កត្តាជំរុញឲ្យវិនិយោគិនបរទេសបានដកភាគហ៊ុនចេញពីចិន

កត្តាអ្វីជំរុញឲ្យវិនិយោគិនបរទេសបានដកភាគហ៊ុនចេញពីចិនច្រើនឡើងនៅខែឧសភា?


ការលក់ភាគហ៊ុនរបស់ក្រុមវិនិយោគិនបរទេសនៅក្នុងខែឧសភាមានសម្ទុះកើនឡើង នៅពេលដែលតម្រូវការក្នុងស្រុកខ្សោយ និងការប្រឈមមុខនឹងប្រាក់ចំណូលសាជីវកម្មទាប បាននាំទៅដល់ការធ្លាក់ចុះយ៉ាងខ្លាំងក្នុងទីផ្សារភាគហ៊ុននៅចិនដីគោក និងនៅទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
កត្តាជំរុញឲ្យវិនិយោគិនបរទេសបានដកភាគហ៊ុនចេញពីចិន

ទិន្នន័យរបស់ក្រុម​ហ៊ុន​ Refinitiv បាន​​បង្ហាញថា ជនបរទេស​បានលក់​ភាគហ៊ុន​នៅ​ចិន​ដីគោក​ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត ២ ពាន់​លាន​ដុល្លារនៅ​ក្នុងខែឧសភា បន្ទាប់ពី​លក់បានប្រមាណ ៦៥៩ លាន​ដុល្លារនៅ​ក្នុងខែមេសា។ ការលក់ភាគហ៊ុន​របស់ជនបរទេសនេះ ធ្វើឡើង​​តាមរយៈ​ផ្សារ​ហ៊ុន​ Stock Connect ដែលជាការជួញដូរឆ្លងដែនដ៏សំខាន់​មួយ​រវាងផ្សារហ៊ុនចិនដីគោក និង​ផ្សារ​ហ៊ុន​ក្រុង​ហុងកុង​ ។​

ការលក់ភាគ​ហ៊ុន​ចេញ​ពី​ចិនកាន់​តែ​ច្រើន​ឡើង​​នេះ បាន​បង្ហាញពីការផ្លាស់​ប្ដូរថយក្រោយ​សន្សឺមៗ​នៃ​ការវិនិយោគដែលមាន​​សន្ទុះ​ខ្លាំង​ក្នុង​ទឹក​ប្រាក់​​​សរុប​ជិត​ ២១ ពាន់​លានដុល្លារក្នុងខែមករា​ ឆ្នាំ២០២៣។ ពេលនោះ​​ ប្រទេស​ចិនបាន​បើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីការរឹតបន្តឹងរយៈពេល ៣ ឆ្នាំ ដោយ​សារ​ជំងឺ​កូវីដ។ ការបើកប្រទេសចិនឡើងវិញបាន​ជំរុញឱ្យមានរលក​នៃ​ការរំពឹងទុកយ៉ាង​ខ្លាំង​សម្រាប់​កំណើន​។

ក្តីសង្ឃឹមនោះ​បាន​រលាយ​អស់​​នៅពេល​​តម្រូវការទាំង​ក្នុងស្រុក​ ទាំងក្រៅស្រុក ​បាន​ធ្លាក់​ចុះ ហើយ​ការងើបឡើងវិញនៃសេដ្ឋកិច្ចមិនមាន​សន្ទុះ​ស្មើ​គ្នា​។​ ​ទិន្នន័យពីការិយាល័យស្ថិតិជាតិ​បាន​បង្ហាញ​ថា​ ប្រាក់ចំណេញនៅតាម​ក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេល​ ៤ ខែដំបូង​​នៃ​ឆ្នាំនេះ។

ទោះបីជាមានរំហូរចេញនៅក្នុងខែកុម្ភៈ ខែ​មេសា និងខែ​ឧសភា​ក៏ដោយ ​ក៏​ការទិញដោយជន​បរ​ទេស​នូវ​​ភាគហ៊ុនចិន​ដីគោកនៅតែមានចំនួនជាង​ ២៥ ពាន់​លានដុល្លារ​ សម្រាប់​រយៈ​ពេល​ ៥ ខែដំបូងនៃឆ្នាំនេះ បើ​ធៀបនឹងការទិញភាគ​ហ៊ុនតម្លៃប្រហែលជាង ៦ ពាន់​​លាន​ដុល្លារ ​ពីសំណាក់ជន​បរ​ទេស​ ក្នុង​រយៈ​ពេល​​ពេញ​មួយ​ឆ្នាំ​២០២២។

លោកស្រី​ ព្រូកសា​ អៀម​ថុងថុង (Pruksa Iamthongthong)​ នាយិកាវិនិយោគជាន់ខ្ពស់នៅ​ផ្សារ​ហ៊ុនអាស៊ី​បាននិយាយថា ទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់ និងអ្នកវិនិយោគអាជីវកម្ម មិនស្ទុះងើបឡើងវិញលឿនដូចដែលទីផ្សារបានរំពឹងទុកនោះទេ។ លោកស្រី​បាន​បន្ថែម​ថា ​សេដ្ឋកិច្ចនឹងត្រូវការពេលវេលាដើម្បីងើបឡើងវិ​ញ​ ហើយពួកគេ​នឹង​ឃើញ​​ពេល​វេលានៃការ​គេចចេញ​ពី​​​​ហានិភ័យនៅ​ក្នុងរយៈពេលខ្លី​ ជាការឆ្លើយតប​ទៅនឹង​ហានិភ័យ​ជុំវិញការថយចុះសកម្មភាពសេដ្ឋកិច្ចនៅចំពោះមុខលទ្ធភាពដែលថាឱនភាព​សេដ្ឋកិច្ចស​កលអាចកើតមាន​៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេស BRICS បង្ហាញភាពរឹងមាំនៃប្លុកនេះ ខណៈដីកាចាប់ខ្លួនលោក ពូទីន កាន់តែខិតជិតមកដល់

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសកំពុងអភិវឌ្ឍទាំង៥ (BRICS) កាលពីថ្ងៃព្រហស្បតិ៍បានអះអាងជាថ្មីអំពីមហិច្ឆិតារបស់ក្រុមនេះ ក្នុងការប្រកួតប្រជែងជា…

លោកបៃដិននិយាយថា G-7 គួរតែទាក់ទងជាមួយចិនដោយផ្អែកលើ«គោលការណ៍ណាដែលស្របគ្នា»

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រទេសប្រជាធិបតេយ្យឧស្សាហកម្មធំៗចំនួនប្រាំពីរ ឬ G7 គួរតែចូលរួមធ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ