពីផែនការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅដើមឆ្នាំ២០២៣ ដើម្បីទប់ទល់នឹងអតិផរណាផងដែរ បើទោះបីជាការដំឡើងនេះមានតិចតួចក្ដី ប៉ុន្ដែវាអាចនឹងមានធ្វើឡើងជាបន្តបន្ទាប់៕




អត្ថបទបន្ទាប់


ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោលបន្ថែម ០,២៥% និងថាអាចនឹងមានជាបន្ដបន្ទាប់ទៀត

ព័ត៌មាន
ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី ០១ ខែកុម្ភៈ បានសម្រេចដំឡើងអត្រាការប្រាក់គោលក្នុងអត្រា ០,២៥% បន្ថែមទៀត ដើម្បីរក្សាការដាក់សម្ពាធដល់ក…

រូបិយវត្ថុ Crypto ៣,៨ពាន់លានដុល្លារ ត្រូវបានចោរលួចកាលពីឆ្នាំ២០២២ ខណៈកូរ៉េខាងជើងជាប់សង្ស័យខ្លាំងជាងគេ

ព័ត៌មាន
រូបិយវត្ថុឌីជីថល ឬហៅថា Crypto ត្រូវបានក្រុមចោរបច្ចេកវិទ្យាលួចយកបាននៅក្នុងទំហំទឹកប្រាក់ ៣ពាន់៨រយលានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ខណៈកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ